ឥទ្ធិពលចិន-កម្ពុជា-អាស៊ាន

ឥទ្ធិពលចិនមកលើកម្ពុជា រួមទាំងអាស៊ានមានការវិវត្តយ៉ាងណាខ្លះ?


មហាយក្សចិន ត្រូវបានពិភពលោកទទួលស្គាល់ថាជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និង កំពុងឈានទៅដណ្ដើមយកតំណែងសេដ្ឋកិច្ចលេខ១ក្នុងលោក ពីអាមេរិកនៅប៉ុន្មានឆ្នាំខាងមុខនេះ។ ឥទ្ធិពលចិននៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានរីកសាយភាយកាន់តែធំឡើងៗនៅក្នុងតំបន់ ពិសេសនៅតំបន់អាស៊ីអាគ្នេយ៍តែម្ដង ខណៈដែលអាមេរិក កំពុងប្រជែងឥទ្ធិពលកាន់តែខ្លាំងឡើងជាមួយនឹងចិន ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម នយោបាយកាទូត និងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។
រូបតំណាង៖​ ឥទ្ធិពលចិនមកលើកម្ពុជា និងអាស៊ាន

តើ​ប្រទេស​ចិន មាន​ឥទ្ធិពល​ក៏​ដូច​ជា​អំណាច និង​ទំនាក់ទំនង​ខ្លាំង​ក្លាយ​កម្រិត​ណា​មក​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​នៅ​ក្នុង​តំបន់?

ប្រទេស​ចិន និង​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ស្មិត​ល្មួត​ចាក់ទឹកមិនលិច ទាំង​នៅ​ក្នុង​ផ្នែក​ន​យោ​យ​បាយ​ការទូត សេដ្ឋកិច្ច​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​វិនិយោគ​។ ប្រទេស​ទាំង​ពីរ​តែងតែ​ចាត់​ទុក​គ្នា​គឺជា​មហាមិត្ត ឬ​មិត្ត​ដែកថែប ជាក់ស្ដែង នៅ​គ្រា​ដែល​កម្ពុជា​ជួបនឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ កម្ពុជា​គឺ​បាន​សម្រេច​យក​ចិន គឺជា​ខ្នងបង្អែក​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន ដោយ​ក្នុង​នោះ កម្ពុជា​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​ចិន​រាប់​លាន​ដូ​ស និង បាន​បញ្ជា​ទិញ​រាប់​លាន​ដូ​ស​បន្ថែម​ផង​ដែរ ខណៈ​ដែល​យុទ្ធសាស្ត្រ​យក​ចិន​ជា​ខ្នងបង្អែក​វ៉ាក់សាំង​នេះ ក៏​បាន​ជួយ​ឲ្យ​កម្ពុជា​សម្រេច​បាន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង ដល់​ទៅ​ជាង​៧០%​ហើយ នៃ​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់​គិត​មក​ទល់​ពេល​នេះ​។ ក្រៅពី​វ៉ាក់សាំង​ពី​ប្រទេស​ចិន កម្ពុជា​ក៏​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​យន្ដការ​កូ​វ៉ា​ក់ ជំនួយ​ពី​ប្រទេស​ជប៉ុន អា​មេ​រិ​ក និង អង់គ្លេស​ជាដើម​។

តើ​ចិន​ឈរ​លើ​កំពូល​តារាង​វិនិយោគិន​បរទេស​នៅ​កម្ពុជា​មែនដែរ​ឬទេ?

ជា​ការ​ពិត​ណាស់ បើ​និយាយ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា គឺ​ប្រទេស​ចិន​បាន​បោះទុន​វិនិយោគ​ច្រើន​ជាងគេ​បង្អស់​នៅ​កម្ពុជា ពិសេស​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​តែ​ម្ដង​។ ជាក់ស្ដែង តាម​តួលេខ​ពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា CDC បាន​ឲ្យ​ដឹង​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប ដែល​កម្ពុជា​ទទួល​បាន​ជិត ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឃើញ​ថា ការ​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ចិន គឺ​មាន​ច្រើន​ជាងគេ​បង្អស់ ពោល​គឺ​ច្រើន​ជាង​ការ​វិនិយោគ ដោយ​វិនិយោគិន​ក្នុងស្រុក​ទៅ​ទៀត​។ រយៈពេល​៦​ខែ​ឆ្នាំ​នេះ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មាន​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត​៦៩% នៃ​ការ​វិនិយោគ​សរុប ខណៈ​ដែល​ការ​វិនិយោគ ដោយ​វិនិយោគិន​ក្នុងស្រុក​វិញ​មាន​ជាង​២១%​។

ដោយឡែក បើ​យើង​មើលទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​វិញ ប្រទេស​ចិន​ក៏​ឈរ​លំដាប់​កំពូល​តារាង​ផង​ដែរ ជាក់ស្ដែង ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​នេះ​ក៏​ដោយ ក៏​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង ចិន នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១​នេះ មិន​មានការ​រង្គោះរង្គើ​សោះឡើយ ពោល​គឺ​នៅ​តែ​សម្រេច​បាន​កំណើន​ជាង ៣០% ដោយ​មាន​ទំហំ​ទឹកប្រាក់​សរុប​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប្រទេស​ទាំង​ពីរ ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​ទំហំ​ពាណិជ្ជកម្ម ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២៣​ផង​ដែរ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​។

កម្ពុជា និង​ចិន ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ផង​ដែរ ដោយ​ថ្មី​ៗ​នេះ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ទើបតែ​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​ទាំងស្រុង​កាលពី​ស​ប្ដា​ហ៍​មុន​នេះ និង រំពឹង​ថា នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០២២​។ កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា នឹង​ជួយ​ឲ្យ​កម្ពុជា​ពង្រីក​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​កាន់តែ​ធំ​ជាង​មុន ពិសេស​សម្រាប់​មុខទំនិញ​ផលិតផល​កសិកម្ម​តែ​ម្ដង​។

ក្រៅ​តែ​ពី​ការ​វិនិយោគ និង ពាណិជ្ជកម្ម ប្រទេស​ចិន ក៏​ត្រូវ​បាន​គេ​ដឹង​ថា ក៏​ជា​ម្ចាស់​ជំនួយ ហើយ​ក៏​ជា​ម្ចាស់បំណុល​ធំ​ជាងគេ​របស់​កម្ពុជា​ផង​ដែរ​។ ម្ចាស់បំណុល​ធំ​ជាងគេ បើ​យើង​មើលទៅ​លើ​តួលេខ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១​ឆ្នាំ​២០២១ កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ជាង ៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​សុទ្ធ​សឹង​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ក្នុង​នោះ បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​មាន​ដល់​ទៅ​ជិត ៤​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង​៤៣% នៃ​បំណុល​សាធារណៈ​សរុប​ពី​បរទេស​។ នៅ​ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​បើក​វង់ក្រចក​ប​ន្តិ​ថា មែនទែន​ទៅ មិនមែន​មាន​តែ​កម្ពុជា​យើង​ទេ ដែល​ជំពាក់​បំណុល​ចិន​ច្រើន​នោះ ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត ក៏​ជំពាក់​ចិន​ច្រើន​ដូច​តែ​គ្នា​ដែរ​។ ចុះ​សួរ​ថា តើ​ប្រទេស​ណាខ្លះ​ជំពាក់​ចិន​ច្រើន​ជាងគេ? បើ​មើលទៅ​លើ​របាយការណ៍​ពី​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន បាន​ពង្រីក​គម្រោង​ហិរញ្ញប្បទាន​នៅ​ក្រៅប្រទេស​កាន់តែ​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​ការ​ផ្ដល់​កម្ចី​ស្ថិត​ក្រោម គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​១​តែ​ម្ដង ដែល​ជា​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ពោរពេញ​ដោយ​មហិច្ឆតា​របស់​ចិន ក្នុង​ការ​កសាង​ផ្លូវ​រថភ្លើង ផ្លូវគោក ផ្លូវ​សមុទ្រ និង​មធ្យោបាយ​ផ្សេង​ទៀត ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន ទៅ​កាន់​តំបន់​អាស៊ី អាហ្វ្រិក និង អឺរ៉ុប​។ ប្រទេស ដែល​ទទួលយក​កម្ចី​ពី​ប្រទេស​ចិន ភាគច្រើន គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍ ពិសេស​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​តែ​ម្ដង​។

បើ​យើង​ក្រឡេក​ទៅ​មើល​តួលេខ​ពី វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៦ ប្រទេស​ចិន​មាន​ប្រទេស​នានា​ជំពាក់​បំណុល​មិន​ទាន់​សង​ត្រឹមតែ​ប្រមាណ ១,៦​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ប៉ុន្ដែ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២០ ប្រទេស​ដែល​ជាប់ជំពាក់​បំណុល​របស់​ចិន បាន​កើន​ដល់​ទៅ​ជាង ៥,៦​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បច្ចុប្បន្ន​នេះ បាន​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ម្ចាស់បំណុល​ធំ​ជាងគេ​បំផុត​របស់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។  

តើ​ចិន និង អាស៊ាន​មាន​ទំនាក់ទំនង​យ៉ាងដូចម្ដេច​ដែរ?

និយាយ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ចិន បាន​នាំមុខ​អា​មេ​រិ​ក​នៅ​ក្នុង​ការ​រក្សា​បាន​នូវ​ឥទ្ធិពល​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នេះ​។ ជាក់ស្ដែង តាម​ទិន្ន័យ​ផ្លូវការ​ពី​រដ្ឋាភិបាល​ចិន បាន​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាស៊ាន បាន​កើនឡើង​យ៉ាង​គំហុក​ដល់​ទៅ​ជាង ៨៥ ដង​ឯណោះ រាប់​ចាប់តាំងពី​ភាគី​ទាំង​ពីរ អាស៊ាន ចិន បាន​ផ្ដើម​បង្កើត​ទំនាក់ទំនង​រវាង​គ្នា​កាលពី​៣០​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​រាយការណ៍ ដោយ​ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិ​ន​ហួ​។ ហើយ​ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ក្នុង​រយៈពេល​១២​ឆ្នាំ​ជាប់​ៗ​គ្នា ខណៈ​ដែល តំបន់​អាស៊ាន​ក៏​បាន​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ បំផុត​របស់​ចិន​ផង​ដែរ​។

បើ​យើង​មើលទៅ​លើ​ទិន្ន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​បង្ហាញ​ថា នៅ​ក្នុងអំឡុងពេល ៨​ខែ​ឆ្នាំ​២០២១​នេះ តំបន់​អាស៊ាន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​បំផុត​មួយ​របស់ ប្រទេស​ចិន ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង ចិន និង​អាស៊ាន សម្រេច​បាន​ជាង ៥៦០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​សហភាព​អឺរ៉ុប ក្លាយជា ដៃគូ​ពាណិជ្ជកម្ម​ធំ​បន្ទាប់​របស់​ចិន​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង ៥៣០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រីឯ​អា​មេ​រិ​ក ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន​ប្រមាណ ៤៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ជុំវិញ​នឹង​ទំនាក់ទំនង ចិន​-​អាស៊ាន នេះ​ដែរ សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​គូសបញ្ជាក់​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ១៨ ឆ្នាំ​២០២១ ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ថា ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លង​មក បាន​ក្លាយជា​មូលដ្ឋាន​ដ៏​រឹង​មាំ សម្រាប់​អាស៊ាន និង​ចិន ក្នុង​ការ​ដាក់​ចេញ​នូវ​មាគ៌ា​ដ៏​ត្រចះត្រចង់ និង បង្កើត​នូវ​កាល​នុ​វត្ត​ភាព​ថ្មី ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​អនាគត​រួម​គ្នា ប្រកបដោយ​វិបុលភាព និង បរិ​យា​ប័ន្ន​។ បើ​តាម​ទស្សនៈ​សម្តេច​តេ​ជោ  ហ៊ុន សែន ចិន​-​អាស៊ាន ត្រូវ​បន្ដ​ពួតដៃគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​យកឈ្នះ​កូ​វី​ដ​១៩ ដើម្បី​ធានា​និរន្ដរភាព​សង្គម​-​សេដ្ឋកិច្ច និង​ការ​រស់រាន​មានជីវិត​របស់​ប្រជាជន​។ លើស​ពី​នេះ​ទៅ​ទៀត ចិន​-​អាស៊ាន ត្រូវ​បន្ដ​ជំរុញ កិច្ចសហការ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម ដើម្បី​ព​ន្លឿ​ន​ការ​ស្ដារ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ តាម​រយៈ​ការ​បើក​ទីផ្សារ​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន និង លំហូរ​ពាណិជ្ជកម្ម​សេរី ក៏​ដូច​ជា​សម្រួល​ដល់​លំហូរ​វិនិយោគ​ជាដើម​។

សូម​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម​របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​នាំមុខ​អា​មេ​រិ​ក​ក្លាយជា​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក នៅ​ឆ្នាំ​២០២៨​ខាង​មុខ​នេះ ដែល​ការ​ព្យាករ​នេះ គឺ​មានការ​បង្ខិត​ពេលវេលា​មក​នៅ​តិច​ជាង​មុន​ដល់​ទៅ​៥​ឆ្នាំ បន្ទាប់​ពី​មើលឃើញ​ថា ប្រទេស​ចិន​មានការ​គ្រប់គ្រង​បញ្ហា​កូ​វី​ដ​១៩​បាន​ល្អ ខណៈ​បណ្ដា​ប្រទេស​នានា ពិសេស អា​មេ​រិ​ក និង អឺរ៉ុប​នៅ​បន្ដ​រក​ឃើញ​ករណី​ឆ្លង​រីក​រាលដាល​នៅឡើយ​។ ទន្ទឹម​នឹង​នោះ ប្រទេស​ឥណ្ឌា ក៏​ត្រូវ​បាន​ព្យាករ​ដែរ​ថា នឹង​ក្លាយជា​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទី​៣​ក្នុង​ពិភពលោក បន្ទាប់​ពី​អា​មេ​រិ​ក​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួយឥតសំណងជាង ២៧០លានដុល្លារអាមេរិក ត្រូវបានមហាមិត្តចិនផ្ដល់ជូនកម្ពុជាអំឡុងដំណើរទស្សនកិច្ចឯកឧត្តម វ៉ាង យី

ព័ត៌មាន
នៅក្នុងអំឡុងដំណើរទស្សនកិច្ច ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ១ថ្ងៃទី១៣ ខ…

សម្ដេចតេជោ ហ៊ុន សែន៖ «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និង សន្តិភាពពេញលេញប្រកបដោយនិរន្តរភាព

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា «ភាពជាម្ចាស់ប្រទេស» ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងសន្តិភាពពេញលេញ ប្រកបដោយនិរន្តរភាព។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ