អគ្គទេសាភិបាលធនាគារជាតិពន្យល់ពីមូលហេតុដែលអត្រាប្តូរប្រាក់ខ្ពស់

លោកជំទាវ ជា សិរី ប្រាប់ពីមូលហេតុដែលធ្វើឲ្យលុយរៀលធ្លាក់ថ្លៃ បើធៀបនឹងលុយដុល្លារនៅមួយរយៈចុងក្រោយ


នៅមួយរយៈពេលចុងក្រោយនេះ ធនាគារកណ្ដាលអាមេរិក បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដែលធ្វើឲ្យកម្រិតអត្រាការប្រាក់ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល២២ឆ្នាំមកនេះ ដែលធ្វើឲ្យប៉ះពាល់ដល់បណ្ដាប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាផងដែរ។
អគ្គទេសាភិបាលធនាគារជាតិពន្យល់ពីមូលហេតុដែលអត្រាប្តូរប្រាក់ខ្ពស់
ដោយ

សម្រាប់ប្រទេសកម្ពុជា គេសង្កេតឃើញថា នៅមួយរយៈពេលចុងក្រោយនេះ អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ដិរភាពសេដ្ឋកិច្ចនៅកម្ពុជា។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា បានសម្រេចបញ្ចេញទឹកប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកឲ្យស្ថិតក្នុងកម្រិតសមស្របតាមស្ថានភាពទីផ្សារ។ តើមានមូលហេតុអ្វី ដែលធ្វើឲ្យអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក កើនឡើងនៅរយៈពេលចុងក្រោយនេះ?

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចសាកលនៅមានភាពស្រួយស្រាលនៅឡើយ បើទោះបីវិបត្តិកូវីដ១៩មានការថមថយក៏ដោយ។ ជាក់ស្ដែងការដំឡើងអត្រាប្ដូរប្រាក់ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ការកាត់បន្ថយការផលិតប្រេងឆៅ ការឡើងថ្លៃនៃស្បៀងអាហារ ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុបានរុញច្រានឲ្យសេដ្ឋកិច្ចសាកលធ្លាក់ចូលក្នុងស្ថានភាពគួរឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកខ្ពស់បំផុត។

កត្តាទាំងអស់នេះបានបន្ថែមសម្ពាធមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសាកល ក៏ដូចជាប៉ះពាល់ដល់ចរន្តសាច់ប្រាក់លើពិភពលោក រួមទាំងកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី កត់សម្គាល់ឃើញថា នៅអំឡុងពេលមានភាពរអាក់រអួលនៃខ្សែច្រវ៉ាក់ផលិតកម្មបានជំរុញឲ្យទំនិញឡើងថ្លៃ ហើយធនាគារកណ្ដាលអាមេរិកអនុវត្តនូវផែនការដំឡើងអត្រាប្ដូរប្រាក់ជាបន្តបន្ទាប់ក្នុងគោលបំណងកាត់បន្ថយការបញ្ជាទិញ និងធ្វើឲ្យទំនិញធ្លាក់ថ្លៃ ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា។

ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក មិនត្រឹមតែធ្វើឲ្យបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជា ជួបប្រឈមនូវបញ្ហាកើនឡើងនូវអត្រាប្ដូរប្រាក់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគផងដែរ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ជា សិរី ដែលបានបន្ថែមថា នៅមុនវិបត្តិកូវីដ១៩ អត្រាការប្រាក់គោលរបស់អាមេរិកមានត្រឹម០.២៥% ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នអត្រាការប្រាក់គោលកើនដល់៥.២៥%។ សម្រាប់លោកជំទាវ ការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក បានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់បណ្ដាប្រទេសជាច្រើនលើភពលោក ពិសេសបណ្ដាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍តែម្ដង។

សូមបញ្ជាក់ថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាសម្រេចបញ្ចេញប្រាក់ដុល្លារ ជាបន្តបន្ទាប់ចូលទៅក្នុងទីផ្សារ ក្នុងគោលបំណងជួយរក្សាអត្រាប្ដូរប្រាក់នៅកម្ពុជាឲ្យមានលំនឹង។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានសម្រេចបញ្ចេញទឹកប្រាក់ដុល្លារចំនួន២លើក ដោយលើកទី១ចំនួន៥០លានដុល្លារអាមេរិក និងលើកទី២ចំនួន២០លានដុល្លារអាមេរិក ដែលធ្វើឲ្យស្ថានភាពអត្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ បន្ថែមលើនេះ ធនាគារជាតិនឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឲ្យវិនិយោគិនអាមេរិកឲ្យមកសិក្សាឱកាសវិនិយោគនៅកម្ពុជា នឹងរំពឹងទទួលបានការវិនិយោគថ្មីៗបន្ថែមពីអាមេរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការខិតខំប្រឹងប្រែងស្វែងរ…

កសិដ្ឋានមួយរំពឹងសាច់ត្រីទីឡាព្យ៉ា ដែលអាចហូបឆៅបាន អាចហក់ចូលទីផ្សារជប៉ុន និងអឺរ៉ុបនៅឆ្នាំក្រោយ

កសិដ្ឋានចិញ្ចឹម និងកែច្នៃសាច់ត្រីទីឡាព្យ៉ា ដែលជនជាតិជប៉ុនខ្លះហៅថា ត្រីណាន់ហ្គុយឹដៃ កំពុងសហការជាមួយអ្នកបច្ចេកទេសផ្នែកចំណីអាហារ ដើម្បីធ្វើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ