
តើកម្មវិធីប្រកួតប្រជែងនេះមានសារៈសំខាន់យ៉ាងណាខ្លះក្នុងការជួយលើកម្ពស់វិស័យឌីជីថល និងសន្តិសុខជាតិរបស់កម្ពុជា?
លោក ជា លីនណា មន្ត្រីបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ជាការប្រកួតប្រជែងថ្នាក់ជាតិដំបូងគេរបស់កម្ពុជា ដែលរៀបចំឡើងក្នុងគោលបំណងជួយគាំទ្រ និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះផ្នែកសន្តិសុខសាយប័រគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះលោក ជា ណារ៉ូ មន្ត្រីបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានគូសបញ្ជាក់ថា ផ្នែកសន្តិសុខសាយប័រនៅក្នុងប្រទេសកម្ពុជាហាក់មិនសូវមានអ្នកស្គាល់ច្រើននោះទេនៅប៉ុន្មានឆ្នាំមុន ប៉ុន្តែតាមរយៈកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥នេះ គឺមានសម្ទុះការគាំទ្រ និងការចូលរួមយ៉ាងច្រើន ដែលសបញ្ជាក់ឱ្យឃើញថា ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសន្តិសុខសាយប័ររបស់កម្ពុជាកំពុងមានការរីកចម្រើន។ បើតាមមន្រ្តីបច្ចេកទេសរូបនេះ សន្តិសុខសាយប័រ គឺជាផ្នែកដ៏មានសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍវិស័យឌីជីថលរបស់កម្ពុជា ហើយតាមរយៈការប្រកួតប្រជែងនេះ វាបានឆ្លុះបញ្ចាំងឱ្យឃើញថាបេក្ខភាពដែលបានចូលរួម គឺសុទ្ធសឹងជាធនធានល្អៗ មានសមត្ថភាព និងសក្តានុពល ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យនេះកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។
លោក ហ៊ាង តុង និស្សិតមកពីសកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ ដែលជាបេក្ខភាពចូលរួមប្រកួត ក្នុងកម្មវិឌីថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា តាមរយៈការចូលរួមប្រកួតប្រជែងនេះបានផ្តល់បទពិសោធន៍ថ្មីៗជាច្រើន ដែលលើសពីការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ ដើម្បីយកទៅចំពេញលើការសិក្សារបស់ខ្លួនបន្ថែម។ ជាមួយគ្នានេះ កញ្ញា តាំង សុវណ្ណពង្ស និស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាកម្ពុជាបានលើកទឹកចិត្តដល់និស្សិតទាំងអស់ដែលស្រលាញ់ផ្នែកសន្តិសុខសាយប័រ ពិសេសនារីៗតែម្តង គួរតែចូលរួមប្រកួតកម្មវិធីនេះនៅវគ្គក្រោយៗទៀតឱ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ និងចំណោះដឹងបន្ថែមទៀត។
ដោយឡែកឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យឌីជីថល ពិសេសការអភិវឌ្ឍធនធានមនុស្សនៅក្នុងផ្នែកសន្តិសុខសាយប័រ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីផ្តល់នូវទំនុកចិត្ត សុវត្ថិភាព និងសន្តិសុខ ក្នុងការការពារអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា។
គួរជម្រាបថា កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ មានបេក្ខភាពចូលរួមប្រកួតសរុបចំនួន១០០នាក់ ក្នុងនោះបេក្ខជនជ័យលាភីមានចំនួន៥រូប រួមជាមួយបេក្ខជនឆ្នើមចំនួន១៥រូបទៀត ត្រូវបានជ្រើសរើសយកមកបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល៤ខែ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន៤រូបតំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន និងវគ្គអាស៊ានសាយប័រស៊ីហ្គេម រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រនៅប្រទេសថៃអំឡុងខែតុលា ខាងមុខនេះ៕
អត្ថបទ សោម ស្រីពេជ្រ