ត្រីរាប់ពាន់ក្បាលបានងាប់ជាបន្តបន្ទាប់នៅក្នុងបឹងសុងមៃ ដែលមានទំហំប្រមាណជា៣០០ហិកតានៅក្នុងសុ្រក ត្រាង បុម ខេត្តដុងណៃ ភាគខាងត្បូងប្រទេសវៀតណាម។ អ្នកភូមិបានរាយការណ៍ថា ជីវិត និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់នោះ គឺកំពុងតែក្រឡាប់ចាក់ដោយសារតែរលកកម្តៅ ដែលបានវាយប្រហារប្រមាណជា១០ថ្ងៃកន្លងមកនេះ។
ពួកគេបានអះអាងថា ត្រីវាបានពុល និងខ្វះអុកស៊ីសែនងាប់អណ្តែតពេញផ្ទៃទឹកនៅកន្លែងដែលមិនទាន់រីង ហើយក្លិនអសោចកំពុងតែកើតមាននៅក្នុងសហគមន៍ដោយសារតែបរិមាណត្រីដែលងាប់គឺលើសពីអ្វីដែលប្រជាជនគិតទុក។ បច្ចុប្បន្នទឹកនៅក្នុងបឹងនេះបានហួតដល់កម្រិតទាបបំផុត ដែលមិនអាចធ្វើឱ្យត្រីរស់នៅលែងកើត ដោយសារតែវាក្តៅហើយអស់អុកស៊ីសែនសម្រាប់វា។
ប្រជាពលរដ្ឋបានរាយការណ៍ថា ដំបូងឡើយពលរដ្ឋព្យាយាមបង្ហូរទឹកដើម្បីសង្រ្គោះដំណាំ ខណៈដែលអ្នកគ្រប់គ្រងធនធានទឹកនៅក្នុងបឹងនេះបានបង្ហូរចេញ ដើម្បីចាប់ត្រីនៅផ្នែកខ្លះ ប៉ុន្តែដោយសាររលកកម្ដៅបានធ្វើឲ្យទឹកកាន់តែរីងលឿនលើសពីការគ្រប់គ្រង។ ក្រោយពេលកើតហេតុការណ៍អ្នកស្រុកបានព្យាយាមស្តារ និងកាយភក់ដើម្បីឲ្យទឹករក្សាបាននៅកន្លែងខ្លះក្រែងអាចឱ្យត្រីខ្លះអាចបន្តរស់រាន្តមានជីវិតបន្ត៕
ដោយៈ សរ សុជាតិ