ក្រុមអ្នកវិភាគសេដ្ឋកិច្ចវិញមើលឃើញថា ដ្បិតតែតួលេខលើក្រដាសកំណើននៅត្រីមាសទី៣ អាចនឹងល្អប្រសើរក្ដី ប៉ុន្ដែ ធាតុពិតជាក់ស្ដែង គឺមិនសូវមានការប្រែប្រួលខ្លាំងឡើយ ដោយសារតែបញ្ហាអតិផរណានៅតែបង្កផលប៉ះពាល់ ហើយធនាគារកណ្ដាលនឹងនៅតែរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនដដែល។
អតិផរណារ៉ាំរ៉ៃបានបន្តដាក់សម្ពាធយ៉ាងធ្ងន់ទៅលើកំណើនសេដ្ឋកិច្ច និងថវិកាចំណូលចំណាយក្នុងក្រុមគ្រួសារអាមេរិក ហើយបានក្លាយជាចំណុចសំខាន់មួយ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក។ យ៉ាងណាមិញ តួលេខកំណើនរឹងមាំនៅក្នុងរបាយការណ៍បន្ទាប់ស្ដីពីផលិតផលក្នុងស្រុកសរុប ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែតុលា នឹងក្លាយជាដំណឹងស្វាគមន៍សម្រាប់គណបក្សប្រជាធិបតេយ្យដែលបានតស៊ូ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតថា ពួកគេមានផែនការដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពជាងមុន។
បើទោះ ជាតួលេខថ្មីបំផុតនេះ ទំនងជាមើលទៅដូចជាប្រសើរឡើងនៅលើក្រដាសក៏ពិតមែន ក៏ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចបាននិយាយថា វាមិនឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងសេដ្ឋកិច្ចដែលអាចនឹងឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយនេះឡើយ។
លោក ឌូក្លាស ហូល អ៊ីឃីន (Douglas Holtz-Eakin) ប្រធានវេទិកាសកម្មភាពអាមេរិក និងជាអតីតនាយកការិយាល័យថវិកាសភាបាននិយាយថា របាយការណ៍នេះមើលទៅប្រសើរជាងរបាយការណ៍ប្រចាំត្រីមាសចំនួន ២ ស្ដីពី GDP កាលពីលើកមុនៗ ប៉ុន្តែលក្ខខណ្ឌជាក់ស្ដែង គឺមិនមានការផ្លាស់ប្តូរច្រើននោះទេ។ អតិផរណានៅតែធ្វើឲ្យមានការខាតបង់ ហើយក្តីបារម្ភពីការរឹតបន្តឹងរបស់ធនាគារកណ្ដាលអាមេរិក (Fed) នៅតែមាន ហើយអ្វីៗក៏មិនជាខុសប្លែកគ្នាច្រើនពេកនោះដែរ។
ផលិតផលក្នុងស្រុកសរុប ដែលជារង្វាស់ដ៏ធំបំផុតនៃសកម្មភាពសេដ្ឋកិច្ចត្រូវគេរំពឹងថា នឹងកើនឡើងប្រហែល ២,៩%នៅចន្លោះខែកក្កដា និងខែកញ្ញា ហើយតួលេខនេះគឺស្របនឹងតួលេខនៃកំណើនសេដ្ឋកិច្ចដែលបានកើនឡើងខ្លាំងនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំមុនពេលផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមអ្នកតាមដានពីធនាគារកណ្ដាលក្រុងអាឡេនតា (Federal Reserve Bank of Atlanta)។
ការបង្ហាញតួលេខនេះបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះរយៈពេល៦ខែ ដោយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៦% បន្ទាប់មកនៅបន្ដធ្លាក់ចុះ ០,៦% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ។ ការធ្លាក់ចុះនៅឆមាសទីមួយនោះបានបង្កើនការភ័យខ្លាចថា ប្រទេសនេះកំពុងស្ថិតក្នុងស្ថានភាពដាំក្បាលចុះសេដ្ឋកិច្ចរួចទៅហើយ បើទោះជាមិនទាន់ច្បាស់អំពីការធ្លាក់ចូលទៅក្នុងវិបត្តិក្ដី ដ្បិតថាភាពអត់ការងារធ្វើគឺមានជិតដល់កម្រិតទាបបំផុត។ ការកំណត់ជាផ្លូវការនេះគឺធ្វើឡើងដោយក្រុមអ្នកជំនាញ ហើយជាទូទៅអ្នកសេដ្ឋកិច្ចយល់ស្របថាសេដ្ឋកិច្ចអាមេរិកអាចទប់ទល់បាននឹងវិបត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់នៅឆ្នាំនេះ។
ការវិលត្រឡប់ទៅរកកំណើនរបស់អាមេរិកវិញនេះ មានភាពផ្ទុយស្រឡះទៅនឹងប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរួមទាំងអឺរ៉ុប និងចក្រភពអង់គ្លេស ដែលស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចរួចហើយ ឬស្ទើរតែប្រាកដជាឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ច។ ដោយឡែក គោលនយោបាយ«សូន្យជំងឺកូវីដ»របស់ចិនវិញ ក៏បានក្លាយជាការអូសបន្លាយពេលលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ ក្រោយពីប្រទេសសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនេះ បានក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេអស់រយៈពេលជាយូរមកហើយ។
តួលេខ GDP ចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកនេះទំនងជាបានកើនឡើងដោយសារគម្លាតពាណិជ្ជកម្មរួមតូច ដោយហេតុតែសហរដ្ឋអាមេរិកកំពុងនាំចូលទំនិញតិចជាងមុន ព្រោះតម្រូវការថយចុះ។ លើសពីនេះទៀត កម្រិតសារពើភ័ណ្ឌរបស់អ្នកលក់រាយត្រូវគេរំពឹងថា នឹងកើនឡើង ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់សម័យជំងឺរាតត្បាតត្រូវបានកាត់បន្ថយ ហើយកត្តាទាំងពីរនេះមិនបានប៉ះពាល់ច្រើនដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកនោះទេ៕
អត្ថបទ៖ សុខ ជា