
ដោយមើលឃើញពីសមត្ថភាព និងក្នុងស្មារតីមនុស្សធម៌ និងការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ ក្រុមហ៊ុន ហនុមាន នៅថ្ងៃទី ០៦ ខែសីហានេះ បានប្រកាសផ្ដល់ជំនួយដល់ប្អូនស្រី ប៉ាវ គីមហួយ ចំនួនទឹកប្រាក់ ៣០០ដុល្លាររៀងរាល់ខែ ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីឱ្យនាងមានលទ្ធភាពក្នុងការលើកស្អួយជីវភាពរស់នៅប្រចាំថ្ងៃ និងលើកទឹកចិត្តយុវតីរូបនេះ ឈានទៅសម្រេចគោលបំណង បន្ដការសិក្សា និងក្លាយជាគ្រូបង្រៀន ដូចបំណងប្រាថ្នា។
ប្អូនស្រី ប៉ាវ គីមហួយ បច្ចុប្បន្ន មានជីវភាពខ្វះខាត ជាក្មេងកំព្រាឪពុក រស់នៅជាមួយម្ដាយ និងមានបងប្អូនដល់ទៅ ១០នាក់។ ដោយសារតែជីវភាពខ្វះខាត ប្អូនបានបង្ខំចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ ហើយដើម្បីធ្វើការរកលុយផ្គត់ផ្គង់គ្រួសារ ប៉ុន្ដែ បន្ទាប់ពីមានសង្គ្រាមឈ្លានពានដោយកងទ័ពថៃមកលើទឹកដីនៃប្រទេសកម្ពុជា រូបនាងរួមជាមួយនឹងក្រុមគ្រួសារបានចាកចោលផ្ទះសម្បែង និងបានមកស្នាក់នៅក្នុងជំរំជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ។
តាមរយៈជំនួយរបស់ក្រុមហ៊ុន ហនុមាន នាពេលនេះ គឺជាការជួយផ្នែកហិរញ្ញវត្ថុ និងស្មារតីលើកទឹកចិត្តយ៉ាងខ្លាំងដល់រូបប្អូនស្រី និងក្រុមគ្រួសារ នៅគ្រាដែលកំពុងមានការជួបការលំបាក។
