ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ នឹងមានជំនួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជាផងដែរ។
យោងតាមកិច្ចប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានឲ្យដឹងថា ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (H.E.Mr.Frank-Walter Steinmeier) និងលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Mrs. Elke Büdenbender ) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងនៅមុន មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងត្រូវទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។
ប្រទេសអាល្លឺម៉ង់ គឺជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតមួយនៃសហភាពអឺរ៉ុប ហើយកន្លងមករដ្ឋាភិបាលប្រទេសនេះ ក៏បានផ្ដល់ជំនួយ និងការគាំទ្រមួយចំនួនសម្រាប់កម្ពុជាផងដែរ ដូចជាការផ្ដល់ជំនួយគាំទ្រលើការសម្អាតមីន និងការងារជួសជុលប្រាសាទបុរាណនៅខេត្តសៀមរាបជាដើម។
ប្រទេសអាល្លឺម៉ង់ ក៏ជាដៃគូពាណិជ្ជកម្មធំមួយដែរសម្រាប់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀត។ ជាក់ស្ដែង តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់នៅឆ្នាំ២០២២ សម្រេចបានជាង ១ពាន់២រយលានដុល្លារ កើនឡើងជាង១៩% ធៀបនឹងឆ្នាំ២០២១ ដោយបានធ្វើឲ្យអាល្លឺម៉ង់ឈរលេខរៀងលំដាប់ទី៨ នៃប្រទេសជាដៃគូពាណិជ្ជកម្មកំពូលទាំង១០របស់កម្ពុជា។ ក្នុងនោះ កម្ពុជានាំចេញទៅអាល្លឺម៉ង់មានមានជាង១ពាន់លានដុល្លារ កើន ២៣% ខណៈនាំចូលពីអាល្លឺម៉ង់មកវិញមានជាង១៦០លានដុល្លារ ធ្លាក់ចុះជិត១%។
គួរជម្រាបថា ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតីអាល្លឺម៉ង់ ក្នុងវ័យ ៦៧ ឆ្នាំ ធ្លាប់មានបទពិសោធន៍ និងឆ្លងកាត់ការបំពេញការងារជាច្រើននៅក្នុងជួររដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ ក្នុងនោះអ្វីដែលគួរឱ្យកត់សម្គាល់នោះ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេស ប្រទេសអាល្លឺម៉ង់ ចំនួន ២ដង គឺអំឡុងឆ្នាំ ២០០៥-២០០៩ និងអំឡុងឆ្នាំ ២០២៣-២០១៧ ផងដែរ។
សូមជម្រាបថា ឯកឧត្តម ហ្វ្រាំង វ៉ល់ធ័រ ឆ្កែនម៉យ័រ ត្រូវបានជ្រើសរើសជាប្រធានាធិបតីទី១២ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៧ សម្រាប់អាណត្តិទី១ និងត្រូវបានជ្រើសរើសជាថ្មីសម្រាប់អាណត្តិទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២៕