លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដំណាំស្រូវក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំនេះ ហាក់មានភាពអំណោយផលល្អពីទឹកភ្លៀង និងការរំខានដោយសារជំនន់ទឹកភ្លៀង ដែលធ្វើឱ្យទិន្នផលស្រូវវស្សានៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន។ តែយ៉ាងណាលោកមិនបានបញ្ជាក់លម្អិតពីទំហំនៃការកើនឡើងនេះនោះទេ។ ពាក់ព័ន្ធនឹងតម្លៃស្រូវវិញត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ស្រូវសើមត្រូវបានឈ្មួញចុះទិញក្នុងតម្លៃជាមធ្យមពី៩៩០រៀលឡើងទៅក្នុង១គីឡូក្រាម មានការកើនឡើងពី៣០រៀលទៅ៤០រៀលក្នុង១គីឡូក្រាម តែតម្លៃវាអាចមានការប្រែប្រួលនាពេលខាងមុខ។ បើតាមការអះអាងរបស់ប្រធានមន្ទីររូបនេះ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង កំពុងតាមដានលើការប្រមូលផល និងតម្លៃស្រូវយ៉ាងយកចិត្តទុកដាក់ ដើម្បីវាយតម្លៃ និងអន្តរាគមន៍ជូនដល់កសិករផងដែរ។
ជាមួយគ្នានេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប៉ាន់ប្រមាណថា ទិន្នផលស្រូវនៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២៤នេះ អាចមានក្នុងរង្វង់ជាង២លានតោន មានការឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងទិន្នផលកើនឡើង តម្លៃនៅឆ្នាំនេះក៏ហាក់មានភាពល្អប្រសើរជាងឆ្នាំមុនផងដែរ ប៉ុន្តែក្នុងករណីខ្លះកសិករអាចលក់បានក្នុងតម្លៃថោកដោយសារតែស្រូវមិនសូវមានគុណភាពល្អ។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីររូបនេះអះអាងថា ក្រសួងស្ថាប័នពាក់ព័ន្ធនៅតែបន្តខិតខំស្វែងរកទីផ្សារតម្លៃ ដែលមានភាពល្អប្រសើរជាងបន្ថែមទៀត។
ស្រដៀងគ្នានេះដែរ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្នកសិករបានចាប់ផ្ដើមប្រមូលផលស្រូវស្រាល និងស្រូវកណ្ដាលជាបណ្ដើរៗហើយ ខណៈទិន្នផលនៅឆ្នាំនេះហាក់មានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានទឹកភ្លៀងគ្រប់គ្រាន់។ បើតាមការអះអាងរបស់ប្រធានមន្ទីររូបនេះ ស្រូវសរីរាង្គរបស់កសិករដែលបានចុះកិច្ចសន្យាលក់ឱ្យក្រុមហ៊ុន ហាក់មិនមានការព្រួយបារម្ភលើបញ្ហាតម្លៃនោះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានទិញក្នុងតម្លៃចន្លោះពីជាង១ពាន់១រយរៀលដល់ជាង១ពាន់៣រយរៀលក្នុង១គីឡូក្រាម អាស្រ័យលើប្រភេទពូជ និងគុណភាពស្រូវ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤ កម្ពុជានាំចេញស្រូវសើមបានចំនួនជាង៣លាន៣៦ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង១ពាន់លានលានដុល្លារ ក្នុងនោះជាង៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ នៅក្នុងរយៈពេលដូចគ្នានេះកម្ពុជាសម្រេចបានការនាំចេញអង្ករជាង៤៤ម៉ឺនតោនជាមួយទំហំទឹកប្រាក់ជាង៣៣៥លានដុល្លារអាម៉េរិក។ បើតាមការអះអាងរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤ គឺជាឆ្នាំដំបូងដែលកម្ពុជា អាចផលិតស្រូវបានរហូតដល់ប្រមាណ១៣លានតោន៕
អត្ថបទ៖ បូ ដូឡា