តម្លៃមាសហក់ឡើង

ហាងឆេងមាសហក់ឡើងខ្លាំងមិនធ្លាប់មានក្នុងពេល៣សប្ដាហ៍មកនេះ ខណៈលោក ដូណាល់ ត្រាំ ពង្រីកសង្គ្រាមពាណិជ្ជកម្មកាន់តែធំ


ហាងឆេងមាសនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី១៤ ខែកក្កដា បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣សប្តាហ៍មកនេះឈានដល់ប្រមាណ៣,៣៧១ដុល្លារក្នុងមួយអោន ឬជាង៤,១១១ដុល្លារក្នុងមួយតម្លឹង ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានពង្រីកសង្គ្រាមពាណិជ្ជកម្មកាន់តែធំជាមួយប្រទេសនានាជុំវិញពិភពលោករួមទាំងសហភាពអឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
តម្លៃមាសហក់ឡើង
ដោយ

នៅដើមសប្តាហ៍នេះហាងឆេងមាសនៅសហរដ្ឋអាម៉េរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣សប្តាហ៍មកនេះឈានដល់ប្រមាណ៣,៣៧១ដុល្លារ ក្នុងមួយអោន ឬជាង៤,១១១ដុល្លារក្នុងមួយតម្លឹង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធគយបដិការរហូតដល់ទៅ៣០%លើទំនិញនាំចូលពីសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក ដោយត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខនេះ ហើយកត្តានេះបានជំរុញឱ្យបណ្ដាវិនិយោគិនសម្រុកទិញចូលមាសទុកជាទ្រព្យសកម្មដ៏មានសុវត្ថិភាព ទើបបានជាមាសហក់ឡើងថ្លៃបែបនេះ។

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិដែលជួញដូរផ្ទាល់ភ្លាមៗ ឬ Spot Gold នៅថ្ងៃចន្ទ សប្តាហ៍នេះ មានសភាពនៅទ្រឹងក្នុងតម្លៃប្រមាណ៣,៣៥៥ដុល្លារក្នុងមួយអោន ឬជាង៤,០៩១ដុល្លារក្នុងមួយតម្លឹង បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា មក ប៉ុន្តែទន្ទឹមនេះ ហាងឆេងមាសដែលជួញដូរនៅលើផ្សារហ៊ុនអាម៉េរិកបានហក់ឡើងថ្លៃ០,២%ឈានដល់ប្រមាណ៣,៣៧១ដុល្លារក្នុងមួយអោន ឬជាង៤,១១១ដុល្លារក្នុងមួយតម្លឹង។

ក្រុមអ្នកវិភាគបាននិយាយថា ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យតម្រូវការមាសកើនឡើង។ លោក ខេវិន វង្ស (Kelvin Wong) អ្នកវិភាគទីផ្សារជាន់ខ្ពស់មកពីក្រុមហ៊ុនជួញដូររូបិយប័ណ្ណបរទេសមួយ បានព្យាករថា ហាងឆេងមាសអាចនឹងហក់ឡើងបន្ថែមទៀតរហូតដល់៣,៤៣៥ដុល្លារក្នុងមួយអោន ឬ៤,១៩០ដុល្លារក្នុងមួយតម្លឹង។

សូមបញ្ជាក់ថា ទាំងសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិកសុទ្ធតែបានរិះគន់សហរដ្ឋអាម៉េរិក ចំពោះការដាក់ពន្ធគយបដិការដ៏ខ្ពស់នេះថា ជារឿងអយុត្តិធម៌។ ភាគីសហភាពអឺរ៉ុប បាននិយាយថា ខ្លួននឹងពន្យារពេលដាក់ចេញវិធានការតបតរបស់ខ្លួនប្រឆាំងពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិករហូតដល់ដើមខែសីហា ខណៈដែលខ្លួនកំពុងបន្តការចរចាជាមួយសហរដ្ឋអាម៉េរិក ដោយសង្ឃឹមថា នឹងបានលទ្ធផលល្អប្រសើរជាងនេះ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យធានារ៉ាប់រងខ្នាតតូច និងកសិកម្មអាចការពារហានិភ័យដល់ពលរដ្ឋ និងកសិករយ៉ាងដូចម្តេច?

វិស័យធានារ៉ាប់រងខ្នាតតូច និងកសិកម្ម អាចចាត់ទុកជាវិស័យថ្មីមួយសម្រាប់កម្ពុជា និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដែលទើបត្រូវបានអនុ…

ធនាគារប្រ៊ីដ និងក្រុមហ៊ុនវីសា បានដាក់ឱ្យដំណើរការប័ណ្ណប្រ៊ីដ វីសាជាផ្លូវការ

ជាកាប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍នៃសេវាធនាគារនៅក្នុងប្រទេស កម្ពុជា ធនាគារប្រ៊ីដបានសហការជាមួយ ក្រុមហ៊ុន Visa មានមោទកភាពប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ