អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសរួចហើយនៅថ្ងៃទី៣០ ខែកក្កដាថា បានដាក់ពិន័យរដ្ឋបាលជាប្រាក់ ១.០៣៧.៥០០.០០០រៀល លើក្រុមហ៊ុនជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ ឯក (Chungyuen Plastic Manufacture Co, Ltd) ដែលបាននាំចូលសំរាមប្លាស្ទិកចំនួន ៨៣កុងតឺន័រ ពីសហរដ្ឋអាមេរិក និងកាណាដា ដោយខុសច្បាប់។
សេណារីយ៉ូទីមួយ បើតាមលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករ គឺជា «វិបត្តិសំណល់ប្លាស្ទិកក្នុងតំបន់» ក្រោយពីប្រទេសចិនបិទឬហាមឃាត់ការនាំចូលសំណល់ប្លាស្ទិកដើម្បីកែច្នៃឡើងវិញ ហើយដែលបណ្តាលឲ្យសំណល់ប្លាស្ទិក រាប់ម៉ឺនតោន នៅច្រាលចុះ ច្រាលឡើង ខណៈដែលចំនួនខ្លះបានធ្លាយចូលទៅក្នុងប្រទេសមួយចំនួនក្នុងតំបន់។
លោក គុណ ញឹម បាននិយាយនៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែកក្កដា ដូច្នេះថា ៖ «នេះអាចជាការដឹកចូលមកកម្ពុជានៅពេលរកប្រទេសទទួលមិនទាន់ឃើញ, សំចតបណ្តោះអាសន្នហើយអាច នៅពេលរកប្រទេសដែលនាំចូលឃើញ គឺអាចដឹកចេញពីកម្ពុជាទៅប្រទេសនោះវិញ។»
លោក គុណ ញឹម បានអះអាងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក នេះ បានដាក់ពាក្យម្តងហើយ កាលពីខែមេសាកន្លងទៅ ដើម្បីសុំនាំចេញសំរាមប្លាស្ទិកនេះទៅប្រទេសទីបី គឺប្រទេសផ្សេងពីកម្ពុជា និងប្រទេសដើមដែលនាំចេញ។
លោក គុណ ញឹម បាននិយាយបន្តដូច្នេះថា ៖ «ហើយប្រហែលជាដឹងទំនិញនេះ ជាទំនិញហាមឃាត់ ហេតុដូច្នេះហើយ បានជាវាស្ថិតក្នុងទីលានកំពង់ផែរយៈពេលយូរដូច្នេះ។»
ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ចុះបញ្ជីក្រោមឈ្មោះជនជាតិខ្មែរ ឈ្មោះ សួង ឡុក ហើយដែលបានជួលទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជីចាង ដែលកំពុងសាងសង់នៅ វាលរិញ ខេត្តព្រះសីហនុ។
គយក៏បានបញ្ជាក្រុមហ៊ុន ជុងយៀន ប្លាស្ទិក ឲ្យដឹកទំនិញកាកសំណល់ប្លាស្ទិកទាំង៨៣កុងតឺន័រនេះ ត្រឡប់ទៅអាមេរិក និងកាណាដា វិញ ឲ្យបានមុនថ្ងៃទី២៤ ខែសីហា នេះផងដែរ។
សេណារីយ៉ូទីពីរ, បើតាមលោក គុណ ញឹម ដដែល, គឺថា អាចថាក្រុមហ៊ុន ជុងយៀន ប្លាស្ទិកនេះ មានគោលបំណងបើករោងចក្រកែច្នៃ។
លោក គុណ ញឹម បាននិយាយដូច្នេះថា ៖ «គាត់ក៏មានបំណងជួល របៀបជាឃ្លាំង ពីតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏ប៉ុន្តែ តំបន់សេដ្ឋកិច្ចពិសេសនោះ ស្ថិតក្នុងដំណាក់កាលនៃការកសាង វាមិនទាន់ហើយ។»
លោក គុណ ញឹម ក៏បាននិយាយផងដែរ ថា គាត់មិនមានព័ត៌មានស្រាវជា្រវថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិក បានទទួលលុយពីការដឹកសំរាមប្លាស្ទិកនេះចំនួនប៉ុន្មាននោះទេ៕