តើហាងឆេងត្បូងពេជ្រនៅកម្ពុជា

តើហាងឆេងត្បូងពេជ្រនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយទីផ្សារពិភពលោកមានការធ្លាក់ថ្លៃខ្លាំង?


ពេជ្រជាឈ្មោះត្បូងមានតម្លៃមួយប្រភេទមានសាច់រឹងខ្លាំង និងមានពន្លឺចាំងចែង ដែលគេនិយមយកមកកែច្នៃធ្វើជាគ្រឿងអលង្ការ និងជាវត្ថុមានតម្លៃសម្រាប់ពាក់ និងតាំងលម្អ។ ត្បូងដ៏មានតម្លៃនេះ ត្រូវបានចរាចរដាក់លក់នៅលើទីផ្សារនៅតាមបណ្តាប្រទេសផ្សេងៗលើពិភពលោករួមទាំងកម្ពុជា ផងដែរ។ តែយ៉ាងណានៅមួយរយៈចុងក្រោយនេះ ទីផ្សារពេជ្រ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយថា មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តើហាងឆេងត្បូងពេជ្រកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយនៅទីផ្សារពិភពលោកមានការធ្លាក់ចុះខ្លាំង?
តើហាងឆេងត្បូងពេជ្រនៅកម្ពុជា
ដោយ

ម្ចាស់ហាងមាសពេជ្រ ទីមង្គល បានគូសបញ្ជាក់ថា គ្រឿងអលង្ការពេជ្រនៅតែជាទីពេញនិយម និងមានតម្រូវការជាបន្តបន្ទាប់ពីអ្នកប្រើប្រាស់នៅមួយរយៈចុងក្រោយនេះ ដែលអាចឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃជីវភាពរបស់អ្នកប្រើប្រាស់ ស្របពេលតម្លៃពេជ្របច្ចុប្បន្នមិនសូវថ្លៃដូចមុន ដោយសារតែមានការប្រកួតប្រជែងច្រើននៅលើទីផ្សារ។ បើតាមការអះអាងរបស់អាជីវកររូបនេះ បច្ចុប្បន្នអ្នកនិយមប្រើប្រាស់ពេជ្រមានជម្រើសច្រើនក្នុងការជ្រើសរើស ដ្បិតវាមានទាំងពេជ្រចិញ្ចឹមតាមបែបវិទ្យាសាស្ត្រ និងពេជ្រធម្មជាតិ ខណៈប្រភេទពេជ្រទាំងនេះមានគុណភាព និងតម្លៃខុសៗគ្នា ហើយមានតែអ្នកជំនាញប៉ុណ្ណោះដែលអាចដឹងពីភាពសុទ្ធរបស់វា។

ពាក់ព័ន្ធទីផ្សារត្បូងពេជ្រនេះដែរ លោកបណ្ឌិត ភី សារ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កត់សម្គាល់ឃើញថា ឧស្សាហកម្មកែច្នៃ និងនាំចេញត្បូងពេជ្ររបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ តែវត្ថុធាតុដើមភាគច្រើននាំចូលពីបរទេស។ អ្នកជំនាញរូបនេះបានចាត់ទុកកំណើននាំចេញត្បូងពេជ្ររបស់កម្ពុជានេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃឧស្សាហកម្មកែច្នៃគ្រឿងអលង្ការពេជ្រ និងភាពជោគជ័យក្នុងការសម្របខ្លួនទៅក្នុងទីផ្សារពិភពលោក។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយការចរាចរលក់ពេជ្រចិញ្ចឹម ឬពេជ្រក្នុងមន្ទីរពិសោធន៍ បានរងផលប៉ះពាល់ខ្លះដែរ ដោយសារតែតម្លៃមានការធ្លាក់ចុះ ខណៈពេជ្រប្រភេទនេះត្រូវបានបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាចផលិតបាន ហើយកម្ពុជា ក៏ផលិតបានដូចគ្នាដែរ។ ប៉ុន្តែតម្លៃត្បូងពេជ្រធម្មជាតិ មិនមានធ្លាក់ចុះនោះទេ ដោយសារពេជ្រប្រភេទនេះពិបាករក។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ក្រសួងបានផ្តល់អាជ្ញាបណ្ណនាំចេញត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃចំនួន៣៤អាជ្ញាបណ្ណ គិតជាទឹកប្រាក់ជាង ២៩លានដុល្លារអាម៉េរិកថយចុះជាង១៨% និងបានផ្តល់អាជ្ញាបណ្ណនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃចំនួន១១អាជ្ញាបណ្ណគិតជាទឹកប្រាក់ជាង៣៦លានដុល្លារអាម៉េរិកថយចុះ៤៥%។ គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ទីផ្សារត្បូងពេជ្រទូទាំងពិភពលោកនៅឆ្នាំ២០២៤ នេះបានដាំក្បាលចុះយ៉ាងខ្លាំង ដោយតម្លៃរបស់វាបានធ្លាក់ចុះរហូតដល់ទៅប្រមាណ៣០%ឯណោះ បើធៀបនឹងឆ្នាំ២០២២ ជាពេលដែលហាងឆេងត្បូងពេជ្របានហក់ឡើងដល់កម្រិតខ្ពស់បំផុត។ ការធ្លាក់ចុះនេះដោយសារបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ការប្រែប្រួលនៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃអត្រារៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសចិន និងការកើនឡើងនៃពេជ្រចិញ្ចឹម ដែលមានតម្លៃធូរថ្លៃជាងពេជ្រធម្មជាតិ ព្រមទាំងការប្រែប្រួលនៃឥរិយាបថរបស់អ្នកប្រើប្រាស់ជាដើម៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


សារជូនពរដ៏កក់ក្តៅពីធនាគារ ជីប ម៉ុង ជូនចំពោះអតិថិជន និងដៃគូពាណិជ្ជកម្មក្នុង​ឱកាសចូលឆ្នាំថ្មី២០២៥

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសលប៊ែង ម.ក ជាមួយថ្នាក់ដឹកនាំកំពូល…

តើមានទឡ្ហីករណ៍អ្វីជំរុញឱ្យអ្នកជំនាញហ៊ានព្យាករថា ខេត្តកោះកុងនឹងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញជាងគេក្នុងចំណោមខេត្តជាប់មាត់សមុទ្រ?

ខេត្តកោះកុង ជាខេត្តមួយស្ថិតក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ពិសេសសម្បូរទៅដោយប្រជុំកោះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ