
អាជ្ញាធរក្រុងហាណូយនឹងបិទផ្សារ និងកន្លែងលក់ទំនិញតាមចិញ្ចើមផ្លូវ ក៏ដូចជាកន្លែងសត្តឃាត ដែលគ្មានសណ្ដាប់ធ្នាប់ទូទាំងទីក្រុងទាំងអស់នៅត្រឹមឆ្នាំ២០២៥ ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យ និងសោភណភាពតាមដងផ្លូវក្នុងទីក្រុង ក៏ដូចជាកែលម្អសុវត្ថិភាពចំណីអាហារ និងទាក់ទាញភ្ញៀវទេសចរជាដើម។
វិធានការថ្មីរបស់អាជ្ញាធរកុ្រងហាណូយនេះ នឹងផ្តោតលើគោលដៅផ្សារលក់ទំនិញលើចិញ្ចើមផ្លូវក្រៅផ្លូវការ និងតូបបណ្ដោះអាសន្នដែលបានលក់ទំនិញហូរហៀរចេញលើចិញ្ចើមផ្លូវ និងផ្លូវដើរផ្សេងៗទៀត។ មុនអនុវត្តវិធានការនេះ អាជ្ញាធរនឹងចុះទៅតាមភូមិ-សង្កាត់នីមួយៗ ដើម្បីណែនាំឱ្យក្រុមអាជីវករបញ្ឈប់លក់ដូរក្រៅផ្លូវការទាំងនេះ លើកទឹកចិត្តពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់ទិញទំនិញ និងចេះរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវបន្ទាប់ពីបោសសម្អាតរួចហើយ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឡៅដុងរបស់វៀតណាម ទីសត្ដឃាតពាហនៈ និងបក្សីជាង៧០០កន្លែងនៅក្នុងទីក្រុងនេះ ក៏នឹងត្រូវបិទចោលផងដែរ ហើយអាជ្ញាធរនឹងផ្លាស់ប្តូរទីតាំងទាំងនេះទៅកន្លែងល្អប្រសើរ ដែលបំពេញតាមស្តង់ដា អនាម័យ និងសុវត្ថិភាព ជាមួយការលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការគាំទ្រសម្រាប់គ្រួសាររងផលប៉ះពាល់។
អាជ្ញាធរគ្រោងនឹងបោសសម្អាតផ្សារ និងការផ្លាស់ប្តូរទីតាំងសត្តឃាតទាំងអស់នេះឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយសន្យាថា នឹងមានផ្លូវស្អាតជាងមុន អាហារមានសុវត្ថិភាព និងបរិយាកាសទីក្រុងល្អប្រសើរជាងមុនសម្រាប់អ្នករស់នៅទីក្រុងហាណូយ។
គួររំលឹកដែរថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានចេញសារាចរមួយកាលពីថ្ងៃទី១២ ខែកក្កដា ដោយណែនាំឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តបម្រាមមិនឱ្យម៉ូតូ ដែលប្រើប្រាស់ថាមពលឧស្ម័នបើកបរនៅកណ្ដាលរដ្ឋធានីហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅផងដែរក្នុងបំណងរួមចំណែកដល់ផែនការកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់៕
ដោយ៖ សុខ មង្គល