បើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ ការប្រមូលផ្តុំតវ៉ាដ៏ក្តៅគគុកត្រូវបានធ្វើឡើងនៅរង្វង់មូលអនុស្សាវរីយ៍ប្រជាធិបតេយ្យកណ្តាលទីក្រុងបាងកក ចាប់ពីម៉ោង៣រសៀលតទៅ ក្រោមការរៀបចំរបស់បណ្តាញយុវជនដើម្បីលទ្ធិប្រជាធិបតេយ្យ និងក្រុមយុវជនថៃសេរី។ ទន្ទឹមនេះ សកម្មជនជើងចាស់ដែលធ្លាប់ដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០២០ ក៏បានចេញមុខគាំទ្រយ៉ាងពេញទំហឹងនៅលើបណ្តាញសង្គមផងដែរ។ យុទ្ធនាការប្រឆាំងរដ្ឋាភិបាលលោក អានុទីន លើកនេះ ត្រូវបានបំផុសឡើងក្រោមពាក្យស្លោកថា «ចេញពីសាលាហើយទៅជួបជុំគ្នានៅរង្វង់មូលអនុស្សាវរីយ៍ប្រជាធិបតេយ្យ» ក្នុងគោលបំណងដាស់ស្មារតីយុវជនជំនាន់ Gen Z ឱ្យក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលថ្មី និងតភ្ជាប់ចរន្តតស៊ូរបស់និស្សិតកាលពីអតីតកាលឡើងវិញ។
អ្វីដែលកាន់តែចាប់អារម្មណ៍ ក្រុមអ្នករៀបចំបានដាក់ឈ្មោះយុទ្ធនាការថ្ងៃទី២០ ខែវិច្ឆិកា នេះថា «ថ្ងៃដែលឆ្មាត្រូវចេញដេញចាប់កណ្តុរ»។ ពាក្យថា កណ្តុរគឺសំដៅចំៗទៅលើឈ្មោះហៅក្រៅរបស់នាយករដ្ឋមន្ត្រី អានុទីន ដែលភាសាថៃហៅថា «នូ (Nu)» ប្រែថា «កណ្តុរ»។ ដើម្បីបង្ហាញនិមិត្តរូបប្រឆាំង ក្រុមអ្នករៀបចំបានអំពាវនាវឱ្យអ្នកចូលរួមពាក់ស្រោមមុខ ឬពាក់ត្រចៀកសត្វឆ្មាមកជួបជុំគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏មុតស្រួចតាមបណ្តាញសង្គម បណ្តាញយុវជនដើម្បីលទ្ធិប្រជាធិបតេយ្យបានសង្កត់ធ្ងន់ថា ប្រទេសនេះមិនមែនជាទីលានលេងល្បែងកម្សាន្តសម្រាប់មេដឹកនាំនយោបាយណាម្នាក់ឡើយ ហើយពលរដ្ឋថៃ ក៏មិនគួរអត់ឱនចំពោះនាយករដ្ឋមន្ត្រីណា ដែលបិទត្រចៀកមិនព្រមស្តាប់សំឡេងរបស់ប្រជាពលរដ្ឋនោះដែរ។
ក្រៅពីការទាមទារទម្លាក់មេដឹកនាំ បាតុកម្មនេះ ក៏នឹងលើកយកបញ្ហាវិសមភាពក្នុងវិស័យអប់រំ សិទ្ធិសេរីភាពនយោបាយ និងក្តីបារម្ភជុំវិញគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលលោក អានុទីន មកវែកញែកជាសាធារណៈផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស