ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះរហូតដល់៣,៤% មកនៅត្រឹម៣,៩៨០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,៨៥៣ដុល្លារអាម៉េរិកក្នុងមួយតម្លឹង បន្ទាប់ពីបានហក់ឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រាលើស៤,៣៨០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៥,៣៤០ ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។
សុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចកើតមានឡើងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅសប្ដាហ៍នេះ បានបន្ធូរបន្ថយការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រ
នយោបាយ ដែលពីមុនបានជំរុញឱ្យហាងឆេងមាសហក់ឡើងខ្ពស់។ នេះបានសេចក្ដីថា នៅពេលដែលការព្រួយបារម្ភរបស់ទីផ្សារផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយធ្លាក់ចុះ តម្រូវការមាសក៏ធ្លាក់ចុះ ហើយកាលណាតម្រូវការមាសធ្លាក់ចុះ តម្លៃមាសក៏ធ្លាក់ចុះទៅតាមនោះដែរ។
សូមបញ្ជាក់ថា ទោះបីជាហាងឆេងមាសបានធ្លាក់ចុះ៣,៤% នៅថ្ងៃទី២៨ ខែតុលា នេះយ៉ាងណាក្ដី ក៏ហាងឆេងមាសនៅតែបានហក់ឡើងរហូតដល់ទៅជាង៥០% គិតពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ ដោយសារការសម្រុកទិញចូលមាសពីសំណាក់ធនាគារកណ្តាលនៃប្រទេសនានា ក៏ដូចជាអ្នកវិនិយោគ និងពលរដ្ឋទិញមាសទុក ព្រមទាំងការទន្ទឹងរង់ចាំការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក៕
ដោយ: តែម សុខុម