តើទីផ្សារលម៉ើនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណាដែរ?

រដូវប្រមូលផលលម៉ើចូលមកដល់ហើយ! តើទីផ្សារលម៉ើនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណាដែរ?


ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើហូបផ្លែដទៃទៀត ប៉ុន្ដែ ការដាំដុះដំណាំនេះ ហាក់មិនសម្បូរច្រើននោះទេ។ បើតាមការសាកសួររបស់ក្រុមការងារខេមបូណូមីស ទៅលើឈ្មួញទិញលម៉ើ និងម្ចាស់ចម្ការលម៉ើមួយចំនួន ហាក់មានការរៀបរាប់ផ្សេងៗគ្នា ជុំវិញទៅនឹងទីផ្សារលម៉ើនៅឆ្នាំនេះ។
តើទីផ្សារលម៉ើនៅឆ្នាំនេះមានការប្រែប្រួលយ៉ាងណាដែរ?
ដោយ

ក្នុងនោះដែរ អ្នកលក់លម៉ើរអ៊ូរទាំថា លម៉ើដាំក្នុងស្រុកឆ្នាំនេះហាក់ពិបាកលក់ជាងឆ្នាំមុនដោយសារលម៉ើនាំចូលមានតម្លៃទាបជាងលម៉ើដាំក្នុងស្រុកខ្លាំងពេក។ ជាមធ្យម លម៉ើ ដាំដោយកសិករខ្មែរមានតម្លៃចន្លោះពី១២ទៅ១៥ដុល្លារក្នុង១គីឡូក្រាម ខណៈលម៉ើនាំចូល១គីឡូក្រាមលក់ចេញមិនដល់១០ដុល្លារផង។ ដោយឡែក ក្រុមម្ចាស់ចម្ការលម៉ើមួយវិញអះអាងថា ទីផ្សារ និងតម្លៃលម៉ើឆ្នាំនេះ មិនមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំមុន។

លោក រដ្ឋា ជាឈ្មួញទិញលម៉ើពីចម្ការ យកមកលក់បានរអ៊ូរទាំថា ទីផ្សារលម៉ើដាំក្នុងស្រុកឆ្នាំនេះហាក់ពិបាកលក់ជាងឆ្នាំមុន និងមានការប្រកួតប្រជែងខ្លាំងជាមួយលម៉ើនាំចូលពីប្រទេសថៃ។ ពិបាកលក់ក៏ដោយសារលម៉ើនាំចូលពីប្រទេសក្បែរខាងកម្ពុជាពីសំណាក់ក្រុមឈ្មួញមានតម្លៃទាបជាងលម៉ើដាំដោយកសិករខ្មែរខ្លាំងពេក។ បើតាមលោក រដ្ឋា លម៉ើដាំដោយកសិករក្នុងស្រុកលក់ចេញចន្លោះពី ១២ដុល្លារទៅ១៥ដុល្លារក្នុង១គីឡូក្រាម ខណៈលម៉ើនាំចូលពីប្រទេសថៃលក់ចេញក្រោម១០ដុល្លារប៉ុណ្ណោះក្នុង១គីឡូក្រាម។

ហាក់ផ្ទុយពីការលើកឡើងរបស់លោក រដ្ឋា ដែលជាអ្នកលើកលម៉ើយកទៅលក់ លោក សាន សុខន អ្នកគ្រប់គ្រងចម្ការលម៉ើយ៉ាដានៅស្រុកសំពៅលូន ខេត្តបាត់ដំបងបានអះអាងប្រាប់ខេមបូណូមីសថា ទីផ្សារលម៉ើរបស់លោកឆ្នាំនេះមិនមានការប្រែប្រួលនោះទេ ពោលគឺការលក់នៅតែទទួលបានការគាំទ្រពីអតិថិជនល្អដដែល។ ពាក់ព័ន្ធទិន្នផលនៅឆ្នាំនេះវិញ លោក សុខន បានគូសបញ្ជាក់ថា ចម្ការលម៉ើរបស់លោកឆ្នាំនេះអាចនិយាយបានថាហាក់ល្អប្រសើរជាងឆ្នាំមុនទៅទៀត។ ហើយសម្រាប់តម្លៃវិញ ១គីឡូក្រាមលក់ចេញ១៥ដុល្លារ សម្រាប់ភ្ញៀវបញ្ជាទិញ និង១២ដុល្លារកន្លះសម្រាប់ភ្ញៀវទៅទិញដល់ចម្ការផ្ទាល់។ លម៉ើរបស់លោក សាន សុខន ភាគច្រើនលក់បោះដុំឲ្យផ្សារលក់ទំនិញម៉ាក្រូ និងទំនើបផ្សេងៗទៀត ហើយក៏មានលក់រាយផងដែរ។

ដោយឡែក ម្ចាស់ចម្ការលម៉ើតាខ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ខេមបូណូមីសដែរថា ចម្ការលម៉ើរបស់លោកដែលធ្លាប់ផ្តល់ទិន្នផលចន្លោះពី៤០តោនទៅ៥០តោនកាលពីឆ្នាំមុន ប៉ុន្ដែ នៅឆ្នាំនេះ ទិន្នផលហាក់ថយចុះ ដែលជំរុញឲ្យលោកត្រូវទិញលម៉ើពីចម្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅឆ្នាំនេះ។ ការធ្លាក់ចុះទិន្នផលយ៉ាងគំហុកនេះ ត្រូវបានលោកគូសបញ្ជាក់ថា គឺបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលមានភ្លៀវធ្លាក់ច្រើននៅដើមឆ្នាំ។ ពាក់ព័ន្ធស្ថានភាពទីផ្សារ និងតម្លៃលម៉ើនៅឆ្នាំនេះលោកកត់សម្គាល់ឃើញថា ហាក់មិនមានការប្រែប្រួលនោះទេ។ ម្ចាស់ចម្ការលម៉ើតាខ្នារូបនេះកត់ចំណាំផងដែរថា ទោះបីមានការនាំចូលលម៉ើពីប្រទេសថៃ និងលក់ចេញក្នុងតម្លៃថោកជាងលម៉ើក្នុងស្រុកក៏ដោយ តែប្រជាពលរដ្ឋមានការគាំទ្រច្រើនចំពោះលម៉ើដែលដាំដោយកសិករខ្មែរ។

គួរបញ្ជាក់ថា លម៉ើជាដំណាំមួយប្រភេទ កំពុងចាប់ផ្ដើមមានការពេញនិយមដាំដុះនៅកម្ពុជាគួរសមនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នដំណាំហូបផ្លែមួយនេះ ក៏មានការដាំដុះជាចម្ការធំៗផងដែរ ដែលចំណាយដើមទុនច្រើនផងដែរ។

លោក សាន សុខន ដែលមានបទពិសោធដាំលម៉ើប្រមាណ៦ឆ្នាំធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា ល្ម៉ើ១ដើមអាចផ្តល់ទិន្នផលចន្លោះពី១៥ទៅ២៥គីឡូក្រាមទៅតាមទំហំ និងការលូតលាស់របស់ដើមនីមួយៗ។

បើតាមលោក សាន សុខន ការដាំល្ម៉ើមួយហិកតាអាចចំណាយថវិកាជាង២ម៉ឺនដុល្លារអាមេរិក ប្រសិនបើជាលម៉ើប្រភេទជាលិកា។ ទោះយ៉ាងណាលោកអះអាងថា ល្ម៉ើជាដំណាំមួយប្រភេទងាយស្រួលដាំ ងាយរស់ឲ្យតែការពារកុំឲ្យដួងស៊ីបានល្អ និងអាចផ្តល់ផលក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីដាំរួច។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ប្រសិនបើចង់ឲ្យការដាំទទួលបានទិន្នផលខ្ពស់ និងផ្លែល្អត្រូវទាមទារបច្ចេកថែទាំ និងមើលថែឲ្យបានដិតដល់៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ីទទួលបរាជ័យ

ព័ត៌មាន
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅក្នុងសុន្ទរកថា នៅប្រទេសរ៉ូម៉ានី នាចុងសប្ដាហ៍នេះថា សហភាពអឺរ៉ុបត្រូវមានយុទ្ធសាស្ត្រថ្មីមួ…

ហេតុអ្វីការចំណាយវិនិយោគគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនបានធ្លាក់ចុះនៅឆមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ការចំណាយហិរញ្ញវត្ថុ និងការវិនិយោគរបស់មហាយក្សចិនតាមរយៈគម្រោងខ្សែក្រវាត់និងផ្លូវ (Belt and Road)ដ៏ពោរពេញទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ