គ្រឹះស្ថានធនាគារ

ហេតុអ្វីពលរដ្ឋគួរផ្លាស់ប្តូរទម្លាប់ពីការសន្សំប្រាក់បែបប្រពៃណី មកសន្សំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?


ជាមួយគ្នានេះ ក្រុមអ្នកជំនាញក្នុងវិស័យធនាគារលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលស្របច្បាប់ ដ្បិតថា វាមិនត្រឹមតែជួយការពារហានិភ័យដែលអាចកើតមានជាយថាហេតុ និងលើកកម្ពស់ជីវភាពរបស់អ្នកសន្សំប៉ុណ្ណោះទេ តែវាជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយការពារ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ផងដែរ។
គ្រឹះស្ថានធនាគារ
ដោយ

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់ មិនត្រឹមតែអាចជួយការពារហិរញ្ញវត្ថុពីហានិភ័យផ្សេងៗនោះទេ ថែមទាំងទទួលបានអត្រាការប្រាក់ទៀតផង។ ម្យ៉ាងទៀត ការសន្សំប្រាក់នៅគ្រឹះស្ថានធនាគារនេះទៀតសោត បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាជួយជំរុញចរន្តសេដ្ឋកិច្ចផងដែរ។

លោកជំទាវ ឌិត នីតា បានវាយតម្លៃថា ការដាក់ប្រាក់បញ្ញើរបស់អតិថិជនជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅមួយចុងក្រោយនេះ បន្ទាប់ពីអត្រាការប្រាក់សម្រាប់បញ្ញើមានការកើនឡើង ដែលនេះសបញ្ជាក់ឱ្យឃើញពីការជឿជាក់របស់អតិថិជនមកលើប្រព័ន្ធធនាគារ។

​ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា ការសន្សំប្រាក់បានផ្តល់ឱ្យពលរដ្ឋនូវសំណាញ់សុវត្ថិភាព និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ដោយសារប្រាក់សន្សំដែលពលរដ្ឋមាន គឺជាប្រភពទុនបម្រុងដ៏សំខាន់ និងចាំបាច់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុ ឬហេតុការណ៍ ដែលមិនបានព្រៀងទុកនាពេលអនាគត ដូចជាពេលមានជំងឺ ការជួបគ្រោះថ្នាក់ចៃដន្យ និងការបាត់បង់ចំណូលបណ្តោះអាសន្ន ក៍ដូចជាដោះស្រាយបញ្ហាបន្ទាន់ដែលកើតឡើងជាយថាហេតុ។ សម្រាប់អ្នកជំនាញរូបនេះ ការសន្សំប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ជាផ្នែកមួយជួយជំរុញការអភិវឌ្ឍ​វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

​លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា បើទោះបីជាវិស័យធនាគារ​មានរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ ​ហើយការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានសក្ដានុពលធំធេងក្នុងការផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គល ប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មឌីជីថល និងយុទ្ធនាការនានាយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនហាក់នៅតែបន្តសន្សំប្រាក់តាមបែបប្រពៃណីនៅឡើយ។ ការបន្តសន្សំប្រាក់បែបប្រពៃណីនេះ គឺដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋមួយចំនួននៅមានកម្រិត ធ្វើតាមទម្លាប់ ប្រាក់ចំណូលនៅមានកម្រិតទាប គួបផ្សំពលរដ្ឋខ្លះរស់នៅតំបន់ដាច់ស្រយាល និងពលរដ្ឋភាគច្រើនរកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យ៉ាងណាក៏ដោយ លោកស្រី ម៉ារ អមរ៉ា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ គួរចាប់ផ្ដើមអនុវត្តការសន្សំប្រាក់ ទោះបីជាចាប់ផ្ដើមពីបរិមាណទឹកប្រាក់តិចតួចក្តី ដើម្បីបង្កើតវប្បធម៌សន្សំប្រាក់ ជាពិសេសការសន្សំប្រាក់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ សម្រាប់ចូលរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥, យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០១៦-២០២៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា៕




អត្ថបទបន្ទាប់


តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?

បច្ចុប្បន្នការប្រើប្រាស់រថយន្តថ្មី ត្រូវបានគេសង្កេតឃើញកំពុងមានការពេញនិយមខ្លាំង ខណៈការប្រើប្រាស់រថយន្តជជុះនាំចូល ក៏នៅតែមានការពេញនិយមដូចគ្នា…

សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាបងធំរបស់សហភាពអឺរ៉ុប អាចកាន់តែត្រដាបត្រដួសក្រោយលោក ត្រាំ

ការដួលរលំរដ្ឋាភិបាលចម្រុះរបស់ប្រទេសអាល្លឺម៉ង់ បូករួមការវិលត្រលប់មកកាន់សេតវិមានសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កំពុងបន្ថែមហាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ