
កត្តានេះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែង សម្របសម្រួល និងកិច្ចសហការរួមគ្នា ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាន និងវាយតម្លៃផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដើម្បីធ្វើជាមាគ៌ាឆ្ពោះទៅបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ។
នាសិក្ខាសាលាកម្រិតខ្ពស់ស្តីពី«មាគ៌ាពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ ការយល់ដឹងពីបទពិសោធអន្តរជាតិ»នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្របពេលដែលមានការកើនឡើងនៃភាពមិនប្រាកដប្រជា នៃនិន្នាការសកល និងតំបន់ សេដ្ឋកិច្ចកម្ពុជានៅតែបន្តជួបប្រទះភាពមានកម្រិតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងផលិតភាពទាប ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង, ការសម្របសម្រួល និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាន និងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រមបន្តកែទម្រង់ កែតម្រូវ បន្សាំ និងធ្វើឱ្យកាន់តែប្រសើរឡើង។
ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឯកឧត្តម វង្សី វិស្សុត បានផ្តល់ទស្សនៈ និងគំនិតសំខាន់ៗចំនួន៥ ក្នុងនោះទី១. ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្សនៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀបក្នុងសេដ្ឋកិច្ច ទី២. ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ។
ទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និងទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។
ទន្ទឹមនឹងនេះឯកឧត្តម វង្សី វិស្សុត បានគូសរំលឹកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន៥រួមមានធានាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ, បង្កើតការងារកាន់តែច្រើនទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា, សម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម១០%, បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ, និងធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រនេះ ក៏បានកំណត់អាទិភាពសំខាន់ៗចំនួន៥ផងដែររួមមាន«មនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា»។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកសិក្ខាសាលាខាងជាមូលដ្ឋានដ៏សំខាន់ដល់ការតាក់តែង និងរៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងផែនការនានា ដើម្បីជំរុញ និងពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា ខណៈដែលសភាពការណ៍ពិភពលោក និងតំបន់មានការវិវត្តយ៉ាងរហ័ស និងពិបាកប៉ាន់ស្មាន ហើយទស្សនវិស័យកំណើនសេដ្ឋកិច្ចកម្ពុជា ក៏បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យចម្បងៗខាងក្រៅជាច្រើនផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ព្រមទាំងជួយសម្រួលដល់កិច្ចសន្ទនាគោលនយោបាយ និងបង្កើនការយល់ដឹងក្នុងចំណោមអ្នករៀបចំគោលនយោបាយ និងអ្នកជំនាញអន្តរជាតិធំៗនិងល្បីៗ លើកិច្ចការពិពិធកម្មសេដ្ឋកិច្ច៕
អត្ថបទ សោម ស្រីពេជ្រ និង ប៉ុក វន្ថា និង សេង វិន