វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែជាជម្លោះប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាមហន្តរាយសេដ្ឋកិច្ច ដែលកំពុងគំរាមកំហែងដល់ចរន្តពាណិជ្ជកម្មសកល ដែលមានតម្លៃរហូតដល់ទៅជិត១២ទ្រីលានដុល្លារ។ ភាពតានតឹងនេះបានធ្វើឱ្យអ្នកដំណើររាប់លាននាក់ និងនាវាដឹកជញ្ជូនទំនិញរាប់សិបគ្រឿងត្រូវបានជាប់គាំងនៅកណ្ដាលផ្លូវ បង្កជាភាពចលាចល ដែលមិនធ្លាប់មានពីមុនមក។
បើយោងតាមរបាយការណ៍អាកាសចរណ៍ ជើងហោះហើរយ៉ាងហោចណាស់២ម៉ឺនជើង ដែលហោះចូល និងចេញពីតំបន់មជ្ឈិមបូព៌ាត្រូវបានលុបចោលទាំងស្រុង បន្ទាប់ពីលំហអាកាសនៅលើប្រទេសអ៊ីរ៉ង់ក្លាយជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក។ ក្រុមប្រឹក្សាទេសចរណ៍ និងដឹកជញ្ជូនពិភពលោកបានបញ្ជាក់ថា អ្នកដំណើរជាង១លាននាក់កំពុងជាប់គាំង ដោយបញ្ហានេះបានដុតបំផ្លាញកញ្ចប់ថវិកាក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍អស់ប្រមាណជិត១២ទ្រីលានដុល្លារ។
លោក ហេនរី ហាធឺវេល (Henry Harteveldt) អ្នកជំនាញផ្នែកអាកាសចរណ៍ និងជាស្ថាបនិកក្រុមហ៊ុន Atmosphere Research Group បានលើកឡើងថា ពិភពលោកកំពុងជួបប្រទះនឹងភាពចលាចលកម្រិតធ្ងន់ទាំងផ្លូវអាកាស និងផ្លូវទឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះ គឺនាវាដឹកជញ្ជូនអន្តរជាតិ លើកលែងតែរបស់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កំពុងក្លាយជាចំណាប់ខ្មាំង នៃភូមិសាស្ត្រនយោបាយ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
នៅពេលនេះមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកដូចជាទីក្រុងឌូបៃ និងបុរីសំខាន់ៗដទៃទៀតក្នុងតំបន់ ដែលធ្លាប់តែអ៊ូអរដោយភ្ញៀវទេសចរ និងពាណិជ្ជករ បានប្រែមកជាស្ងប់ស្ងាត់ និងពោពេញដោយភាពមិនច្បាស់លាស់ ដែលជាសញ្ញាអាសន្នសម្រាប់វិស័យទេសចរណ៍សកលទាំងមូល៕
ដោយៈ សរ សុជាតិ