បំពង់បង្ហូរឧស្ម័នថ្មីរបស់អឺរ៉ុបនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៩ ខែខាងមុខ

បំពង់បង្ហូរឧស្ម័នថ្មីរបស់អឺរ៉ុបអាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៩ ខែខាងមុខ ដើម្បីជំនួសការផ្គត់ផ្គង់ពីរុស្ស៊ី


ការតភ្ជាប់បំពង់បង្ហូរឧស្ម័នថ្មីរបស់ប្រទេសនៅអឺរ៉ុបអាចនឹងត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេលជិតមួយឆ្នាំខាងមុខទៀតនេះ។ គម្រោងនេះ ត្រូវគេមើលឃើញពីការបោះជំហានថ្មីមួយរបស់អឺរ៉ុបក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការផ្គត់ផ្គង់ឧស្ម័នពីសំណាក់ប្រទេសរុស្សី ស្របពេលដែលវិបត្តិថាមពលកាន់តែអាក្រក់ឡើង នៅក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Business Insider។
បំពង់បង្ហូរឧស្ម័នថ្មីរបស់អឺរ៉ុបអាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល ៩ ខែខាងមុខ ដើម្បីជំនួសការផ្គត់ផ្គង់ពីរុស្ស៊ី

បើយោងតាមកាសែត Financial Times បានចុះផ្សាយថា កាលពីថ្ងៃសុក្រ ទី១២ សីហា រដ្ឋមន្ត្រីថាមពល និងបរិស្ថានរបស់ប្រទេសអេស្បាញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ផ្នែកនៃបំពង់បង្ហូរប្រេងតភ្ជាប់ពីអេស្ប៉ាញទៅកាន់ប្រទេសបារាំងអាចនឹងរួចរាល់ក្នុងរយៈពេលប្រាំបួនខែនាពេលខាងមុខ ហើយវានឹងជំរុញសក្តានុពលក្នុងការនាំចេញឧស្ម័នពី ២០% ទៅ ៣០% ទៅកាន់ប្រទេសនេះ។

អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ឆ្កូល (Olaf Scholz) បានសម្តែងការគាំទ្រនូវសាងសង់បំពង់បង្ហូរប្រេងថ្មីនេះដែរ ដោយលោកបានបន្ថែមថា លោកក៏បានពិភាក្សាជាមួយមេដឹកនាំមកពីប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងបារាំង ព្រមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រីយ៉ូសូឡា វ៉ុន ដើលីយេន (Ursula von der Leyen)ផងដែរ ជុំវិញនឹងគម្រោងនេះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោកអាតូនីអូ ខូស្តា (Antonio Costa) បានបង្ហោះសារគាំទ្ររបស់លោកដែរថា «ការប្តេជ្ញាចិត្តគាំទ្ររបស់ប្រទេសព័រទុយហ្គាល់ ចំពោះការសាងសង់បំពង់បង្ហូរឧស្ម័នថ្មីនេះគឺ ១០០% តែម្តង»។

មែនទែនទៅ បំពង់បង្ហូរប្រេងថ្មីនេះ នឹងត្រូវតភ្ជាប់ចេញពីប្រទេសអេស៉្បាញទៅកាន់ប្រទេសធំៗនៅអឺរ៉ុបកណ្តាល តាមរយៈឧបទ្វីបអ៊ីបេរី (Iberian) ដែលជាផ្លូវមួយដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ឧស្ម័ន ដោយសារវាផ្ទុកនូវសមត្ថភាពនាំចូលឧស្ម័នធម្មជាតិរាវជាច្រើនរបស់អឺរ៉ុប។

ក្នុងនោះដែរ លោកអូឡាហ្វ ឆ្កូល (Olaf Scholz) ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «វាគួរតែមានការតភ្ជាប់បំពង់បង្ហរប្រេងបន្ថែមទៀត ពីទ្វីបអាហ្វ្រិកខាងជើងមកអឺរ៉ុប នោះវានឹងជួយសម្រួល និងកាត់បន្ថយការពឹងផ្អែកថែមមួយកម្រិតទៀតនូវការផ្គត់ផ្គង់ថាមពលពីទីក្រុងម៉ូស្គូ»។

សូមគូសបញ្ជាក់ថា មានការសាទរមិនតិចទេ ចំពោះការសាងសង់នៃបំពង់ការចែងចាយថាមពលឧស្ម័ននេះ ព្រោះតែប្រទេសអឺរ៉ុបជាច្រើនបានប្រឈមមុខនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុត។ ជាពិសេស ប្រទេសរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ដោយបានកាត់បន្ថយតាមបំពង់បង្ហូរ (Nord Stream 1) មកនៅត្រឹម ២០% តែប៉ុណ្ណោះ។

ជាក់ស្តែង មុនពេលការឈ្លានពានរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន ការផ្គត់ផ្គង់របស់រុស្ស៊ីមានប្រហែល ៤០% នៃតម្រូវការថាមពលរបស់អឺរ៉ុប ហើយឥឡូវនេះ មានប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកក៏ បានបង្កើនការនាំចេញឧស្ម័ន LNG ទៅកាន់អឺរ៉ុបដើម្បីជួយបំពេញបន្ថែមនូវតម្រូវការដែលកំពុងខ្វះខាងនេះផងដែរ៕




អត្ថបទបន្ទាប់


កប៉ាល់របស់ឥណ្ឌាមួយចំនួន ត្រូវរុស្ស៊ីប្រើប្រាស់ដឹកប្រេងចូលទៅអាមេរិក ដើម្បីគេចទណ្ឌកម្ម

ព័ត៌មាន
សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះប្រទេសឥណ្ឌាថា ពួកគេទំនងជាត្រូវបានរុស្ស៊ីប្រើប្រាស់ឱ្យជួយដឹកជញ្ជូនប្រេងទៅកាន់ទីក្រុងញូយកសហរដ្ឋអាមេរ…

ក្រុមហ៊ុនផលិតរថយន្ដធំៗរបស់ជប៉ុន កំពុងជួបឧបសគ្គ ខណៈមិនអាចទទួលបានការអនុគ្រោះផ្នែកពន្ធពីអាមេរិក

ព័ត៌មាន
វិធានការចុងក្រោយបំផុតរបស់រដ្ឋការលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការជំរុញបង្កើនរថយន្តអគ្គិសនីនៅលើទឹកដីសហរដ្ឋអាមេរិកនោះកំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ