
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនវីរយុទ្ធជនដ៏អង់អាចក្លាហានចំនួន ១១ អង្គភាព ទិសខេត្តឧត្តរមានជ័យ ក្នុងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវសេចក្តីនឹករលឹក និងបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវ ៤ ចំណុច ដើម្បីផ្តាំផ្ញើជូនដល់វីរកងទ័ពប្រចាំទិសខេត្តឧត្តរមានជ័យ តាមរយៈតំណាងទាំង ១១ អង្គភាព ដែលបានអញ្ជើញមកទទួលអំណោយសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដូចខាងក្រោម៖
ទី១.គោរពបងប្អូនយុទ្ធជនវីរកងទ័ពទាំងអស់ ចំពោះវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃកម្ពុជាយើង ជាពិសេសការតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិដ៏ក្តៅគគុកនាពេលថ្មីៗកន្លងមកនេះ នៅតាមតំបន់ព្រំដែន ដូចជាតាមាន់ តាក្របី ជប់គគីរ និងថ្មដូន
ទី២.សម្តែងសេចក្តីស្រលាញ់ចំពោះវីរកងទ័ពទាំងអស់ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការ
គណៈរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ក៏ដូចជាក្នុងនាមជាប្រជាជនកម្ពុជាទាំងមូល
ទី៣.ផ្តល់ការគាំទ្រ ក្នុងកាលៈទេសៈជួបការលំបាកនេះ ដែលរាជរដ្ឋាភិបាល យុទ្ធជន និងប្រជាជន គឺជាធ្លុងតែមួយ ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខ ជាកម្លាំងតែមួយ ជាកម្លាំង ដែលមិនអាចអ្នកណាម្នាក់យកឈ្នះកម្ពុជាបាន និង
ទី៤.លើកទឹកចិត្ត និងផ្ដល់នូវភាពកក់ក្ដៅចេញពីបេះដូងពិតប្រាកដ និងបន្ថែមនូវកម្លាំងចិត្ត ដើម្បីបន្តធានាដល់កិច្ចការពារជាតិ និងការពារទឹកដីរបស់យើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា នៅពេលនេះ កម្លាំងគាំទ្រពីសមរភូមិក្រោយ គឺបានរួមគ្នាយ៉ាងសស្រាក់សស្រាំ មិនថារាជរដ្ឋាភិបាល មិនថាប្រជាជន មិនថាវិស័យឯកជនក្រុមហ៊ុន មិនថាសិល្បករ អាជីវករ កសិករ ឬមិនថាជាអ្នកណាទេ គឺម្នាក់ៗបានខិតខំគ្រប់មធ្យោបាយទាំងអស់រៀងៗខ្លួន ដើម្បីគាំទ្រដល់សមរភូមិមុខ ទាំងស្មារតី និងទាំងសម្ភារៈថវិកា យ៉ាងផុសផុល ជាពិសេសសម្រាប់ជូនដល់បងប្អូនវីរ
កងទ័ពទាំងអស់ និងក្រុមគ្រួសារ។


















