ប្រទេសថៃ

តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!


នៅទីបំផុត សាលក្រមតុលាការធម្មនុញ្ញថៃ នៅថ្ងៃទី ៣០ ខែកញ្ញាបានប្រកាសសម្រេចថា ឲ្យលោកប្រាយុទ្ធ ចាន់ អូចា ឡើងមកកាន់តំណែងនាយករដ្ឋមន្ត្រីឡើងវិញហើយ ក្រោយពីស៊ើបអង្កេតកំណត់រកឃើញថា អាណត្តិនាយករដ្ឋមន្ត្រីរបស់ប្រាយុទ្ធ ចាន់អូចា មិនទាន់ដល់រយៈពេលកំណត់ ៨ឆ្នាំ ដែលត្រូវផុតអាណត្តិនោះឡើយ។
តុលាការធម្មនុញ្ញថៃ សម្រេចឲ្យលោកប្រាយុទ្ធ ចាន់អូចា បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីវិញហើយ!

តាមការប្រកាស​ពីតុលាការមួយនេះ លោកប្រាយុទ្ធ​ផ្តើមកាន់ដំណែងជាផ្លូវការ​ចាប់ពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៧មក មិនមែន​រាប់ចាប់តាំងពីខែសីហា ឆ្នាំ២០១៤មកនោះទេ។ ដូច្នេះ លោកអាចបន្ដតំណែងនាយករដ្ឋមន្ត្រីបានដល់ប្រហែលទៅ៣ឆ្នាំទៀតឯណោះ។ ការសម្រេច​របស់តុលាការធម្មនុញ្ញថៃនេះ ធ្វើឡើង​បន្ទាប់ពីបានបើកការស៊ើបអង្កេតកាត់ក្ដីអស់រយៈកន្លះខែ នៅក្រោយពីបាន​​បោះឆ្នោតព្យួរតំណែងនាយករដ្ឋមន្ត្រី​របស់លោកប្រាយុទ្ធ កាលពីថ្ងៃទី ២៤ ខែសីហា​កន្លងទៅនេះ។

តុលាការ​ធម្ម​នុញ្ញ​ថៃ​បាន​សម្រេច​ចេញ​សាល​ក្រម​​ជុំវិញ​ការ​កំណត់​អាណត្តិ​របស់​លោក ប្រាយុទ្ធ​ ​នៅ​រសៀលថ្ងៃ​សុក្រទី៣០ខែកញ្ញា​នេះ ​ដោយ​បាន​គាំទ្រឱ្យ​លោក​ធ្វើ​​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​បន្ត​ទៀត​ ប្រសិន​បើ​លោក​ចង់​បន្ត​មែន​នោះ ​ក្រោយ​ពី​តុលាការ​នេះ​បាន​រក​ឃើញ​ថា អាណត្តិ​របស់​លោក​នៅ​មិន​ទាន់​គ្រប់​​រយៈ​ពេល ៨ ឆ្នាំ​នៅ​ឡើយ​ទេ​។​​​

បើ​យោងតាមមាត្រាទី​១៥៨​​នៃច្បាប់​រដ្ឋធម្មនុញ្ញថៃ​​បាន​ចែង​ថា​ នាយករដ្ឋមន្ត្រីថៃ​អាចកាន់​តំណែងបាន​​​យូរ​បំផុត​​​ត្រឹមរយៈពេល ​៨ ឆ្នាំ​តែ​ប៉ុណ្ណោះ​។

នៅ​មុន​ពេល​ប្រកាស​សាល​ក្រម​នេះ​ ប្រជា​​ពលរដ្ឋ​ស្ទើរតែ​​គ្រប់​មជ្ឈដ្ឋាន​បាន​​​រង់​ចាំមើល​​ការ​សម្រេចចិត្ត​របស់​តុលាការ​នេះ​យ៉ាង​អន្ទះសា​ជា​ទី​បំផុត ​ដោយអ្នកសិក្សា​មួយ​ចំនួន​​បាននិយាយ​ថា ​វា​ទំនង​ជា​នឹង​មាន​ការផ្លាស់ប្តូរ​នូវ​​ទិដ្ឋភាពនយោ​បាយ​របស់ប្រទេសថៃ​​ដោយមិនគិត​​ពី​​ការសម្រេចចិត្តរបស់​តុលាការ​នេះ​ទេ​។

នៅអំឡុងពេលនៃការប្រកាសសាលក្រម​របស់តុលាការធម្មនុញ្ញថៃ គេសង្កេត​​​​តំបន់​មួយ​ចំនួន​នៅ​ក្នុង​បរិវេណ​តុលាការ​​​ត្រូវដាក់​កម្រិត​​មិនឲ្យចេញចូលផ្ដេសផ្ដាស​ឡើយ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ លើកលែងតែ​ពួកគេ​មកស្វែងរកសេវារដ្ឋាភិបាល​​ចាំ​បាច់​ណា​មួយ​ ហើយ​ភ្ញៀវ​ទាំងអស់គឺ​តម្រូវ​ឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព​ជា​មុន​​ផង​ដែរ​។

ប្រធាន​តុលាការ​គឺ​លោក Worawit Kangsasithiam អះអាងថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតឡើងក្នុងអំឡុង​ពេល​ប្រកាស​សាលក្រម​នេះ​។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃទី២៤ ខែសីហា ​តុលាការ​នេះ​បានបោះឆ្នោត​គាំទ្រ​ក្នុង​សំឡេង​៥ទល់​នឹង​៤​ដើម្បី​ព្យួរតំណែង​របស់​លោក​ ប្រាយុទ្ធ ​ជានាយករដ្ឋមន្ត្រីរហូតដល់​តុលាការ​នេះ​បាន​ប្រកាស​ពី​ការកំណត់អាណត្តិរបស់​លោក​នៅថ្ងៃ​ទី៣០ខែកញ្ញា​។

ទោះ​ជា​យ៉ាង​ណា​ ក្នុង​អំឡុង​ពេល​ព្យួរ​ដំណែង​នោះ​ តុលាការធម្មនុញ្ញ​​បាន​អនុញ្ញាតឱ្យ​​លោក ប្រាយុទ្ធ ​​រក្សា​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ ជំនួសលោកឧបនាយករដ្ឋមន្ត្រីប្រាវីដ វ៉ុងស៊ូវ៉ុន ហើយលោក ប្រាវីដបានឡើងធ្វើជានាយករដ្ឋមន្ត្រីស្ដីទីជំនួសវិញ៕




អត្ថបទបន្ទាប់


ចំណូលពន្ធដារកើនដល់ជិត ២,៧ ពាន់លានដុល្លារ នៅ៩ខែ ឆ្នាំនេះ ស្មើនឹងជាង៩៥% នៃផែនការច្បាប់

ព័ត៌មាន
ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…

ក្រសួងសេដ្ឋកិច្ច និងភាគីពាក់ព័ន្ធពិភាក្សារកដំណោះស្រាយ ដើម្បីជំរុញការវិនិយោគលើធុរកិច្ចបង្កើតថ្មី និងSME ក្រោយវិបត្តិកូវីដ១៩

ព័ត៌មាន
ដោយសង្កេតឃើញពីបញ្ហាដែលបាននិងកំពុងកើតមានក្នុងវិស័យធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមកម្ពុជា មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ