
តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញក្នុងវិស័យនេះជឿជាក់ថា តម្លៃមាសទំនងជាមិនអាចធ្លាក់ចុះដល់កម្រិតទាបបំផុតនោះទេ ហើយវាអាចនឹងហក់ឡើងមកវិញនៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង កត់សម្គាល់ឃើញថា តម្លៃមាសមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសដាក់ពន្ធគយទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០ កាលពីថ្ងៃទី២ ខែមេសា កន្លងទៅនេះ។ អ្នកជំនាញរូបនេះ បានអះអាងថា ក្រោយលោក ត្រាំ ប្រកាសចេញពន្ធគយថ្មីភ្លាមតម្លៃមាសហាក់មានការពុះកញ្ច្រោល ប៉ុន្តែក្រោយមានការបកស្រាយ និងសម្របសម្រួលពន្ធឡើងវិញពីសំណាក់ប្រទេសមួយចំនួន គួបផ្សំអ្នកវិនិយោគធំៗបានបញ្ចេញមាសលក់ច្រើនបានធ្វើឱ្យទីផ្សារមាសមានការធ្លាក់ចុះ។ អ្នកជំនាញរូបនេះបានអះអាងថា តម្លៃមាសពុំទាន់ធ្លាក់ចុះដល់កម្រិតទាបខ្លាំងនៅឡើយទេ ហើយលោកជឿជាក់ថា តម្លៃមាសនឹងមានការកើនឡើងមកវិញនៅពេលសេដ្ឋកិច្ចមានភាពល្អប្រសើរ ហើយប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃ។
ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គល កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះមានអតិថិជនមកទិញ និងលក់មាសជាបន្តបន្ទាប់ ពោលគឺមានចំនួនច្រើនជាងមុន។ ការចូលទិញមាសទាំងមាសមានតម្លៃថ្លៃនេះ ត្រូវបានអាជីវកររូបនេះវាយតម្លៃថា អាចដោយសារពួកគេមានតម្រូវការប្រើប្រាស់មាសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងមួយចំនួនទៀតអាចទិញ ដើម្បីទុកចំណេញនៅថ្ងៃអនាគត។
សូមបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេជួញដូរក្នុងតម្លៃ៣ពាន់៣៦ដុល្លារក្នុង១អោន ឬស្មើនឹង៣ពាន់៦៥០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ