ស្របពេលដែលក្រុមគណបក្សចម្រុះកំពុងតែពិភាក្សានិងបែងចែកអំណាចនៅក្នុងជួររដ្ឋាភិបាល គណបក្សឆ្ពោះទៅមុខ ដែលស្ថិតនៅក្រោមការដឹកនាំដោយ លោក ភីថា លីមចារឿនរ៉ាត់ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃទី២០ខែសីហា ជាមួយនឹងរបៀបវារៈពាក់ព័ន្ធនឹងគោលជំហររបស់ខ្លួនជាក្រុមប្រឆាំង "សកម្ម" នៅក្នុងសភា ។
លោកស្រី ភុកកាម៉ន នូណាណាន់ អ្នកនាំពាក្យរងរបស់គណបក្សនេះ បានអះអាងថា ក្នុងនាមជាគណបក្សប្រឆាំង គណបក្សឆ្ពោះទៅមុខនឹងបង្កើតភាពជាដៃគូជាមួយគណបក្សផ្សេងទៀត ដើម្បីជួយដំណើរការត្រួតពិនិត្យ កិច្ចការរបស់រាជរដ្ឋាភិបាល ។
លោកស្រីបានថ្លែងថា យើងត្រូវតែតាមដានរាជរដ្ឋាភិបាលចម្រុះនេះ ព្រោះនេះជារដ្ឋាភិបាល ដែលហាក់ដូចជាមានភាពចន្លោះប្រហោង និង ខ្វះការឯកភាពគ្នា ។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ប្រហែលជាមិនអាចអនុវត្តគោលនយោបាយទាំងអស់ដែលខ្លួនបានសន្យាចំពោះប្រជាជននោះទេ។
លោកស្រីបានបន្ថែមថា “គណបក្សឆ្ពោះទៅមុខចង់បង្ហាញថា គណបក្សត្រៀមខ្លួនដើម្បីបង្កើត រដ្ឋាភិបាលក្នុងការបោះឆ្នោតលើកក្រោយ”។
គណបក្សភឿថៃ ដែលជាគណបក្សធំជាងគេនៅក្នុងសម្ព័ន្ធភាពរបស់ខ្លួន បានសន្យាអនុវត្តគោលនយោបាយរីកចម្រើនជាច្រើន រួមទាំងការលុបចោល កាតព្វកិច្ចយោធា ប៉ុន្តែ លទ្ធភាពនៃការអនុវត្តគោលនយោបាយបែបនេះពេលនេះកំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារភឿថៃបានចងសម្ព័ន្ធមិត្តជាមួយគណបក្សដែលគាំទ្រដោយយោធារួចទៅហើយ ដូចជា គណបក្ស ប្រាឡាង ប្រាឆារ៉ាត និងគណបក្សរួបរួមថៃ ដែលបានប្រឆាំងយ៉ាងខ្លាំងចំពោះគោលនយោបាយបែបនេះ។
ក្រុមអ្នកវិភាគបានអះអាងថា ការលើកឡើងនូវទស្សនវិស័យនយោបាយរបស់គណបក្សឆ្ពោះទៅមុខអាចនឹងទៅបាននៅក្នុងការបោះឆ្នោតលើកក្រោយ ប្រសិនបើខ្លួនទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់ ពីអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតអណត្តិក្រោយ ។
ដើម្បីបង្កើតរដ្ឋាភិបាល បានគណបក្ស ដែលឈ្នះឆ្នោតនៅក្នុងសភា ត្រូវការការគាំទ្រយ៉ាងហោចណាស់ ៣៧៦ សម្លេងពីសមាជិកសភា ៥០០ អាសនៈ និងពីព្រឹទ្ធសមាជិក ២៥០ រូប ប៉ុន្តែ គណបក្សឆ្ពោះទៅមុខដែលខ្លួនមានត្រឹមតែ ១៥១ សម្លេង ហើយបរាជ័យពីរដងផ្ទួនៗនៅសភា ដោយសារតែខ្លួនចង់រក្សាឆន្ទៈ និងការសន្យាធ្វើកំណែទម្រង់ស្ថាប័នរាជានិយម និង យោធា ដែលខ្លួនបានប្រកាសនៅពេលបោះឆ្នោតនៅក្នុងខែឧសភា កន្លងទៅ ។
នៅពេលនោះ គេជឿជាក់ថា ប្រសិនបើគណបក្សឆ្ពោះទៅមុខបន្ទន់ឥរិយាបទ និង គោលជំហរនយោបាយទាក់ទងនឹងបញ្ហានេះ គេជឿជាក់ថា គណបក្សនឹងអាចទទួលសម្លេងគ្រប់គ្រាន់ នៅក្នុងការបង្កើតរដ្ឋាភិបាល ។
ក្រុមអ្នកវិភាគបានអះអាងថា ប្រសិនបើយោធា និង ក្រុមអ្នកអភិរក្សមិនធ្វើទុកបុកម្នេញ តាមការធ្វើវិសោធនកម្មច្បាប់ផ្សេងៗទេនោះ គេជឿជាក់ថា គោលជំហរដ៏រឹងមាំរបស់គណបក្ស ឆ្ពោះទៅមុខ អាចនឹងទាក់ទាញបានការគាំទ្រពីរាស្រ្តថៃបន្ថែមទៀត ដោយសារតែគេដឹងថា គណបក្សនេះមានឆន្ទៈនយោបាយស្មោះត្រង់ និង ជំហររឹងមាំ ហើយមិនក្បត់នឹងការសន្យា ដែលបានលើកឡើងនៅក្នុងយុទ្ធនាការបោះឆ្នោត ។
ក្រុមអ្នកវិភាគក៏បានបន្ថែមផងដែរថា នៅពេលណាដែលគណបក្សនេះឈ្នះឆ្នោត នៅអណត្តិ ក្រោយ តាមឆន្ទៈ និងគោលជំហរដែលគណបក្សបានកំណត់នោះដំណើរការកំណែទម្រង់របត់នៃសង្គមថៃអាចនឹងមានផ្លូវ ប៉ុន្តែគេជឿជាក់ថា ក្រុមអ្នកនយោបាយដែលមានទស្សនៈអភិរក្ស ប្រហែលជានឹងចាត់វិធានការផ្លូវច្បាប់នានា ដើម្បីការពារ និងអភិរក្សកេរ្តិ៍ដំណែលនៃរបប នយោបាយនេះបន្តទៅទៀត ។