របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីអនាគតនៃការងារ ដែលបានចេញកាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រហែល៦៤%នៃនិយោជកសិង្ហបុរី រំពឹងថា អាជីវកម្មរបស់ពួកគេនឹងរងផលប៉ះពាល់ដោយសារការបែកខ្ញែកនៃភូមិសាស្ត្រសេដ្ឋកិច្ច។ របាយការណ៍ស្ទង់មតិ ដែលធ្វើឡើងលើនិយោជកអន្តរជាតិ ជាង១ពាន់នាក់ នៅក្នុងអាជីវកម្ម៥៥ប្រភេទ ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២៤ បានអះអាងថា ក្តីបារម្ភរបស់និយោជកនៅសិង្ហបុរី គឺទាបជាងការព្រួយបារម្ភរបស់និយោជកនៅកូរ៉េខាងត្បូង តែមួយប៉ុណ្ណោះ។ ក្តីបារម្ភអំពីបញ្ហាប្រឈមនៃការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ចសម្រាប់និយោជកនៅកូរ៉េខាងត្បូង មានរហូតដល់ទៅ៧១% ឯណោះ។
លោក ប្រាយអេន លី (Brian Lee) អ្នកសេដ្ឋវិទូនៅក្រុមហ៊ុន Maybank Securities Singapore បាននិយាយថា ការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ចបានជះផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកលើពាណិជ្ជកម្មដូចជាប្រទេសសិង្ហបុរី ដោយសារសិង្ហបុរីពឹងផ្អែកតែលើទីផ្សារខាងក្រៅ និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។ លោកជឿជាក់ថា វិស័យអាទិភាពមួយចំនួនដូចជាផលិតកម្ម ពាណិជ្ជកម្មលក់ដុំ ការដឹកជញ្ជូន និងភស្តុភារ ក៏អាចងាយរងគ្រោះដោយសារនិន្នាការនេះផងដែរ។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីសម្រាលផលប៉ះពាល់សិង្ហបុរីគួរតែរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននានា ទន្ទឹមនឹងការពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់សេដ្ឋកិច្ចក្នុងតំបន់ និងបន្តធ្វើសមាហរណកម្មអាស៊ានឱ្យកាន់តែស៊ីជម្រៅ ដើម្បីរក្សាភាពធន់នឹងការប្រឈមមុខនឹងការបែកបាក់។ យ៉ាងណាមិញ ដើម្បីបញ្ជៀសចេញពីផលប៉ះពាល់ របាយការណ៍ខាងលើបានជំរុញឲ្យសិង្ហបុរីពង្រឹងការកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ។
អង្គការវេទិកាសេដ្ឋកិច្ចពិភពលោកបានអះអាងថា មកទល់ពេលនេះដើម្បីបញ្ជៀសពីផលប៉ះពាល់នេះ ក្រុមហ៊ុននានានៅសិង្ហបុរីរហូតដល់៩៧% គ្រោងនឹងផ្តល់អាទិភាពដល់ការបង្កើនជំនាញជាយុទ្ធសាស្ត្រដើម្បីជំរុញដំណើរការស្វ័យប្រវត្តិកម្មជាយុទ្ធសាស្រ្ត នៃកម្លាំងការងារសំខាន់ៗដែលខ្លួនរំពឹងទុក៕
ដោយៈ សរ សុជាតិ