វិស័យពាណិជ្ជកម្ម

ធនាគារយក្ស Goldman Sachs ព្រមានថា ពន្ធគយរបស់អាម៉េរិក អាចធ្វើឱ្យពលរដ្ឋចិន រហូតដល់១៦លាននាក់ ប្រឈមបាត់បង់ការងារ


ក្រុមអ្នកវិភាគនៅធនាគារវិនិយោគធំបំផុតទី២របស់ពិភពលោក Goldman Sachs បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពក ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដាក់លើទំនិញនាំចូលរបស់មហាយក្សចិន អាចធ្វើឱ្យពលរដ្ឋចិន រហូតដល់ទៅ១៦លាននាក់ ប្រឈមហានិភ័យបាត់បង់ការងារ ជាពិសេសក្នុងឧស្សាហកម្មផលិតទំនិញសម្រាប់លក់រាយ និងបោះដុំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជ្ជកម្ម
ដោយ

ធនាគារយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២ របស់ពិភពលោកបានព្រមានថា ពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចធ្វើឱ្យពលរដ្ឋចិន រហូតដល់១៦លាននាក់ប្រឈមហានិភ័យបាត់បង់ការងារ។ តាមរយៈរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ធនាគារ Goldman Sachs បានព្រមានថា ប្រសិនបើពន្ធគយបដិការខ្ពស់កប់ពពក ដែលសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដាក់លើគ្នាទៅវិញទៅមកនៅតែបន្តកើតមាន ហើយការនាំចេញរបស់មហាយក្សចិន ធ្លាក់ចុះយ៉ាងគំហុក នោះទីផ្សារការងារចិន ប្រាកដជាទទួលរងផលប៉ះពាល់ខ្លាំង។

ធនាគារនេះ បានបន្ថែមទៀតថា ជាលទ្ធផលពលរដ្ឋចិន រហូតដល់ទៅ១៦លាននាក់ ប្រឈមហានិភ័យបាត់បង់ការងារ ជាពិសេសការងារពាក់ព័ន្ធការផលិតទំនិញសម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ហើយក្នុងនោះគ្រាន់តែក្នុងឧស្សាហកម្មផលិតទំនិញសម្រាប់លក់រាយ និងបោះដុំមានរហូតដល់ទៅជិត១ភាគ៤ឯណោះ។

ធនាគារ Goldman Sachs បានមើលឃើញថា ទំនិញសំខាន់ៗមួយចំនួន រួមមានឧបករណ៍ទូរគមនាគមន៍ សម្លៀកបំពាក់ និងផលិតផលគីមី គឺងាយរងគ្រោះជាងទំនិញផ្សេងៗទៀត ដោយសារតែទំនិញទាំងនោះមានចំណែកធំសម្រាប់ការនាំចេញពីប្រទេសចិន ទៅកាន់សហរដ្ឋអាម៉េរិក។

គួររំឭកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយខ្ពស់លើទំនិញនាំចូលរបស់ចិន ក្នុងឆ្នាំ២០២៥ នេះ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ លោក ដូណាល់ ត្រាំ បានដាក់ពន្ធសរុប១៤៥% លើទំនិញចិន គិតមកទល់ពេលនេះ ដែលធ្វើឱ្យអត្រាពន្ធជាមធ្យមឡើងដល់ប្រមាណ១៥៦%។ បើយោងតាមរបាយការណ៍ពីសេតវិមាន ពេលនេះមហាយក្សចិន ប្រឈមនឹងការបង់ពន្ធខ្ពស់រហូតដល់២៤៥%ឯណោះសម្រាប់ទំនិញមួយចំនួន។ ជាការឆ្លើយតប ក្រុងប៉េកាំង បានដាក់ពន្ធ១២៥% លើទំនិញទាំងអស់របស់សហរដ្ឋអាម៉េរិក បន្ថែមពីលើពន្ធចាស់ៗ ដែលខ្លួនដាក់លើសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើគំនាបពន្ធគយរបស់លោក ត្រាំ នឹងរុញឱ្យប្រទេសតូចធំនៅអាស៊ីរត់ទៅអែបចិន កាន់តែច្រើន ឬយ៉ាងណា?

គណបក្សកាន់អំណាចនៃប្រទេសជប៉ុន បានព្រមានថា ពន្ធគយបដិការខ្ពស់កប់ពពកដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់លើបណ្ដាប្រទេសជាដៃគូពា…

បណ្ដាធនាគារ និងក្រុមហ៊ុនលក់រាយរបស់ជប៉ុន ឈានមុខគេ លើការបង្កើនការបោះទុនវិនិយោគនៅតំបន់អាស៊ាន

បណ្ដាក្រុមហ៊ុនរបស់ប្រទេសជប៉ុន កំពុងងាកមកផ្ដោតលើការបោះទុនវិនិយោគកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ាន រាប់ចាប់ពីរោងចក្ររហូតដល់សេវាកម្ម ហិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ