ឥណ្ឌា និងចិនកំពុងដើរផ្លូវកណ្ដាលរឿងសង្គ្រាមនៅអ៊ុយក្រែន

មហាអំណាចឥណ្ឌា និងចិនកំពុងដើរផ្លូវកណ្ដាល មិនលូកដៃជ្រៅទៅក្នុងសង្គ្រាមនៅអ៊ុយក្រែនឡើយ


នៅពេលដែលរុស្ស៊ី និងលោកខាងលិចប្រឈមមុខដាក់គ្នាលើអ៊ុយក្រែន ដែលវាប្រហែលជាវិបត្តិដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកនោះ គេសង្កេតឃើញថា ប្រទេសមហាអំណាចដែលកំពុងរីកចម្រើនធំជាងគេទាំងពីររបស់ពិភពលោកគឺ ចិន និងឥណ្ឌា ហាក់មិនចេញមុខរិះគន់ ហើយ ក៏មិនគាំទ្រលើសកម្មភាពឈ្លានពានរបស់រុស្ស៊ីឡើយ។
ឥណ្ឌា និងចិនកំពុងដើរផ្លូវកណ្ដាលរឿងសង្គ្រាមនៅអ៊ុយក្រែន
ដោយ

នៅក្នុង​វិបត្តិសង្គ្រាម​នៅអ៊ុយក្រែន ប្រទេសចិន និងឥណ្ឌា បានត្រឹមទាមទារឱ្យមានការដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ ខណៈដែលប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តជាច្រើន បានប្រកាសដាក់ទណ្ឌកម្មផ្ទួនៗលើរុស្ស៊ីជុំវិញការផ្ទុះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែននេះ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់ទៅកាន់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីតាមទូរស័ព្ទថា ខណៈដែលចិនតែងតែគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ខ្លួនមើលឃើញ អំពីបរិបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ និងពិសេសមួយលើបញ្ហាអ៊ុយក្រែន ហើយខ្លួនក៏យល់ពីកង្វល់របស់រុស្ស៊ីលើបញ្ហាសន្តិសុខផងដែរ។ ប៉ុន្ដែ ទាក់ទិននឹងការឈ្លានពានបូរណភាពទឹកដីនេះ លោកវ៉ាង យី ហាក់កំពុងផ្ដល់សញ្ញាថា ប្រទេសចិនមិនគាំទ្រប្រតិបត្តិការរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ។ ប៉ុន្តែនៅពេលរុស្ស៊ី លើកឡើងពី "បរិបទប្រវត្តិសាស្ត្រ" ក៏ដូចជាកង្វល់នៅពេលដែលអ៊ុយក្រែនចូលជាសមាជិកណាតូ ដែលអាចប៉ះពាល់ដល់សន្តិសុខប្រទេសរបស់ខ្លួន ចិនហាក់យល់ស្របជាមួយសកម្មភាពរុស្ស៊ី។

ដោយឡែក ចំពោះប្រទេសឥណ្ឌាវិញ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បាននិយាយជាមួយលោក ពូទីន អំពីមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយភាពតានតឹងរវាងរុស្ស៊ី និង ណាតូ គឺ តាមរយៈការសន្ទនាដោយសន្តិវិធី។

ការស្នើរបស់លោក ម៉ូឌី ទៅកាន់រុស្ស៊ីបែបនេះ ហាក់បានធ្វើឲ្យបេសកជនអ៊ុយក្រែនមិនពេញចិត្តនឹងការឆ្លើយតបរបស់ឥណ្ឌាសោះឡើយ ខណៈបេសកជនរូបនេះគិតថា លោកម៉ូឌីនឹងអាចធ្វើឱ្យរុស្ស៊ីគិតពីសកម្មភាពរបស់គេឡើងវិញនៅពេលនេះ តាមរយៈការប្រកាន់ជំហរតឹងរ៉ឺងទៅលើរុស្ស៊ីពីសំណាក់ប្រទេសឥណ្ឌា។

សូមជម្រាបថា ឥណ្ឌាបានប្រុងប្រយ័ត្នយ៉ាងខ្លាំងដោយមិនចង់ដុតកម្ទេចស្ពានមិត្តភាពជាមួយរុស្ស៊ី ដែលជាមិត្តប្រវត្តិសាស្ត្រ ដែលខ្លួនទិញសព្វាវុធជាច្រើននោះទេ។ យ៉ាងណាមិញ ពេលនេះ ទីក្រុងញូវដែលីត្រូវបានជាប់នៅក្នុងស្ថានភាពដ៏លំបាកមួយ ដោយត្រូវធ្វើឱ្យមានតុល្យភាពរវាងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងលោកខាងលិច ខណៈប្រទេសរុស្ស៊ីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឥណ្ឌាក្នុងនាមជាដៃគូការពារជាតិ និងជាដៃគូយុទ្ធសាស្ត្រ។

ដូចនេះ បើក្រឡេកទៅមើលចិនវិញ ចិនក៏មើលទៅស្ថិតក្នុងស្ថានភាពមិនស្រួលដូចគ្នាផងដែរ ខណៈចិនបានផ្ដល់ការគាំទ្រដល់រុស្ស៊ីក្នុងការប្រឆាំងនឹងការពង្រីកសមាជិកណាតូ។ ជាមួយគ្នានេះ អ្នកវិភាគជាច្រើនមានការសង្ស័យថា តើលោក ស៊ី ជីនពីង ពិតជាបានផ្តល់ការយល់ព្រមចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែរឬទេ?។

យ៉ាងណាមិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ជាច្រើនថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ថ្មីៗនេះបានថ្កោលទោសសហរដ្ឋអាមេរិកថាជា ជាអ្នកបង្កឲ្យមានភាពតានតឹងនាពេលបច្ចុប្បន្ននេះ និងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងថ្ងៃតែមួយរុស្ស៊ីវាយអ៊ុយក្រែន ចិនបញ្ជូនយន្តហោះចម្បាំងចូលដែនអាកាសកោះតៃវ៉ាន់

ព័ត៌មាន
ថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈឆ្នាំ២០២២ អាចត្រូវបានគេកត់ត្រាទុកជាថ្ងៃដ៏អាប់អ៊ួរ នៃប្រវត្តិសាស្រ្តមនុស្សជាតិសម័យទំនើប គ្រាដែលមហាអំណាចយោធាលំដាប់ទី…

ថៃត្រៀមជម្លៀសប្រជាជនថៃចេញពីអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងវាយសង្គ្រុបទៅលើរដ្ឋធានីកៀវ

ព័ត៌មាន
ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកាន់តែអាប់អ៊ួរខ្លាំងឡើងនោះ ប្រទេសថៃកំពុងញាប់ដៃញាប់ជើងក្នុងការត្រៀមទៅជម្លៀសប្រជាជនរបស់ខ្លួនចេញពីទឹកដីដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ