តម្លៃប្រេងឆៅពិភពលោក

តម្លៃប្រេងឆៅពិភពលោកនឹងកើនឡើងវិញ ខណៈស្តុកប្រេងនៅតាមតំបន់មួយចំនួនបន្ដធ្លាក់ចុះ


ស្តុកប្រេងនៅតាមតំបន់មួយចំនួនកំពុងចាប់ផ្តើមស្រកចុះជាបណ្ដើរៗហើយ ខណៈដែលតម្រូវការដែលកើនលើសពីការផ្គត់ផ្គង់ ដោយសារតែការកាត់បន្ថយផលិតកម្មប្រេងយ៉ាងច្រើនពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលឈានមុខគេក្នុងការផលិតប្រេងនៃអង្គការអូប៉ិក (OPEC)។ ការធ្លាក់ចុះស្តុកប្រេងនេះ អាចនឹងជំរុញឱ្យតម្លៃប្រេងកើនឡើងនៅក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ ពោលគឺអាចនឹងកើនដល់ទៅប្រមាណ ៩០ដុល្លារក្នុងមួយធុងបារ៉ែល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងអាចកើនដល់៩០ដុល្លារក្នុងមួយធុងបារែលក្នុងប៉ុន្មានខែទៀត?
ដោយ

ក្រុមអ្នកវិភាគ​នៅ​ក្រុម​ហ៊ុន​ JP Morgan បាននិយាយនៅខែនេះថា​ ស្តុកប្រេងដែល​រួមមាន​​ប្រេងឆៅ និងផលិតផលឥន្ធនៈ ឥឡូវនេះបាន​​ដើរតួនាទីដ៏​សំខាន់​ជាងប្រាក់​ដុល្លារ​ទៅ​ទៀត​ នៅ​ក្នុងការកំណត់តម្លៃប្រេង​ ដោយសារការដាក់ទណ្ឌកម្មរបស់បស្ចិមលោកទៅ​លើប្រទេសរុស្ស៊ី​បានជំរុញឱ្យ​មាន​ការជួញដូរប្រេងនៅ​ក្នុងរូបិយណ្ណផ្សេងៗទៀតក្រៅពី​ប្រាក់ដុល្លារ​អាមេរិក។​​

លោក គ្រីស្តូហ្វឺ​ ហេន (Christopher Haines) អ្នកវិភាគនៅក្រុម​ហ៊ុន​ Energy Aspects ​បាននិយាយថា ពួកគេ​រំពឹងថា ស្តុកប្រេង​នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា​ ហើយនៅត្រឹម​ចុង​ខែសីហាគេអាចនឹងបាន​ឃើញ​ការ​កសាងស្តុកប្រេង ​ដែលមាន​ប្រហែលនឹកម្រិត​ឆមាសទីមួយនៃឆ្នាំនេះដែរ។

អ្នកវិភាគ​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន​ទីផ្សារ​ប្រេង​កំពុងស្ថិតនៅ​ក្នុងស្ថានភាពដ៏តឹងតែង​នៃការផ្គត់ផ្គង់​ប្រេង​ ហើយ​ការកាត់បន្ថយទិន្ន​ផល​​ប្រេង​របស់ប្រទេស​អារ៉ាប៊ីសាអូឌីត​គឺជាការពន្លឿន​ពេលវេលា​ដ៏​សំខាន់​នៃ ​ការ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​កាន់​តែ​ឆាប់រហ័ស។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងអង្គការនៃបណ្ដា​ប្រទេសនាំចេញប្រេង​ (OPEC) រំពឹងថា​ តម្រូវការប្រេងនឹងកើនឡើងលើសពីការផ្គត់ផ្គង់នៅឆ្នាំនេះ ​ដែលគេ​អាច​នឹង​ត្រូវ​ការ​ប្រេង​សរុប​រហូត​ដល់ ​៤០​ម៉ឺន​ទៅ៥០​ម៉ឺន​បារ៉ែលក្នុងមួយថ្ងៃ ​​​ដែលភាគច្រើននឹង​ត្រូវការ​ខ្លាំង​នៅ​​ឆមាស​ទី​២​នៃឆ្នាំ​នេះ​។

បើទោះជាស្តុកប្រេងពិភពលោកបានកើនឡើងក្នុងខែឧសភាដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែ​កញ្ញាឆ្នាំ​២០២១ក៏ដោយ ​ប៉ុន្តែ​បើ​យោងតាម​ទី​ភ្នាក់​ងារ​ IEA ​បាន​បង្ហាញ​ថា ដោយសារ​តែ​មាន​តម្រូវ​ការ​កើនឡើងខ្លាំង​ពី​ប្រទេសមិនមែន​សមាជិក​ អង្គការសម្រាប់​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ​អ្នកវិភាគនិយាយថា សញ្ញានៃភាពតឹងតែងកំពុងតែ​លេច​​ឡើងជា​បណ្ដើរៗ​ហើយ​ជាពិសេសនៅក្នុងសហរដ្ឋអាមេរិក​តែ​ម្ដង​។

ការធ្លាក់ចុះស្តុក​ប្រេង​​មានសភាព​មិន​ដូច​គ្នា​ទេ ​មកដល់ពេលនេះ ​ដោយ​ស្តុកប្រេង​នៅ​សហរដ្ឋអាមេរិក​ និងអឺរ៉ុប​បាន​​​ធ្លាក់ចុះ​ ប៉ុន្តែ​វា​បាន​កើន​ឡើង​នៅ​ក្នុងប្រទេសចិន និងជប៉ុន។

ក្រុម​អ្នកវិភាគ​នៅ​ក្រុម​ហ៊ុន​ JP Morgan បាននិយាយថា វាហាក់ដូចជាថា ការកាត់បន្ថយ​ដោយស្ម័គ្រ​ចិត្តនូវ​ផលិត​កម្ម​ប្រេង​របស់​ប្រទេសទាំង៨​​នៃ​សមាជិក​​អង្គការ​ OPEC + ​នៅក្នុងខែមេសា ​​បូក​រួម​ទាំង​ការ​កាត់បន្ថយឯកតោភាគីរបស់​អារ៉ាប៊ីសាអូឌីតចំនួន១លាន​ធុងបារ៉ែល​ក្នុង១ថ្ងៃ ​​​ដែលទើបតែ​​ចាប់​ផ្តើម​​ក្នុងខែកក្កដា​នេះ​កំពុងធ្វើឲ្យ​ការផ្គត់ផ្គង់ប្រេងកំពុង​ថយចុះជាច្រើន។

​ធនាគារ JP Morgan រំពឹងថា តម្លៃប្រេង​ស្តង់ដារគោល​ ដែល​បានជួញដូរក្នុង​កម្រិតខ្ពស់រយៈពេល៣ខែ​ ដែលមាន ​​៨៤ដុល្លារ​ក្នុងមួយធុងបារ៉ែលនោះ ​​​​នឹងកើនឡើងដល់ ៨៦​ដុល្លារ​ក្នុងមួយធុង​​បារ៉ែល​នៅត្រឹម​ចុងត្រីមាសទី៣​ មុនពេលវា​នឹង​ធ្លាក់​ចុះ​មកវិញ​នៅត្រីមាសទី៤ជា​ពេលដែល​ស្តុក​ប្រេង​ចាប់​ផ្តើមកើន​ឡើងវិញ​។

ក្រុម​ហ៊ុន UBS បាននិយាយថា ខ្លួនរំពឹងថា តម្លៃ​ប្រេង​នឹងកើនឡើងដល់ចន្លោះ​ពី​ ៨៥-៩០ដុល្លារ​ក្នុងមួយធុងបារ៉ែល​ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត​នេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឆ្លាតវៃ នឹងជួយបម្រើផលប្រយោជន៍អ្វីខ្លះក្នុងវិស័យកសិកម្មកម្ពុជា?

ព័ត៌មាន
អ្នកជំនាញប្រព័ន្ធស្រោចស្រពនៃក្រុមហ៊ុន GAINS បានអះអាងថា ប្រព័ន្ធស្រោចស្រពមានសារៈសំខាន់ណាស់ក្នុងការការធ្វើកសិកម្មរបស់ប្រជាកិសករ ក៏ប៉ុន្តែការប្…

មនុស្សជំនិតលោកពូទីន ព្រមានជាថ្មីទៀតថា រុស្ស៊ីនឹងប្រើប្រាស់នុយក្លេអ៊ែរ ក្រោយរដ្ឋធានីម៉ូស្គូរងការវាយប្រហារដោយអ៊ុយក្រែន

ព័ត៌មាន
អតីតប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ ជាអ្នកដែលតែងតែលើកឡើងពីសេណារីយ៉ូនុយក្លអ៊ែរចំពោះសង្គ្រាមនៅអ៊ុយក្រែននោះ បាននិយាយនៅក្នុងសារមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ