
ឯកឧត្តម វង្សី វិស្សុត ក្នុងឱកាសនៃការគោរពវិញ្ញាណក្ខន្ធ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានពាំនាំនូវការរំលែកទុក្ខឥតឧបមា និងការសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដែលបានបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ផងដែរថា ការបាត់បង់ វរសេនីយ៍ត្រី ជួង លៀប គឺជាការបត់បង់នូវយោធិនស្នេហាជាតិមួយរូប ដែលពោរពេញដោយភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ។ ឯកឧត្តម វង្សី វិស្សុត ក៏បានបានបញ្ជាក់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ចំពោះ
វីរយុទ្ធជនគ្រប់រូប ដែលបានលះបង់នូវកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជាពិសេសបានចូលរួមធ្វើពលិកកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនៈសិការដ៏មោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជូនជាតិមាតុភូមិ។






