នាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីពេលថ្មីៗនេះ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្រ្តនយោបាយក្នុងតំបន់ ព្រមទាំងភាពតឹងរ៉ឹងក្នុងការបញ្ចេញសាច់ប្រាក់របស់ធនាគារបានធ្វើឱ្យមានសម្ពាធដល់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។ ការណ៍នេះបានធ្វើឱ្យសកម្មភាពទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះខ្លាំង ខណៈក្រុមហ៊ុនជាសមាជិកជាច្រើនបានជួបប្រទះបញ្ហាធ្ងន់ធ្ងរ រួមមានការបង់ប្រាក់យឺតយ៉ាវរបស់អតិថិជន ការទាមទារឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ទិញផ្ទះត្រលប់មកវិញ ការរឹតបន្តឹងហិរញ្ញប្បទានសំណង់ និងការរឹតបន្តឹងការអនុវត្តច្បាប់សំណង់ជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា លោកអ្នកឧកញ៉ា លី ហួរ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ សមាគមអ្នកអភិវឌ្ឍន៍សំនៅឋានកម្ពុជានឹងកសាងទំនុកចិត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះ នៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង តាមរយៈការពង្រឹងស្ថិរភាពទីផ្សារលំនៅឋាន ការពង្រឹងអភិបាលកិច្ចវិជ្ជាជីវៈ និងការកែលម្អលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានជាដើម។
ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ថា បញ្ហាជាសកលបានធ្វើឱ្យប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាចំនួន១៨៤គម្រោង តែបានដោះស្រាយរួចរាល់ចំនួន១៤៦គម្រោង។ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានេះ ថ្នាក់ដឹកនាំរូបនេះ ជំរុញឱ្យអ្នកអភិវឌ្ឍន៍នានាពិចារណាក្នុងការសាងសង់លំនៅឋានមានតម្លៃសមរម្យ ដែលស័ក្ដិសមនឹងតម្រូវការក្នុងពេលបច្ចុប្បន្ន។
បន្ថែមពីលើនេះ ក្រសួងដែនដី ក៏កំពុងជំរុញពិពិធកម្មឌីជីថលតាមរយៈការផ្ដល់សេវារហ័សក្នុងការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងបង្កើនសន្ទុះជួញដូរ។ ជាមួយគ្នានេះ ក្រសួង ក៏កំពុងចរចាជាមួយគ្រឹះស្ថានធនាគារ ដើម្បីស្វែងរកកញ្ចប់ឥណទានដែលមានអត្រាការប្រាក់ទាប សំដៅជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងចង់បានផ្ទះស្នាក់នៅពិតប្រាកដផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វុន្ថា