ទិន្នផលប្រេងរបស់កម្ពុជា​

ទិន្នផលប្រេងបូមបានតិចកំពុងរុញឲ្យក្រុមហ៊ុន KrisEnergy ធ្លាក់ចូលហានិភ័យ


អស់រយៈពេល៤ខែមកហើយ ដែលក្រុមហ៊ុនរុករក និង ផលិតប្រេងសិង្ហបុរី KrisEnergy ក្លាយជាក្រុមហ៊ុនដែលបានទាញយកដំណក់ប្រេងដំបូងគេពីដែនសមុទ្រកម្ពុជា។ ប៉ុន្ដែ ការបូមប្រេងរបស់ក្រុមហ៊ុននេះ កំពុងប្រឈមនឹងហានិភ័យមួយចំនួន ក្រោយបរិមាណប្រេងដែលបូមបាន គឺមានតិចជាងអ្វីដែលបានព្យាករទុក។
អណ្តូងប្រេងក្នុងដែនសមុទ្រកម្ពុជា រូបភាព៖ ក្រសួងរ៉ែ និងថាមពល
ដោយ និង

ជុំវិញ​នឹង​បញ្ហា​នេះ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត បាន​អះអាង​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ខាង​អាជ្ញាធរ​កំពុង​រង់ចាំ​មើល​ការ​ជូនដំណឹង​លាយលក្ខណ៍អក្សរ​ពី​ខាង​ក្រុមហ៊ុន​ទាក់ទង​នឹង​រឿង​នេះ និង ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​រហូត​ដល់​ខែឧសភា ហើយ​បើសិន​ការ​បញ្ជាក់​ហេតុផល​ពី​ក្រុមហ៊ុន​មិន​សម​ស្រប ឬ មិន​អាច​ទទួលយក​បាន​ទេ អាជ្ញាធរ​នឹង​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​វិញ ហើយ​បើ​មិន​មានការ​ផ្លាស់​ប្ដូរ​ទៅ​តាម​ខាង​អាជ្ញាធរ​ណែនាំ​ទេ នោះ​ក្រុមហ៊ុន​រុករក​ប្រេង​នេះ អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ ឬ​អាច​ឈាន​ដល់​ការ​ដកហូត​អាជ្ញា​បណ្ណ​ជាដើម​។ ទោះ​យ៉ាងណា ឯកឧត្តម ជៀប សួរ បញ្ជាក់​ថា កម្ពុជា​មិន​ចង់​ឃើញ​មានការ​ពិន័យ ឬ​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន​បូម​ប្រេង​នោះ​ទេ ហើយ​ក៏​សង្ឃឹមថា​ក្រុមហ៊ុន KrisEnergy នឹង​អាច​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ទាំងអស់​នេះ​បាន​រួចរាល់​ឆាប់​ៗ​នេះ​។

តាម​ការ​ចុះ​ផ្សាយ ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei ថ្មី​ៗ​នេះ​បាន​រាយការណ៍​ថា​រុករក និង​ផលិត​ប្រេង ក្រុមហ៊ុន KrisEnergy បាន​បង្ហាញ​ថា ទិន្នផល​ប្រេង​នៃ​អណ្តូង​អប្សរា​ក្នុង​ដែនសមុទ្រ​កម្ពុជា មាន​បរិមាណ​ទាប​ជាង​ការ​ព្យា​ការ​ទុក​របស់​ក្រុមហ៊ុន​កាលពី​ពេល​កន្លង​មក ។

បើ​តាម​ក្រុមហ៊ុន អណ្តូងប្រេង​ទាំង​៥ ដែល​គេ​បាន​ចាប់ផ្តើម​បូម​យក​ប្រេង​ពី​ចុងខែ​ធ្នូ​មក​ដល់​ខែកុម្ភៈ បាន​ផ្តល់​ទិន្នផល​តិចតួច ខុស​ខ្លាំង​ពី​ការ​ព្យាករ​របស់​ក្រុមហ៊ុន ពោល​គឺ​ទិន្នផល​ទទួល​បាន​ត្រឹមតែ​ជិត ២.៩០០ បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា អណ្តូងប្រេង​ទាំង​៥​របស់​កម្ពុជា អាច​ផ្តល់​ប្រេង​បាន​ដល់ ៧.៥០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​ហានិភ័យ​។ ហានិភ័យ គឺ​ប្រឈម​នឹង​ការ​ខាតបង់​នេះ​តែ​ម្ដង ខណៈ​ដែល​ក្រុមហ៊ុន​សិង្ហ​បុរី​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កន្លង​មក​មាន​ជាប់​ពាក់ព័ន្ធ​បំណុល​ជា​ច្រើន​ផង​ដែរ​។

ជុំវិញ​នឹង​បញ្ហា​នេះ ឯកឧត្តម ជៀប សួរ បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ខាង​អាជ្ញាធរ​កំពុង​រង់ចាំ​មើល​ការ​ជូនដំណឹង​ពី​ខាង​ក្រុមហ៊ុន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ពន្យល់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​បូម​ប្រេង​បាន​តិច​ជាង​ការ​គ្រោងទុក និង​ការ​ដាក់​ផែនការ​បន្ដ​ដែល​ក្រុមហ៊ុន​នេះ​ត្រូវធ្វើ​បន្ដ​ទៀត មុន​នឹង​អាជ្ញាធរ​ត្រូវ​សម្រេច​ចេញ​វិធានការ​បែប​ណាប​ន្ដ​ទៀត​ចំពោះ​ក្រុមហ៊ុន​បូម​ប្រេង​នេះ​។

បើ​តាម​ឯកឧត្តម ជៀប សួរ បច្ចុប្បន្ន​ក្រុមហ៊ុន KrisEnergy កំពុងធ្វើការ​ងារ​ជាមួយនឹង​អ្នក​ជំនាញការ​ឯករាជ្យ​របស់​ខ្លួន ដើម្បី​សិក្សា​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​សម្រេច និង​ជួ​បញ្ហា​កន្លង​មក ដើម្បី​លើក​ជា​ផែនការ​បន្ដ ដែល​អាច​នឹង​ជូនដំណឹង​មក​កាន់​ខាង​អាជ្ញាធរ​កម្ពុជា​នៅ​ខែឧសភា​ខាង​មុខ​នេះ​។

ប្រភព​ពី​សារព័ត៌មាន​ជប៉ុន Nikkei បាន​ផ្សាយ​ថា ភាគី​ក្រុមហ៊ុន KrisEnergy ធ្លាប់​បាន​អះអាង​ថា ខ្លួន​នឹង​ធ្វើ​កិច្ចការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​របស់​ក្រុមហ៊ុន ដើម្បី​វាយតម្លៃ​ឡើង​វិញ ព្រមទាំង​ព្យាយាម​ស្តារ​ទិន្នផល​ប្រេង​ឡើង​វិញ​ផង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ទទួលស្គាល់​ថា ទោះជា​បែប​នេះ​ក្ដី ក៏​ទិន្នផល​ប្រេង​ដែល​នឹង​ទទួល​បាន​លើក​ក្រោយ នឹង​នៅ​តែ​មាន​កំរិត​ទាប​ជាង​ការ​ព្យាករ​ដំបូង​ដដែល​។

យើង​នឹង​បន្ដ​តាមដាន​រឿង​បូម​ប្រេង​នេះ​ជា​បន្ដ​ទៀត ថា​តើ​វា​នឹង​ទៅ​ជា​យ៉ាងណា ហើយ​ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី​មួយ​នេះ អាច​សម្រេច​គោលដៅ​ទាញ​យក​ប្រេង តាម​ការ​ព្យាករ​បាន​ដែរ ឬទេ ឬ​មួយ​ក៏​ត្រូវ​រង​ពិន័យ និង​ឈាន​ដល់​ការ​ដកហូត​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល? យើង​នឹង​ចាំ​មើល​បន្ដ​ទៀត​!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរ៖ កម្មករកម្មការិនីកន្លះលាននាក់នឹងទទួលបានការចាក់វ៉ាក់សាំងក្នុងរយៈពេល៣ខែ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជារំពឹងថា នឹងអាចសម្រេចគោលដៅក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករកម្មការិនីឲ្យបាន កន្លះលាននាក់នៅត្រឹមរយៈពេល៣…

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញវិធានការបន្ធូរបន្ថយ ៦ចំណុច សម្រាប់អតិថិជន​ដែលរងគ្រោះ​ព្រោះ​កូវីដ-១៩

ព័ត៌មាន
សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី ០៧ ខែមេសា​ ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយចំនួន៦ ចំណុច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ