
លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ តម្រូវការសេវាឥណទានរបស់ពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃ ហាក់មានការថមថយបន្តិច ខណៈការបង់សងត្រលប់ក៏មានផលប៉ះពាល់តិចតួចដែរ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ គេនៅពុំទាន់អាចវាយតម្លៃលើផលប៉ះពាល់ដែលកើតចេញពីការបិទច្រកព្រំដែនបាននៅឡើយទេ ប៉ុន្តែគ្រឹះស្ថានធនាគារនានា បានធ្វើបុរេសកម្មរបស់ខ្លួនដោយបន្តគាំទ្រក្នុងការរៀបចំឥនទានដល់អាជីវករដែលជួបការលំបាកនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ បើតាមអ្នកនាំពាក្យរូបនេះ គ្រឹះស្ថានធនាគារនៅកម្ពុជា បានអនុលោមតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើយ៉ាងណាជួយសម្រួលដល់អតិថិជនដែលមានបញ្ហាប្រឈមទៅតាមស្ថានភាពជាក់ស្ដែងរបស់ពួកគេ។
ជាមួយគ្នានេះ លោកស្រី ប៊ុត ប៊ុនសីហា គណៈប្រធាននាយិកាប្រតិបត្ដិជាន់ខ្ពស់នីតិកម្ម នៃធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា អតិថិជនឥណទានរបស់ធនាគារអេស៊ីលីដា ដែលរស់នៅតាមបណ្តាខេត្តជាប់ព្រំដែននៅតែមានការសងត្រលប់ជាធម្មតា ខណៈអាជីវកម្មរបស់ពួកគេភាគច្រើនជាអាជីវកម្មផ្តោតទៅលើចំណូលក្នុងស្រុក។ ជាមួយគ្នានេះ ការផ្តល់ឥណទាន គឺត្រូវបានវាយតម្លៃយ៉ាងច្បាស់លាស់ដោយផ្អែកទៅលើលទ្ធភាព និងចំណូលសម្រាប់គាំទ្រអាជីវកម្មដែលមានទីតាំងនៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ធនាគារ អេស៊ីលីដា នៅតែបន្តអនុវត្តយន្តការអនុគ្រោះស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដោយផ្អែកតាមស្ថានភាពពិតប្រាកដរបស់អតិថិជន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសគាំទ្រចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យសមាគមទាំងពីរពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករ ដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕
អត្ថបទ៖ បូ ដូឡា