កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះនិងរៀបចំឡើងដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានធ្វើជាតំណាងរបស់ក្រុមហ៊ុន HEINEKEN Cambodia ដើម្បីលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះចំពោះការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកស្រី Ollivier បានរំលេចគោលនយោបាយរបស់ក្រុមហ៊ុន ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុនលើថាមពលកកើតឡើងវិញផងដែរ។
លោកស្រី Ollivier បានមានប្រសាសន៍ថា៖ “អព្យាក្រឹត្យភាពកាបូនមិនមែនជាអ្វីថ្មីទេសម្រាប់ក្រុមហ៊ុន HEINEKEN។ យើងកំពុងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ក្រុមហ៊ុនរបស់យើងនៅទូទាំងពិភពលោក ហើយយើងក៏កំពុងធ្វើដូចគ្នានេះផងដែរក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ យើងក៏បានចាប់ផ្តើមវិនិយោគលើដំណោះស្រាយថាមពលកកើតឡើងវិញផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់យើងហៅថា ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ ដែលបានដាក់ដំណើរការក្នុងឆ្នាំ២០១០។ យុទ្ធសាស្ត្រនេះក៏អនុវត្តផងដែរចំពោះកម្ពុជា”។
គិតត្រឹមឆ្នាំ២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ខ្លួនបាន ៥០%។
ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើរោងចក្រប្រព្រឹត្តកម្មសំណល់រាវនៅក្នុងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយការដំឡើងរោងចក្រប្រព្រឹត្តកម្មសំណល់រាវនេះ កំពុងត្រូវបានប្រើប្រាស់ធ្វើជាថាមពលកម្តៅក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុន ដែលជាថាមពលកកើតឡើងវិញមួយក្នុងចំណោមថាមពលកកើតឡើងវិញផ្សេងៗទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះបានរៀបចំការសាងសង់រោងចក្រជីវម៉ាសផងដែរ។
លោកស្រី Ollivier បានបន្តថា៖ “ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ហើយយើងប្តេជ្ញាចិត្តពន្លឿនសកម្មភាពរបស់យើងដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងគោលដៅ ១,៥អង្សាសេដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។
កាលពីខែមេសា ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរលំដាប់ពិភពលោកមួយនេះបានបង្ហាញគោលបំណងថ្មីៗនៅអន្តរជាតិ និងក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានផែនការបញ្ចេញឧស្ម័នកាបូនសូន្យនៅក្នុងផលិតកម្មផ្ទាល់របស់ខ្លួននៅត្រឹមឆ្នាំ២០៣០។
ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន HEINEKEN មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងចង្វាក់តម្លៃទាំងមូល (value chain) របស់ខ្លួនធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូននៅក្នុងចង្វាក់តម្លៃទាំងស្រុងរបស់ខ្លួន។ ក្រុមហ៊ុនកំពុងចាត់វិធានការផ្អែកលើវិទ្យាសាស្រ្តតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅផ្អែកលើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ក្រុមហ៊ុន។
លោកស្រី Ollivier បានបន្ថែមថា៖ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេស និងជាម៉ាកយីហោក្នុងស្រុកមួយដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិពីក្រុមហ៊ុនមេលំដាប់ពិភពលោករបស់យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿជាក់ថា ក្រុមហ៊ុនមានភារកិច្ចដើម្បីជំរុញ និងបង្ហាញទៅកាន់អ្នកផ្សេងទៀតថា វាអាចសម្រេចបានយ៉ាងពិតប្រាកដ”។
ក្រៅពីអព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន HEINEKEN ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹកសម្រាប់ក្រុមហ៊ុន និងការប្រើប្រាស់ទឹកឡើងវិញផងដែរ។ គោលបំណងរបស់ក្រុមហ៊ុនគឺជំរុញឱ្យមានពិភពលោកមួយប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈដែលក្រុមហ៊ុនក៏តស៊ូមតិឱ្យពិសារគ្រឿងស្រវឹងក្នុងកម្រិតសមស្រប។ ទាំងនេះគឺជាសរសរស្តម្ភពីរផ្សេងទៀតនៃគោលបំណង “ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” របស់ក្រុមហ៊ុន៕