Advertisement
ពិន័យ​ក្រុមហ៊ុន​លួច​នាំ​សំរាម​ប្លាស្ទិក​ចូល​កម្ពុជា​ដោយ​ខុសច្បាប់

គយ​កម្ពុជា​ពិន័យ​ក្រុមហ៊ុន​នាំ​ចូល​សំរាម​ប្លាស្ទិច​ជា​ប្រាក់​ជាង​១​ពាន់​លាន​រៀល


អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែ​កក្កដា​នេះ​ថា បាន​ដាក់​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១.០៣៧.៥០០.០០០​រៀល លើ​ក្រុមហ៊ុន​មួយ​ដែល​បាន​នាំចូល​សំរាម​ប្លាស្ទិក​ចំនួន ១.៦០០​តោន ពី​សហរដ្ឋ​អាមេរិក និង​កាណាដា ដោយ​ខុស​ច្បាប់។
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន, មេគយ​កម្ពុជា គឺលោក គុណ ញឹម និយាយ​ថា ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ថា ជុងយៀន ប្លាស្ទិក មេនូហ្វេកឈ័រ ឯក (Chungyuen Plastic Manufacture Co, Ltd) ហើយ​ដែល​ចុះ​បញ្ជី​ជា​ជនជាតិ​ខ្មែរ ឈ្មោះ សួង ឡុក គឺ​ជា​អ្នក​ទទួល​ទំនិញ​ចូល​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន ២៧​លើក។

លោក គុណ ញឹម បាន​អះអាង​ថា ក្រុមហ៊ុន​នេះ ដែល​ជួល​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​សាងសង់​នៅ​ វាលរិញ ខេត្តព្រះសីហនុ ក៏​ត្រូវ​នាំ​ទំនិញ​កាក​សំណល់​ប្លាស្ទិក​ទាំង​៨៣​កុងតឺន័រ​នេះ ត្រឡប់​ទៅ​អាមេរិក និង​កាណាដា វិញ ឲ្យ​បាន​មុន​ថ្ងៃ​ទី២៤ ខែ​សីហា នេះ។

លោក គុណ ញឹម បាន​អាន​សុន្ទរកថា​របស់​គាត់​ដូច្នេះ​ថា ៖ «កាក​សំណល់​ប្លាស្ទិក​គឺ​ជា​ទំនិញ​ហាមឃាត់​នាំចូល​ព្រះរាជាណាចក្រ​កម្ពុជា។ ករណី​ក្រុមហ៊ុន​ ជុងយៀន ប្លាស្ទិក បន្លំ​នាំ​កាក​សំណល់​ចូល​មក​កម្ពុជា​គឺ​ជា​បទល្មើស។»

លោក គុណ ញឹម បាន​និយាយ​ដែរ​ថា ប្រាក់​ពិន័យ​នឹង​បង់​ចូល​ជា​ប្រយោជន៍​ថវិកា​រដ្ឋ ហើយ​សំរាម​ទាំងនោះ​មិន​មាន​សារធាតុ​ពុល​ទេ ខណៈ​ដែល​អាជ្ញាធរ​មាន​វិធានការ​រួច​ហើយ ដើម្បី​កុំ​ឲ្យ​លោក សួង ឡុក ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​បាន។

អាជ្ញាធរគយ​កម្ពុជា បាន​គាស់​កុងតឺន័រ ទាំង​៨៣​នោះ​នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ហើយ​ឈ្មោះ​ទំនិញ​ទាំងនោះ​បាន​ដាក់​ថា​ជា «ផលិតផល​សម្រាប់​កែច្នៃ​ឡើង​វិញ» ដោយ​មិន​បាន​បញ្ជាក់​ថា ជា «សំណល់​ប្លាស្ទិក» ឡើយ។

យោង​តាម​លោក គុណ ញឹម, ទំនិញ​កាក​សំណល់​ប្លាស្ទិក​ទាំង​នោះ បាន​មក​ដល់​កម្ពុជា នៅ​ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​លើក​ចុង​ក្រោយ នៅ​ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​៧០​កុងតឺន័រ បាន​នាំ​ចេញ​ពី​​អាមេរិក និង ១៣​កុងតឺន័រ នាំ​ចេញ​ពី​កាណាដា ដោយ​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​លោក គុណ ញឹម បាន​អះអាង​ថា កន្លង​មក មាន​ការ​សហប្រតិបត្តិការ​ល្អ​ពី​មន្រ្តី​អាមេរិក​និង​កាណាដា លើ​ការងារ​សំរាម​កាក​សំណល់​ប្លាស្ទិក​នេះ។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក នៅ​កម្ពុជា កន្លង​មក បាន​និយាយ​ថា ខ្លួន​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ និង​កំពុង​ផ្តល់​ជំនួយ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​កំណត់​អត្តសញ្ញាណ​ ទាំង​អ្នក​នាំចេញ និង​អង្គភាព​នាំចូល​នៅ​កម្ពុជា៕

Advertisement



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ស៊ីម៉ងត៍​ដ៏ធំបំផុត​​នៅ​ថៃ​ប្រកាស​ពី​ចំណូល​ថមថយចុះ ​ដោយសារ​ក្ដី​បារម្ភពី​សង្គ្រាម​ពាណិជ្ជកម្ម

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​និងសម្ភារ​សាងសង់​ដ៏ធំបំផុត​របស់​ប្រទេសថៃ Siam Cement Group (SCG) បានប្រកាស​អំ​ពី​ការធ្លាក់​ចុះ ​ទាំង​ប្រ...

ហេតុ​អ្វី​សំរាម​ប្លាស្ទិក​មក​ដល់​កម្ពុជា? មេគយ​ផ្តល់​ការ​វិភាគ​ពីរ​យ៉ាង!

ព័ត៌មាន
អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​និយាយ​ថា ខ្លួន​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ថា ហេតុអ្វី​កាក​សំណល់​ប្លាស្ទិក​ដែល​មាន​ចំនួន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ