អ្នកជំនាញសេដ្ឋកិច្ចបានសន្និដ្ឋានថា ប្រសិនបើមាសនៅចុងឆ្នាំ២០២៣នេះឡើងដល់តម្លៃ ២.០៧៩ ដុល្លារអាមេរិកក្នុង១អោន ឬ ស្នើនឹងប្រមាណ ២.៧៦៥ ដុល្លារនៅក្នុងមួយតម្លឹង នោះប្រាកដណាស់តម្លៃមាសនឹងអាចឡើងដល់ ២.៤០០ ដុល្លារនៅក្នុងមួយអោន ឬស្មើនឹង ប្រមាណ ៣.១៩២ ដុល្លារអាមេរិកនៅក្នុងមួយតម្លឹងនៅឆ្នាំក្រោយ ។ នេះបើតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន Bangkok Post។
លោកស្រី ធីផា ណាវ៉ាតតានាស៊ូប (Tipa Nawattanasub) នាយកប្រតិបត្តិ YLG Bulion & Futures បាននិយាយថា ការកើនឡើងអត្រាការប្រាក់នាពេលកន្លងមក ធ្វើឱ្យការវិនិយោគមាសមិនមានភាពទាក់ទាញ ប៉ុន្តែឥឡូវនេះការតម្លើងអត្រាដែលជិតដល់កម្រិតកំពូល ស្របពេលដែលប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ កត្តាបែបនេះកំពុងជួយដល់ទំនុកចិត្តនៅក្នុង ការប្រមូលទិញមាសពីវិនិយោគិន ។
កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិកបានប្រកាសពីការបង្កើនអត្រាការប្រាក់រហូតដល់០,២៥ ភាគរយ នៃអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដែលការកំណត់នេះធ្វើឲ្យអត្រាការប្រាក់ឡើងដល់កម្រិតពី ៥,២៥ទៅ ៥,៥០ ភាគរយដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំមកនេះ។
លោកស្រី ធីផា បាននិយាយថា "សព្វថ្ងៃនេះ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជា ជាច្រើន ហើយមានតែតំបន់អាស៊ីប៉ុណ្ណោះដែលមានកំណើនវិជ្ជមាន។ ទន្ទឹមនឹងនោះ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ មានការរីកសាយភាពកាន់តែខ្លាំងដោយសារ ជម្លោះចិន-អាមេរិក និងរុស្ស៊ី-អ៊ុយក្រែន ដូច្នេះហើយយើងត្រូវចាំបាច់ត្រួតពិនិត្យតម្លៃមាសដែលវានឹងអាចប្រែប្រួលយ៉ាងខ្លាំងនៅចុងឆ្នាំនេះ។
បើតាមការព្យាករណ៍ ប្រសិនបើតម្លៃមាសនៅចុងឆ្នាំនេះឡើងដល់ ២.០៧៩ ដុល្លារនៅក្នុងមួយអោន ឬ ស្នើនឹងប្រមាណ ២.៧៦៥ ដុល្លារនៅក្នុងមួយតម្លឹងនៅចុងឆ្នាំ ដូច្នេះតម្លៃមាសអាច នឹងបន្តកើនឡើងដល់ កម្រិត ២.៤០០ នៅក្នុងមួយអោន ឬ ស្នើនឹងប្រមាណជា ៣.១៩២ ដុល្លារនៅក្នុងមួយតម្លឹង ប៉ុន្តែ ក្រុមហ៊ុន YLG Bulion & Futures បានបង្ហើបថា តម្លៃដែលអ្នកវិនិយោគនឹងអាចប្រមូលមាសយកមកស្តុកនិងទុកជួញដូរ គឺអាចនៅក្នុងរង្វង់ប្រមាណជា ១.៩០០ ដុល្លារ នៅក្នុងមួយអោន ឫស្មើនឹង ២.៥២៧ ដុល្លារនៅក្នុងមួយតម្លឹង៕
ដោយៈ សរ សុជាតិ