យោងតាមសេចក្ដីប្រកាសព័ត៌មាន ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឱ្យដឹងថា ការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូ ដែលស្ថិតនៅផ្លូវលេខ១ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យចំនួន ២៤៤នាក់ ក្នុងនោះ ជនជាតិវៀតណាមចំនួន ១៨២នាក់, ជនជាតិចិនចំនួន ៤៩នាក់, ជនជាតិកូរ៉េចំនួន ៩នាក់, និងខ្មែរចំនួន ៤នាក់ ព្រមទាំងបានដកហូតវត្ថុតាងនានា ដូចជា ទូរសព្ទដៃចំនួន ៥០៥គ្រឿង, កុំព្យូទ័រលើតុចំនួន ១៥០គ្រឿង, កុំព្យូទ័រយួរដៃចំនួន ១គ្រឿង, Monitor ១គ្រឿង និងរថយន្ដចំនួន ៤គ្រឿង។
ក្រោយការចុះបង្ក្រាប ត្រួតពិនិត្យ និងស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងភស្ដុតាងដូចរៀបរាប់ខាងលើ អាជ្ញាធរ បានសម្រេច ដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ីកាស៊ីណូ ដ្បិតទីតាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពបោកប្រាស់តាមបច្ចេកវិទ្យា និងសកម្មភាពខុសច្បាប់ផ្សេងៗ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប អាជ្ញាធរបានរកឃើញបណ្តាញប្រតិបត្តិការដែលមានលក្ខណៈរៀបចំជាប្រព័ន្ធ ដោយមានការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបន្លំជនរងគ្រោះ តាមរយៈអ៊ីនធឺណិត។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថា ជាការរំលោភធ្ងន់លើលក្ខខណ្ឌអាជ្ញាបណ្ណ និងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។
ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការធំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបណ្តាញបោកប្រាស់អនឡាញ ដែលភាគច្រើនត្រូវបានគេរកឃើញថាប្រើប្រាស់ទីតាំងកាស៊ីណូ ឬអគារពាណិជ្ជកម្មជាគោលដៅប្រតិបត្តិការ ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបន្តដកហូត និងផ្អាកអាជ្ញាបណ្ណកាស៊ីណូជាច្រើន ដោយសារភាពពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ។
អាជ្ញាធរបានអំពាវនាវឲ្យម្ចាស់អាជីវកម្មកាស៊ីណូទាំងអស់ គោរពយ៉ាងតឹងរឹងតាមច្បាប់ និងជៀសវាងការចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីរក្សាបរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា។