ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាក់ស្តែង មានគម្រោងចំនួន៤១៣ ដែលមានទុនវិនិយោគជាង៨ពាន់លានដុល្លារ ទទួលបានការផ្តល់គោលការណ៍លើកទឹកចិត្តពីរដ្ឋ, អគារជាប់គាំងចំនួន ៧៦គម្រោងត្រូវបានជំរុញឱ្យបន្តសាងសង់ឡើងវិញ និង៣០គម្រោងផ្សេងទៀត បានសាងសង់រួចរាល់និងដំណើរការអាជីវកម្ម ព្រមទាំងបានទាក់ទាញគម្រោងវិនិយោគថ្មីចំនួន១៧៩គម្រោងផងដែរ។
លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកច្រើនក្នុងការទាក់ទាញការវិនិយោគនានា ចូលមកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះគួរឱ្យកត់សម្គាល់។ ប៉ុន្ដែអ្នកជំនាញរូបនេះអះអាងថា ការបន្តឱ្យអនុវត្តកម្មវិធីពិសេសនេះត្រឹមរយៈពេល២ឆ្នាំបន្ថែមទៀត ទំនងជាមិនអាចដោះស្រាយបញ្ចប់ទាំងងស្រុងនូវអគារជាប់គាំងសរុបជាង៣០០គម្រោង ក្នុងខេត្តព្រះសីហនុ នោះឡើយ ដ្បិតស្ថានភាពពិភពលោកបច្ចុប្បន្នស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងឱ្យធុរជន និងវិនិយោគិន អាចស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពពាក់ព័ន្ធនឹងគម្រោងអគារជាប់គាំង គម្រោងមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តព្រះសីហនុ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ពិសេសដូចជា ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះផ្សេងៗទៀត៕