
សម្រាប់បណ្ដាប្រទេសផ្សេងៗទៀតលើកលែងតែចិនយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងមាសឡើងថ្លៃ តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបែរជាធ្លាក់ចុះទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
Story: ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងថ្លៃ១,២%ឈានដល់ជាង៣,១៩៩ដុល្លារអាម៉េរិកក្នុងមួយអោន ឬប្រមាណ៣,៩០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង ក្រោយសហរដ្ឋអាម៉េរិកបានប្រកាសដំឡើងពន្ធខ្ពស់កប់ពពកលើមហាយក្សចិនពី១០៤%ឈានដល់១២៥% ប៉ុន្តែទន្ទឹមនេះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ រួមទាំងនៅសហរដ្ឋអាម៉េរិកផងបែរជាមានការធ្លាក់ចុះទៅវិញ។
សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ច និងមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២បានប្រកាសដាក់ពន្ធគយសងសឹងគ្នាទៅវិញទៅមកជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភកក្រើកពិភពលោកទាំងមូលក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
ទោះជាយ៉ាងណាប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារពេលអនុវត្តពន្ធគយថ្មីសម្រាប់រយៈពេល៩០ថ្ងៃរាប់ចាប់ពីថ្ងៃទី១០ មេសា ទៅ ដោយសារនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានប្រទេសជាង៧០បានទាក់ទងសុំចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីបន្ធូរបន្ថយពន្ធទៅវិញទៅមកនេះ ដោយលើកលែងតែប្រទេសចិនមួយ ដោយសារចិនតដៃដោយការដាក់ពន្ធសងសឹកលើសហរដ្ឋអាម៉េរិកវិញភ្លាមៗ។
ទន្ទឹមនេះ ប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃ៧៧សេន ឬ១,១៨%មកនៅត្រឹម៦៤,៧១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងនៅលើទីផ្សារអាម៉េរិក ក៏បានធ្លាក់ថ្លៃ៦៥សេន ឬ១,០៤% មកនៅត្រឹម៦១,៧០ដុល្លារក្នុងមួយបារ៉ែលផងដែរ៕
ដោយ: តែម សុខុម