យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចត្រូវមានលក្ខណៈមុតស្រួច និងវាងវៃក្នុងការការពារ និងធានាបាននូវការលើកកម្ពស់ផលប្រយោជន៍ជាតិ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដើម្បីឆ្ពោះទៅកាន់វិបុលភាពផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ តើការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាល មានប្រសិទ្ធភាពកម្រិតណាក្នុងការទាក់ទាញការវិនិយោគ និងជំរុញពាណិជ្ជកម្ម?
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះបានក្លាយជាសកម្មភាពលេចធ្លោជាងគេនៅក្រៅប្រទេស ខណៈយុទ្ធសាស្រ្តនេះនឹងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពពលរដ្ឋ និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០-២០៥០។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ រដ្ឋាភិបាលកម្ពុជានៅតែបន្តប្រើយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជាតិកម្ពុជាមានភាពរីកចម្រើន ខណៈពិភពលោកនៅក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ គឺពោពេញដោយភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកល ដែលកំពុងបន្តអូសបន្លាយ។
បើតាមការលើកឡើងរបស់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរូបនេះ យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាមានមុខព្រួញសំខាន់ៗរួមមានជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍ជាដើម។ ជាក់ស្ដែងនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានចំនួនជាង៤៥ពាន់លានដុល្លារ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនទំហំពាណិជ្ជកម្មនេះ បានមកពីការនាំចេញទំនិញទៅកាន់បណ្ដាប្រទេសមួយចំនួនដូចជាប្រទេសឡាវ ឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា។
បើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦គម្រោង កើនឡើងប្រមាណ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ តាមរយៈគម្រោងទាំងនេះកម្ពុជាអាចស្រូបទាញទុនវិនិយោគបានរហូតដល់៥,៥ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋបានប្រមាណ២៧ម៉ឺនកន្លែង៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ