វិស័យអចលនទ្រព្យ

តើអ្នកជំនាញយល់ឃើញបែបណាចំពោះយន្តការផ្ទេរអតិថិជនពីការបង់រំលស់ផ្ទះជាមួយម្ចាស់បុរីមកបង់ជាមួយគ្រឹះស្ថានធនាគារ ក្នុងការជួយស្តារវិស័យអចលនទ្រព្យ?


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារជាតិនៃកម្ពុជា រួមជាមួយភាគីពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ បានជួយប្រជុំគ្នា ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្ទេរអតិថិជន ដែលបង់រំលស់ផ្ទះជាមួយម្ចាស់បុរីឱ្យមកបង់ជាមួយគ្រឹះស្ថានធនាគារជាមួយការផ្តល់អត្រាការប្រាក់សមរម្យ។ តើក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ មានការយល់ឃើញបែបណា ប្រសិនបើយន្តការនេះត្រូវបានដាក់ឱ្យអនុវត្ត ហើយវានឹងចូលរួមចំណែកយ៉ាងណាក្នុងការជួយជំរុញការអភិវឌ្ឍ និងស្តារវិស័យអចលនទ្រព្យនៅកម្ពុជា?
វិស័យអចលនទ្រព្យ
ដោយ

លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ជឿជាក់ថា ប្រសិនបើភាគីពាក់ព័ន្ធពិតជាអាចជួយសម្របសម្រួលឱ្យអតិថិជន ដែលបង់រំលស់ផ្ទះជាមួយម្ចាស់បុរីអាចបង់កម្ចីផ្ទាល់ជាមួយធនាគារក្នុងអត្រាការប្រាក់ទាបមែននោះ វានឹងក្លាយជាផ្នែកមួយក្នុងការជួយជំរុញ និងដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យ ទាំងសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអតិថិជន។ ការជឿជាក់បែបនេះ ក៏ដោយសារលោករំពឹងថា តាមយៈយន្តការនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនឹងមានការបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់អតិថិជន ព្រោះកន្លងមកដោយសារតែអតិថិជនពិបាកក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទើបអតិថិជនសម្រេចចិត្តបង់រំលស់ជាមួយម្ចាស់បុរី។

​​ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត យល់ឃើញថា ប្រសិនបើយន្តការសម្របសម្រួលនេះអាចអនុវត្តទៅបាននោះ វានឹងក្លាយជាជន្ទល់មួយសម្រាប់ជំរុញវិស័យ​សំណង់ និងអចលទ្រព្យកម្ពុជា ឱ្យងើបឡើងវិញ ពិសេសជួយកាត់បន្ថយហានិភ័យរបស់អតិថិជនក្នុងការទិញអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ដែលគ្មានច្បាប់អនុញ្ញាតផងដែរ។ អ្នកជំនាញរូបនេះ លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវគោរពតាមដែនកំណត់របស់ខ្លួន ពោលគឺអ្នកអភិវឌ្ឍន៍ អ្នកវាយតម្លៃ និងអ្នកផ្តល់កម្ចី ត្រូវបែងចែកដែនកំណត់របស់ខ្លួនឱ្យបានត្រឹមត្រូវ ដើម្បីជំរុញឱ្យវិស័យសំណង់ អចលនទ្រព្យ និងហិរញ្ញវត្ថុរបស់កម្ពុជាមាននិរន្តរភាពល្អប្រសើរឡើងវិញ។

​ដោយឡែក លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានឹងចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលជួយជំរុញដោះស្រាយបញ្ហា ដែលវិស័យអចលនទ្រព្យកម្ពុជាកំពុងជួបប្រទះ ដើម្បីចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន។ អ្នកជំនាញរូបនេះចាត់ទុកយន្តការសម្របសម្រួលរបស់ធនាគារជាតិនៃកម្ពុជានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយដោះស្រាយបញ្ហាជាប់គាំង ដែលអ្នកអភិវឌ្ឍន៍បុរី និងអតិថិជនបាននិងកំពុងជួបប្រទះ។

​គួរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារជាតិនៃកម្ពុជា រួមជាមួយថ្នាក់ដឹកនាំសមាគមក្នុងវិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឱ្យអតិថិជន ដែលបង់រំលស់ផ្ទះជាមួយម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅបង់ជាមួយគ្រឹះស្ថានធនាគារក្នុងអាត្រាការប្រាក់ទាប។ ក្នុងន័យនេះ ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឱ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរី ដែលជាប់គាំងទុនបង្វិលបានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ខ្លួន ហើយនឹងជួយអតិថិជនឱ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់២៥ឆ្នាំ ឬ៣០ឆ្នាំ៕




អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង៦០លានដុល្លារពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំ២០២៤ កើនឡើងជាង៨០%

ការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ …

គម្រោងអភិវឌ្ឍន៍ចម្រុះ Grand Phnom Penh City បន្ដពង្រីកគម្រោងអភវិឌ្ឍន៍ធំៗបន្ថែមកាន់តែច្រើន

Grand Phnom Penh City គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំដំបូងគេមួយ នៅក្នុងតំបន់ដ៏មានសក្ដានុពល ភាគពាយ័ព្យនៃរាធានីភ្នំពេញ។ ស្ថិតនៅទីតាំង អម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ