
ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានបង្ហាញថា តម្លៃផ្ទះថ្មីនៅទីក្រុងធំៗចំនួន៧០ នៅក្នុងប្រទេសចិន បានធ្លាក់ចុះជាមធ្យមរហូតដល់ទៅ១១% កាលពីអំឡុងខែសីហា បើធៀបនឹងរយៈពេល៤ឆ្នាំមុន ខណៈដែលវិធានការរបស់រដ្ឋាភិបាលចិន ក្នុងការជួយស្រោចស្រង់ទីផ្សារលំនៅអាចជួយសម្រាលការលំបាកបានត្រឹមតែមួយរយៈពេលខ្លី។
ទិន្នន័យបង្ហាញទៀតថា តម្លៃលំនៅឋានជាមធ្យមនៅក្នុងទីក្រុងនានា បានហក់ឡើងខ្លាំងដល់កម្រិតកំពូលនៅអំឡុងខែសីហា ឆ្នាំ២០២១ ជាពេលដែលរដ្ឋាភិបាលចិន បានចាប់ផ្ដើមរឹតបន្តឹងការផ្ដល់ហិរញ្ញប្បទានអចលនទ្រព្យ ដើម្បីទប់ស្កាត់វិបត្តិពពុះអចលនទ្រព្យ ឬនិយាយឱ្យងាយស្ដាប់ គឺនៅពេលដែលតម្លៃផ្ទះហក់ឡើងខ្លាំងលើសតម្លៃជាក់ស្ដែងរបស់វា ហើយជាលទ្ធផល វិធានការនេះបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា ដូចជាក្រុមហ៊ុនយក្ស China Evergrande Group ជាដើមធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយក្រោយមកវិបត្តិនេះបានរាលដាលពាសពេញប្រទេសចិន។
ទិន្នន័យបង្ហាញទៀតថា លំនៅឋានបានធ្លាក់ថ្លៃខ្លាំងជាងគេនៅក្នុងទីក្រុងតូចៗ តួយ៉ាងលំនៅឋានក្នុងបណ្ដាទីក្រុងលំដាប់ទី៣ បានធ្លាក់ថ្លៃរហូតដល់ទៅ១៤% បណ្ដាទីក្រុងលំដាប់ទី២ បានធ្លាក់ថ្លៃ៨% ចំណែកឯបណ្ដាទីក្រុងលំដាប់ទី១ ដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងគ័ងចូវ ឬក្វាងចូវ និងក្រុងស៊ិនជិនជាដើម បានធ្លាក់ថ្លៃត្រឹមតែ២% ប៉ុណ្ណោះ។
ក្រុមអ្នកជំនាញក្នុងវិស័យអចនលទ្រព្យ បានគូសបញ្ជាក់ថា កត្តាធំៗដែលសង្កត់តម្លៃទីផ្សារលំនៅឋាននៅប្រទេសចិន មិនឱ្យងើបខ្លួនរួចរួមមានការរឹតបន្តឹងការផ្ដល់ហិរញ្ញប្បទាន តម្រូវការលំនៅឋានសំយ៉ុងក្បាលចុះ គម្រោងលំនៅឋានជាច្រើនមិនទាន់សាងសង់បញ្ចប់ ចំនួនផ្ទះដែលលក់មិនចេញកើនឡើង ឬពាសពេញទៅដោយអគារខ្មោច ហើយការជួយគាំទ្ររបស់រដ្ឋាភិបាលចិន ហាក់នៅមានកម្រិត៕
ដោយ: តែម សុខុម