
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់ការអភិវឌ្ឍការអប់រំ និងហិរញ្ញវត្ថុ។ អតិថិជនរបស់ធនាគារ ហត្ថានឹងរីករាយជាមួយនឹងការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់។ ស្ថាប័នទាំងពីរនឹងលើកកម្ពស់សេវាកម្មរបស់គ្នាទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសកម្មភាពយុទ្ធនាការរួមគ្នា។

ថ្លែងអំពីភាពជាដៃគូនេះ លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា "កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដោយធ្វើឱ្យការអប់រំកាន់តែងាយស្រួល ធ្វើអោយប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់កម្លាំងការងារនាពេលអនាគត។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង យើងមានគោលបំណងធ្វើឱ្យសហគមន៍កាន់តែទូលំទូលាយ ទទួលបានសេវាអប់រំ និងហិរញ្ញវត្ថុចម្បងៗបន្ថែមទៀត”។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ក៏បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូ ដោយបានបញ្ជាក់ថា "យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតរបស់យើងឆ្ពោះទៅកាន់វឌ្ឍភាព និងការរៀនសូត្រកាន់ប្រសើរ។ កិច្ចសហការនេះ មិនត្រឹមតែគាំទ្រដល់ការធ្វើដំណើរអប់រំរបស់និស្សិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគម្លាតរវាងវិស័យសិក្សា និងវិស័យហិរញ្ញវត្ថុ ដោយធានាថានិស្សិតបញ្ចប់ការសិក្សារបស់យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់កម្លាំងពលកម្មនាពេលអនាគត”។

អាស្រ័យហេតុនេះ ភាពជាដៃគូនេះស្របជាមួយនឹងគោលដៅទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងជួយកសាងសង្គមដែលជំរុញដោយចំណេះដឹង កាន់តែប្រសើរ។

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែលទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយាល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាពងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

