ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន គ្រោងទិញនាវាយក្សផ្ទុកយន្តហោះចម្បាំងដំបូងបង្អស់របស់ខ្លួន ខណៈប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) កំពុងធ្វើទំនើបកម្មយោធារបស់ប្រទេសដែនកោះមួយនេះ។ ក្រុមអ្នកគាំទ្រនិយាយថា ឥណ្ឌូនេស៊ី សមនឹងទទួលបាននាវាផ្ទុកយន្តហោះចម្បាំងនេះ ពីព្រោះឥណ្ឌូនេស៊ី ជាប្រទេសកោះ ដែលមានផ្លូវសមុទ្រសំខាន់ៗជាច្រើន។
នាវានេះអាចជួយគាំទ្រប្រតិបត្តិការយោធាផង អាចការពារតំបន់សមុទ្រផង និងគាំទ្រដល់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌ផង ខណៈដែលឥណ្ឌូនេស៊ី តែងតែប្រឈមមុខនឹងគ្រោះរញ្ជួយដី ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ កងទ័ពជើងទឹកឥណ្ឌូនេស៊ី និយាយថា នាវាផ្ទុកយន្តហោះអាចដឹកជញ្ជូនជំនួយយ៉ាងច្រើន និងអាចធ្វើប្រតិបត្តិការឆ្ងាយពីមូលដ្ឋានយោធារបស់ខ្លួន។
ទោះជាយ៉ាងណា អ្នករិះគន់ឥណ្ឌូនេស៊ី និយាយថា នាវាផ្ទុកយន្តហោះនេះ អាចក្លាយជាបន្ទុកចំណាយដ៏ធំសម្រាប់រដ្ឋដែលចំណាយប្រតិបត្តិការក្នុងមួយឆ្នាំៗអាចមានទំហំពី ៥០ទៅ៨០លានដុល្លារអាម៉េរិក ហើយនាវិករាប់រយនាក់ត្រូវទទួលការបណ្តុះបណ្តាល ហើយថា នាវានេះចាស់ណាស់ទៅហើយ គឺមានអាយុប្រហែល ៤០ឆ្នាំហើយ។ អ្នកវិភាគខ្លះព្រមានថា នាវាយក្សនេះអាចនឹងជួបករណីដូចនាវាផ្ទុកយន្តហោះរបស់ប្រទេសថៃ ដែលកម្រនឹងត្រូវបានប្រើប្រាស់ដោយសារចំណាយប្រតិបត្តិការខ្ពស់ពេក។
ទន្ទឹមនេះ អ្នកវិភាគមួយចំនួនជឿថា បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន អាចចាត់ទុកការទិញនាវាយក្សផ្ទុកយន្តហោះចម្បាំងនេះថា ជាការពង្រីកយោធាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ទោះបីជាឥណ្ឌូនេស៊ីអះអាងថា នាវាផ្ទុកយន្តហោះនេះភាគច្រើនសម្រាប់បេសកកម្មមនុស្សធម៌យ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ ដែលមាននាវាផ្ទុកយន្តហោះ ហើយនឹងក្លាយជាប្រទេសទី៥ នៅតំបន់អាស៊ី ដែលមាននាវាយក្សនេះ បន្ទាប់ពីប្រទេសចិន ឥណ្ឌា ថៃ និងជប៉ុន៕
ដោយ: តែម សុខុម