នៅក្នុងសារលិខិតចុះនៅថ្ងៃ៥ ខែកញ្ញា និងបានផ្ញើទៅអង្គការណាតូ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានAPនោះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសក្រិកលោក Nikos Dendias បានអំពាវនាវឱ្យស្ថាប័នទាំង៣នេះ ស្តីបន្ទោសចំពោះទីក្រុងអង់ការ៉ា ប្រទេសតួកគី ជុំវិញការលើកឡើងរបស់លោក Erdogan កាលពីពេលថ្មីៗនេះ។
លោក Dendias បាននិយាយថា ការអនុញ្ញាតឱ្យតួកគីបន្តការគំរាមកំហែងប្រទេសក្រិកនេះ នឹងបង្កហានិភ័យនៃជម្លោះមួយផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប ពោលគឺវានឹងកើតមានសង្គ្រាមដែលកំពុងកើតឡើងដូចនៅប្រទេសអ៊ុយក្រែនអ៊ីចឹងដែរ។
លោក Dendias បានបញ្ជាក់ថា ប្រសិនបើអឺរ៉ុបមិនចាត់វិធានការដោះស្រាយទាន់ពេលវេលា ឬក៏វាយតម្លៃទាបពេកពីស្ថានភាពធ្ងន់ធ្ងរនៃបញ្ហានេះទេ នោះអឺរ៉ុបអាចនឹងកើតមានស្ថានភាពអាក្រក់មួយទៀតស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននៅផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុបជាក់ជាមិនខានឡើយ។
នៅក្នុងលិខិតមួយផ្ញើជូនអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg អ្នកការទូតកំពូលរបស់ក្រិករូបនេះបាននិយាយថា អាកប្បកិរិយារបស់តួកគីគឺជាកត្តាអស្ថិរភាពសម្រាប់ឯកភាព និងការរួបរួមរបស់អង្គការណាតូ ដោយធ្វើឱ្យផ្នែកខាងត្បូងរបស់ណាតូចុះខ្សោយនៅពេលវិបត្តិនេះកើតឡើង។ នេះបើយោងតាមដក់ស្រង់មកចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Associated Press ។
ទោះបីជាប្រទេសទាំងពីរនេះជាសមាជិកណាតូក៏ដោយ ក៏ប៉ុន្តែតួកគី និងក្រិកមានទំនាក់ទំនងចម្រូងចម្រាសជាប្រវត្តិសាស្ត្រ និងមានជម្លោះជាយូរអង្វែងមកហើយពាក់ព័ន្ធនឹងប្រជុំកោះនៅសមុទ្រអេជៀន (Aegean) ដោយខ្វែងគំនិតគ្នាលើបញ្ហាផ្សេងៗដូចជាព្រំដែនសមុទ្រជាដើម។
សូមរំលឹកថា លោក Erdogan កាលពីចុងសប្តាហ៍មុនបានចោទប្រទេសក្រិកថា បានកាន់កាប់ប្រជុំកោះគ្មានយោធានៅក្នុងសមុទ្រ Aegean ដោយបានព្រមានថា តួកគីនឹងធ្វើ«អ្វីៗដែលចាំបាច់»នៅពេលដែលពេលវេលាមកដល់ ហើយក្នុងអ្វីដែលវាហាក់ដូចជាការគំរាមកំហែងធ្វើការឈ្លានពាន ឬការវាយប្រហារទៅលើប្រទេសក្រិកមែននោះ លោក Erdogan បានព្រមានថា តួកគីអាចចុះទៅដល់ប្រជុំកោះនោះភ្លាមៗមួយរំពេច។
លោក Erdogan អះអាងច្បាស់ៗទៀតថា អ្វីដែលលោកកំពុងតែនិយាយនេះ គឺមិនមែនជាការសុបិននោះទេ ហើយលោកបានសង្កត់ធ្ងន់ដដែលៗថា នៅពេលណាពេលវេលាមកដល់ តួកគីអាចទៅដល់ប្រជុំកោះជម្លោះជាមួយប្រទេសក្រិកនោះភ្លាមៗតែម្ដង៕
អត្ថបទ៖ សុខ ជា