តើប្រទេសចិន មានឥទ្ធិពលក៏ដូចជាអំណាច និងទំនាក់ទំនងខ្លាំងក្លាយកម្រិតណាមកលើប្រទេសកម្ពុជា និងប្រទេសនៅក្នុងតំបន់?
ប្រទេសចិន និងកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីទំនាក់ទំនងកាន់តែស្មិតល្មួតចាក់ទឹកមិនលិច ទាំងនៅក្នុងផ្នែកនយោយបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ។ ប្រទេសទាំងពីរតែងតែចាត់ទុកគ្នាគឺជាមហាមិត្ត ឬមិត្តដែកថែប ជាក់ស្ដែង នៅគ្រាដែលកម្ពុជាជួបនឹងការឆ្លងមេរោគកូវីដ-១៩ កម្ពុជាគឺបានសម្រេចយកចិន គឺជាខ្នងបង្អែកដ៏សំខាន់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងចាក់ជូនប្រជាជន ដោយក្នុងនោះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំងពីចិនរាប់លានដូស និង បានបញ្ជាទិញរាប់លានដូសបន្ថែមផងដែរ ខណៈដែលយុទ្ធសាស្ត្រយកចិនជាខ្នងបង្អែកវ៉ាក់សាំងនេះ ក៏បានជួយឲ្យកម្ពុជាសម្រេចបានល្បឿននៃការចាក់វ៉ាក់សាំង ដល់ទៅជាង៧០%ហើយ នៃចំនួនប្រជាជនសរុប ១៦លាននាក់គិតមកទល់ពេលនេះ។ ក្រៅពីវ៉ាក់សាំងពីប្រទេសចិន កម្ពុជាក៏បានទទួលជំនួយវ៉ាក់សាំងពីយន្ដការកូវ៉ាក់ ជំនួយពីប្រទេសជប៉ុន អាមេរិក និង អង់គ្លេសជាដើម។
តើចិនឈរលើកំពូលតារាងវិនិយោគិនបរទេសនៅកម្ពុជាមែនដែរឬទេ?
ជាការពិតណាស់ បើនិយាយពីការវិនិយោគនៅកម្ពុជា គឺប្រទេសចិនបានបោះទុនវិនិយោគច្រើនជាងគេបង្អស់នៅកម្ពុជា ពិសេសការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យតែម្ដង។ ជាក់ស្ដែង តាមតួលេខពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២១នេះ ក្នុងចំណោមទុនវិនិយោគសរុប ដែលកម្ពុជាទទួលបានជិត ៣ពាន់លានដុល្លារអាមេរិក ឃើញថា ការវិនិយោគពីសំណាក់វិនិយោគិនចិន គឺមានច្រើនជាងគេបង្អស់ ពោលគឺច្រើនជាងការវិនិយោគ ដោយវិនិយោគិនក្នុងស្រុកទៅទៀត។ រយៈពេល៦ខែឆ្នាំនេះ ការវិនិយោគរបស់ចិននៅកម្ពុជាមានទឹកប្រាក់ជាង២ពាន់លានដុល្លារ ឬស្មើនឹងជិត៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគ ដោយវិនិយោគិនក្នុងស្រុកវិញមានជាង២១%។
ដោយឡែក បើយើងមើលទៅ ទំហំពាណិជ្ជកម្មកម្ពុជាចិនវិញ ប្រទេសចិនក៏ឈរលំដាប់កំពូលតារាងផងដែរ ជាក់ស្ដែង ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩នេះក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិន នៅពាក់កណ្តាលឆ្នាំ២០២១នេះ មិនមានការរង្គោះរង្គើសោះឡើយ ពោលគឺនៅតែសម្រេចបានកំណើនជាង ៣០% ដោយមានទំហំទឹកប្រាក់សរុបជិត៥ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរ ក៏បានប្ដេជ្ញាចិត្តថា នឹងឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្ម ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ផងដែរ។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។
កម្ពុជា និងចិន ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ ដោយថ្មីៗនេះ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ទើបតែត្រូវបានរដ្ឋសភាកម្ពុជាអនុម័តទាំងស្រុងកាលពីសប្ដាហ៍មុននេះ និង រំពឹងថា នឹងចូលជាធរមានក្នុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ ត្រូវបានក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា នឹងជួយឲ្យកម្ពុជាពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារចិនកាន់តែធំជាងមុន ពិសេសសម្រាប់មុខទំនិញផលិតផលកសិកម្មតែម្ដង។
ក្រៅតែពីការវិនិយោគ និង ពាណិជ្ជកម្ម ប្រទេសចិន ក៏ត្រូវបានគេដឹងថា ក៏ជាម្ចាស់ជំនួយ ហើយក៏ជាម្ចាស់បំណុលធំជាងគេរបស់កម្ពុជាផងដែរ។ ម្ចាស់បំណុលធំជាងគេ បើយើងមើលទៅលើតួលេខ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង ៩ពាន់លានដុល្លារអាមេរិក ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះ បំណុលដែលកម្ពុជាជំពាក់ចិនមានដល់ទៅជិត ៤ពាន់លានដុល្លារ ឬស្មើនឹងជាង៤៣% នៃបំណុលសាធារណៈសរុបពីបរទេស។ នៅត្រង់ចំណុចនេះ ខ្ញុំសូមបើកវង់ក្រចកបន្តិថា មែនទែនទៅ មិនមែនមានតែកម្ពុជាយើងទេ ដែលជំពាក់បំណុលចិនច្រើននោះ ប្រទេសជាច្រើនផ្សេងទៀត ក៏ជំពាក់ចិនច្រើនដូចតែគ្នាដែរ។ ចុះសួរថា តើប្រទេសណាខ្លះជំពាក់ចិនច្រើនជាងគេ? បើមើលទៅលើរបាយការណ៍ពីសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ប្រទេសចិន បានពង្រីកគម្រោងហិរញ្ញប្បទាននៅក្រៅប្រទេសកាន់តែច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសការផ្ដល់កម្ចីស្ថិតក្រោម គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ១តែម្ដង ដែលជាផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ពោរពេញដោយមហិច្ឆតារបស់ចិន ក្នុងការកសាងផ្លូវរថភ្លើង ផ្លូវគោក ផ្លូវសមុទ្រ និងមធ្យោបាយផ្សេងទៀត ដែលតភ្ជាប់ពីប្រទេសចិន ទៅកាន់តំបន់អាស៊ី អាហ្វ្រិក និង អឺរ៉ុប។ ប្រទេស ដែលទទួលយកកម្ចីពីប្រទេសចិន ភាគច្រើន គឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសនៅតំបន់អាហ្វ្រិកតែម្ដង។
បើយើងក្រឡេកទៅមើលតួលេខពី វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិរបស់អាមេរិកបានឲ្យដឹងថា កាលពីឆ្នាំ២០០៦ ប្រទេសចិនមានប្រទេសនានាជំពាក់បំណុលមិនទាន់សងត្រឹមតែប្រមាណ ១,៦ទ្រីលានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០ ប្រទេសដែលជាប់ជំពាក់បំណុលរបស់ចិន បានកើនដល់ទៅជាង ៥,៦ទ្រីលានដុល្លារអាមេរិក ដែលបច្ចុប្បន្ននេះ បានធ្វើឲ្យចិនក្លាយជាម្ចាស់បំណុលធំជាងគេបំផុតរបស់ប្រទេសដែលមានប្រាក់ចំណូលទាប។
តើចិន និង អាស៊ានមានទំនាក់ទំនងយ៉ាងដូចម្ដេចដែរ?
និយាយក្នុងក្របខណ្ឌអាស៊ាន ចិន បាននាំមុខអាមេរិកនៅក្នុងការរក្សាបាននូវឥទ្ធិពលសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងតំបន់នេះ។ ជាក់ស្ដែង តាមទិន្ន័យផ្លូវការពីរដ្ឋាភិបាលចិន បានបង្ហាញថា ពាណិជ្ជកម្មរវាងប្រទេសចិន និងអាស៊ាន បានកើនឡើងយ៉ាងគំហុកដល់ទៅជាង ៨៥ ដងឯណោះ រាប់ចាប់តាំងពីភាគីទាំងពីរ អាស៊ាន ចិន បានផ្ដើមបង្កើតទំនាក់ទំនងរវាងគ្នាកាលពី៣០ឆ្នាំមុន។ នេះបើតាមការរាយការណ៍ ដោយភ្នាក់ងារព័ត៌មានចិនស៊ិនហួ។ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ខណៈដែល តំបន់អាស៊ានក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំៗ បំផុតរបស់ចិនផងដែរ។
បើយើងមើលទៅលើទិន្ន័យពីការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា នៅក្នុងអំឡុងពេល ៨ខែឆ្នាំ២០២១នេះ តំបន់អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតមួយរបស់ ប្រទេសចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាង ចិន និងអាស៊ាន សម្រេចបានជាង ៥៦០ពាន់លានដុល្លារអាមេរិក ហើយសហភាពអឺរ៉ុប ក្លាយជា ដៃគូពាណិជ្ជកម្មធំបន្ទាប់របស់ចិនមានទំហំពាណិជ្ជកម្មជាង ៥៣០ ពាន់លានដុល្លារអាមេរិក រីឯអាមេរិក ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយចិនប្រមាណ ៤៧០ពាន់លានដុល្លារអាមេរិក។
ជុំវិញនឹងទំនាក់ទំនង ចិន-អាស៊ាន នេះដែរ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងគូសបញ្ជាក់នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ២០២១ ដែលធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីសប្ដាហ៍មុននេះថា ភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងរយៈពេល៣០ឆ្នាំកន្លងមក បានក្លាយជាមូលដ្ឋានដ៏រឹងមាំ សម្រាប់អាស៊ាន និងចិន ក្នុងការដាក់ចេញនូវមាគ៌ាដ៏ត្រចះត្រចង់ និង បង្កើតនូវកាលនុវត្តភាពថ្មី ដើម្បីឈានទៅសម្រេចនូវអនាគតរួមគ្នា ប្រកបដោយវិបុលភាព និង បរិយាប័ន្ន។ បើតាមទស្សនៈសម្តេចតេជោ ហ៊ុន សែន ចិន-អាស៊ាន ត្រូវបន្ដពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងយកឈ្នះកូវីដ១៩ ដើម្បីធានានិរន្ដរភាពសង្គម-សេដ្ឋកិច្ច និងការរស់រានមានជីវិតរបស់ប្រជាជន។ លើសពីនេះទៅទៀត ចិន-អាស៊ាន ត្រូវបន្ដជំរុញ កិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម ដើម្បីពន្លឿនការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩ តាមរយៈការបើកទីផ្សារឲ្យបានទូលំទូលាយជាងមុន និង លំហូរពាណិជ្ជកម្មសេរី ក៏ដូចជាសម្រួលដល់លំហូរវិនិយោគជាដើម។
សូមបញ្ជាក់ថា តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និង ពាណិជ្ជកម្មរបស់អង់គ្លេស បានឲ្យដឹងថា ប្រទេសចិននឹងនាំមុខអាមេរិកក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក នៅឆ្នាំ២០២៨ខាងមុខនេះ ដែលការព្យាករនេះ គឺមានការបង្ខិតពេលវេលាមកនៅតិចជាងមុនដល់ទៅ៥ឆ្នាំ បន្ទាប់ពីមើលឃើញថា ប្រទេសចិនមានការគ្រប់គ្រងបញ្ហាកូវីដ១៩បានល្អ ខណៈបណ្ដាប្រទេសនានា ពិសេស អាមេរិក និង អឺរ៉ុបនៅបន្ដរកឃើញករណីឆ្លងរីករាលដាលនៅឡើយ។ ទន្ទឹមនឹងនោះ ប្រទេសឥណ្ឌា ក៏ត្រូវបានព្យាករដែរថា នឹងក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតទី៣ក្នុងពិភពលោក បន្ទាប់ពីអាមេរិកនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ៕