គំនិតផ្តួចផ្តើមបង្កើតក្រុមប្រឹក្សាសន្តិភាពថ្មី ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺជាសក្ខីកម្ម នៃការចង់កែប្រែសណ្តាប់ធ្នាប់ពិភពលោក។ ប៉ុន្តែផែនការនេះទំនងជាមិនអាចដំណើរការទៅដោយរលូននោះទេ ដោយនាយករដ្ឋមន្រ្តីប៉ូឡូញលោក ដូណាល់ ទើស (Donald Tusk) បានអះអាងថា អឺរ៉ុបនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់លេងសើចជាមួយសន្តិសុខអន្តរជាតិបានឡើយ។
បច្ចុប្បន្នប្រទេសប៉ូឡូញបានរួមដៃជាមួយប្រទេសបារាំង ស៊ុយអែត និងន័រវែសក្នុងការប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ បើទោះបីមានសេចក្តីរាយការណ៍ថា មានប្រទេសចំនួន១៩បានបង្ហាញការគាំទ្រក៏ដោយ។ ប៉ុន្តែប្រទេសភាគច្រើនក្នុងចំណោមសមាជិក UN ទាំង១៩៣ប្រទេសកំពុងស្ថិតក្នុងការថ្លឹងថ្លែង និងសិក្សាពីផលប៉ះពាល់នៅឡើយ។ ហើយសូម្បីតែអង់គ្លេស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់សហរដ្ឋអាម៉េរិក ក៏បានបង្ហាញការបដិសេធសំណើរបស់លោក ត្រាំ តាមរយៈការទូតដ៏ស្រទន់ផងដែរ។
លោកស្រី វ៉ាយវេត ឃូបភ័រ ( Yvette Cooper) រដ្ឋមន្ត្រីការបរទេសពអង់គ្លេសបានលើកឡើងថា អង់គ្លេសចង់បានសន្ធិសញ្ញាមួយ ដែលមានវិសាលភាពទូលំទូលាយជាងនេះ ហើយលោកស្រី ក៏បានបង្ហាញការព្រួយបារម្ភអំពីវត្តមានរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ។
ទោះបីលោក ត្រាំ ធ្លាប់លើកឡើងថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះ នឹងធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិក៏ដោយ តែលោកនៅតែបន្តរិះគន់ UN ជាសាធារណៈថា ជាស្ថាប័នដែលមិនសូវមានប្រសិទ្ធភាព និងគ្មានប្រយោជន៍៕
ដោយៈ សរ សុជាតិ