
ដោយមានសមាសភាពចូលរួមសរុបចំនួនប្រមាណ៦០នាក់ ដែលរួមមាន
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន, ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា, ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតនិងតំណាងស្ថានទូតចំនួន ១៨នៅក្នុងនិងក្រៅប្រទេស, ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ-អន្តរជាតិជាច្រើនផ្សេង
ទៀត។
ជាការចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានរំលឹកដល់គុណូបការៈដ៏ជ្រាលជ្រៅបំផុត និងចងចាំជានិច្ចនូវស្នាដៃនិងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជាលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តជាង ២០០០ឆ្នាំរបស់កម្ពុជា ជាពិសេសការផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមាន អ.វ.ត.ក. ដែលជាតុលាការកូនកាត់គំរូមួយដែលមានការចូលរួមសហការពីអង្គការសហប្រជាជាតិនិងការគាំទ្រពីសហគមន៍អន្តរជាតិ។

ហើយបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាបន្តទទួលបានសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ដែលទាំងនេះជាភាគលាភនៃសុខសន្តិភាព ដែលសម្រេចបានដោយលំបាកដោយថ្នាក់ដឹកនាំជំនាន់មុន និងជាការផ្លាស់ប្តូរមុខមាត់នៃប្រទេសកម្ពុជាពីប្រទេសមួយដែលរងការហែកហួរដោយសង្រ្គាម ទៅជាប្រទេសប្រកបដោយការអភិវឌ្ឍ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ក៏បានជម្រាបជូនអង្គប្រជុំផងដែរអំពីទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត ក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិលត្រឡប់មកវិញនូវអំពើសាហាវយង់គ្នងនិងប្រល័យពូជសាសន៍ ព្រមទាំង ចែករំលែកបទពិសោធដែលទទួលបានដ៏លំបាករបស់កម្ពុជាទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក។ ស្ថាប័នកេរដំណែលនេះមានបេសកកម្ម៖ ១). គ្រប់គ្រង និង ថែរក្សាទុកបណ្ណសារពាក់ព័ន្ធនឹង អ.វ.ត.ក. ២).ជំរុញការបណ្តុះបណ្តាល និងស្រាវជ្រាវលើសមិទ្ធផល បទពិសោធមានតម្លៃ និងយុត្តិសាស្ត្ររបស់ អ.វ.ត.ក. ៣).ផ្សព្វផ្សាយអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដើម្បីទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា និង ៤).បង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និង
អន្តរជាតិ ដើម្បីលើកកម្ពស់ការអប់រំ ការកសាងសន្តិភាព ការទប់ស្កាត់ឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។

ក្រោយពីកិច្ចពិភាក្សាយ៉ាងផុលផុស ឯកឧត្តម លោកជំទាវដែលជាសមាជិកអង្គប្រជុំបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតស្ថាប័នកេរដំណែលនេះ និងសន្យាផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីឱ្យក្លាយជាទីតាំងសម្រាប់ផ្តល់ព័ត៌មាននិងស្រាវជ្រាវដ៏សំខាន់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់លើកកម្ពស់យុត្តិធម៌នៅក្នុងសន្តិភាព និងការទប់ស្កាត់ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅនាពេលអនាគតក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងទាំងនៅកម្ពុជា នៅថ្នាក់តំបន់ និងនៅលើសកលលោកផងដែរ។
នៅចុងបញ្ចប់នៃអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដល់ដំណើរការរបស់ អ.វ.ត.ក. និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន និង
អង្គការអន្តរជាតិនានា ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើម និងគាំទ្រស្ថាប័នថ្មីនេះរបស់កម្ពុជា ជាមួយនឹងគំនិតនិងធនធានក្នុងភាពជាដៃគូសម្រាប់បង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក. សំដៅរួមចំណែកដល់ការទទួលខុសត្រូវរួមក្នុងតំបន់ និងសកលរបស់យើងសម្រាប់ការកសាងសន្តិភាព ការដោះស្រាយក្រោយជម្លោះ និងយុត្តិធម៌អន្តរកាល៕





















