វិស័យអចលនទ្រព្យ

វៀតណាមបន្តយុទ្ធនាការបង្ក្រាបអំពើពុករលួយ ខណៈមានការក្លែងបន្លំអចលនទ្រព្យស្មើ ៣%នៃ GPD


ប្រធានបក្សកុម្មុយនិស្តវៀតណាម កាលពីថ្ងៃពុធ បានសច្ចាបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយក្នុងប្រទេសក្នុងរយៈវែងតទៅមុខទៀត ក្រោយមើលឃើញថា បញ្ហានេះកំពុងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចវៀតណាម។ ការប្តេជ្ញានេះធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះ ប៉ូសីលវៀតណាម បានបង្ហាញរឿងអាស្រូវឆបោកហិរញ្ញវត្ថុនៅក្នុងវិស័យអចលនទ្រព្យ ដែលមានតម្លៃលើស៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
វិស័យអចលនទ្រព្យ
ដោយ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីពេលថ្មីៗ លោក ង្វៀន ភូ ជុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បាននិយាយប្តេជ្ញាសាជាថ្មីក្នុងការកំចាត់អំពើពុករលួយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។ លោកថា វៀតណាមនឹងមិនបញ្ឈប់ឡើយ ហើយនឹងបន្តក្នុងរយៈពេលវែងតទៅមុខទៀត។

មែនទែនទៅ ការថ្លែងប្រឆាំងអំពើពុករលួយពីសំណាក់មេដឹកនាំកំពូលវៀតណាមរូបនេះ បានកើតឡើងបន្ទាប់ពីកាលពីពេលថ្មីៗ ប៉ូលីសវៀតណាមបានប្រកាសអំពីលទ្ធផលនៃការស៊ើបអង្កេតនាពេលកន្លងទៅលើរឿងអាស្រូវក្លែងបន្លំហិរញ្ញវត្ថុចំនួនពីរក្នុងវិស័យអចនទ្រព្យ ដែលមិនធ្លាប់មានពីមុនក្នុងតម្លៃប្រមាណជិត១៣ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៣,២% នៃផលិតផលក្នុងសរុបរបស់វៀតណាម។

គួរជម្រាបថា វៀតណាមបានបើកយុទ្ធនាការប្រឆាំងអំពើពុករលួយតាំងពីឆ្នាំ២០១៦ មក ប៉ុន្តែទើបទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរប្រទេសនេះ បានរឹបអូស និងបង្ក្រាបករណីក្លែងបន្លំ និងអំពើពុករលួយធំៗមួយចំនួន ដែលពាក់ព័ន្ធនឹងនាយកប្រតិបត្តិសាជីវកម្មកំពូល ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងអាស្រូវពីរកាលពីពេលថ្មីៗនេះ យោងតាមការស៊ើបអង្កេត ដែលចុះផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យ លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat និងបក្ខពួកផ្សេងទៀត បានកិបកេងប្រាក់ប្រមាណ៣០៤ទ្រីលានដុង ឬស្មើនឹងជាង១២ពាន់លានដុល្លារ ពីធនាគារពាណិជ្ញ Saigon។

ករណីឆបោកនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលលោកស្រី Lan ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំមុន ដែលនាំទៅរកវិបត្តិក្នុងវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្របំណុលសាជីវកម្មក្នុងប្រទេសវៀតណាមផងដែរ។ មិនតែប៉ុណ្ណោះ ទំហំទឹកប្រាក់ដ៏ធំ នៃការក្លែងបន្លំនេះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញហិរញ្ញវត្ថុវៀតណាម អំពីផលប៉ះពាល់លើវិស័យធនាគារដែរ​។

យោងតាមក្រុមអ្នកស្រាជ្រាវ JP Morgan បាននិយាយថា ទំហំនៃការក្លែងបន្លំនេះ អាចនាំឱ្យមានការអនុវត្តយ៉ាងតឹងរ៉ឹងជាងមុននៃច្បាប់ហិរញ្ញវត្ថុវៀតណាម ដែលនឹងនាំឱ្យមានការចំណាយខ្ពស់សម្រាប់អ្នកផ្តល់ប្រាក់កម្ចី ហើយក៏ពន្យឺតសក្តានុពលកំណើនសេដ្ឋកិច្ចផងដែរ។

ដោយឡែក នៅក្នុងរឿងអាស្រូវដាច់ដោយឡែកមួយទៀតកាលពីថ្ងៃពុធ ប៉ូលីសវៀតណាម បានចោទប្រកាន់ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Tan Hoang Minh Group ថា បានរៃអង្គាសប្រាក់ដោយខុសច្បាប់ជិត៩ទ្រីលានដុង ឬស្មើនឹងជាង៣៥៤លានដុល្លារ ដោយចេញមូលបត្របំណុលដល់វិនិយោគិនចំនួន៦ពាន់៦រយនាក់។ កាលពីខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ីបានព្រមានអំពីការរីករាលដាលនៃវិបត្តិក្នុងវិស័យអចលនទ្រព្យនេះចូលទៅក្នុងវិស័យធនាគារវៀតណាម ខណៈដែលសមាមាត្រនៃប្រាក់កម្ចីមិនដំណើរការបានកើនឡើង៕

None



អត្ថបទបន្ទាប់


ចង់ដើរកម្សាន្ដ និងទិញទំនិញដ៏សម្បូរបែបជាមួយការបញ្ចុះតម្លៃពិសេស នាឱកាសបុណ្យអុំទូក តើគួរទៅទីណាល្អ?

នាឱកាសពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋតែងតែធ្វើដំណើរកម្សាន្ដទៅកាន់ទីតាំងទេសចរណ៍សំខាន់ៗ ពិ…

បេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីដាក់ចេញផែនការ ដើម្បីស្តារសេដ្ឋកិច្ចដែលទំហំជាង១ទ្រីលានលានដុល្លារ

ដើម្បីឈ្នះទឹកចិត្តពលរដ្ឋនៅក្នុងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ បណ្តាបេក្ខជនប្រធានាធិបតីទាំងបីរូបបានដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ