ឯកឧត្តម ឡាំ ជា រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអះអាងថា ក្នុងការងារកំណត់ព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាង រួមមានដូចជា ប្រទេសថៃ ឡាវ និងវៀតណាម គឺត្រូវផ្អែកទៅលើគោលការណ៍ធំៗ៣ ដូចជា៖ ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីជំនាន់អាណានិគមនិយមបារាំង ដែលជាផែនទីគោលក្នុងការយកធ្វើជាមូលដ្ឋាន ហើយត្រូវបានកំណត់ថា ជាមរតកខ្សែព្រំដែនមិនកែប្រែ, ផ្អែកទៅលើគោលការណ៍ច្បាប់អន្ដរជាតិ និងឧត្តមមានុវត្តអន្ដរជាតិ និងផ្អែកទៅលើការកាន់កាប់រស់នៅជាច្រើនជំនាន់របស់ប្រជាពលរដ្ឋ។
ការអះអាងបែបនេះរបស់ឯកឧត្តម ធ្វើឡើងបន្ទាប់ពីពេលកន្លងទៅថ្មីៗនេះ មានគណនី Tiktok បានបង្ហោះវីដេអូពន្យល់បែបមិនត្រឹមត្រូវ ដោយចោទប្រកាន់ថា បង្គោលព្រំដែនវៀតណាម បានបោះចូលមកក្នុងទឹកដីកម្ពុជា រាប់គីឡូម៉ែត្រ ដោយសម្អាងតាមផែនទី Google Maps យកមកធ្វើជាមូលដ្នាន។ ក្នុងន័យនេះ ឯកឧត្តម ឡាំ ជា សង្កត់ធ្ងន់ថា ការបោះបង្គោលព្រំដែន គឺមិនអាចយកផែនទី Google Maps ធ្វើជាមូលដ្ឋានបានឡើយ ហើយទោះបីជាភាគីម្ខាងចង់យក ក៏ភាគីម្ខាងទៀតមិនទទួលស្គាល់ដែរ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំរូបនេះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ជ្រុងជ្រោយពីកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋលេខាធិការព្រំដែនដែលបន្តវេនពីអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបន្តបេសកកម្មដ៏មានសារសំខាន់សម្រាប់ជាតិ ដ្បិតថា រដ្ឋលេខាធិការព្រំដែនបានប្រឹងប្រែងមិនដែលធ្វើការធ្វេសប្រហែស១វិនាទីណាឡើយ និងបានខិតខំការពារទឹកដីជូនពលរដ្ឋខ្មែរគ្រប់រូប ដោយមិនអាចធ្វើឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ ទៅប្រទេសណាមួយ និងមិនចង់បានទឹកដីរបស់ប្រទេសណាមួយ១លីមីម៉ែត្រ នោះដែរ។
បើតាម ឯកឧត្តម ឡាំ ជា ការកំណត់ព្រំដែនរវាងប្រទេសកម្ពុជា ជាមួយប្រទសវៀតណាម មកទល់ពេលនេះ គឺបានកំណត់ចំណុចនិយាមការជាង៣ពាន់ចំណុច នៅលើខ្សែព្រំដែនប្រមាណជាង១២៧០គីឡូម៉ែត្រ និងសម្រេចបានការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ បានចំនួនជាង២០៤០បង្គោល ដែលស្មើនឹងប្រមាណជាង៨៤%៕