UNអនុម័តសេចក្តីសម្រេចដ៏កម្រដាក់សម្ពាធលើរុស្ស៊ី

UN បោះឆ្នោតសម្រេចទាមទារឲ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែនជាបន្ទាន់ ខណៈតុលាការឧក្រិដ្ឋកម្មអន្តរជាតិបើការស៊ើបអង្កេត


មហាសន្និបាតពិសេសបន្ទាន់មួយ របស់អង្គការសហប្រជាជាតិនៅថ្ងៃពុធទី០៣មិនា បានអនុម័តសេចក្តីសម្រេចដ៏កម្រមួយ ទាមទារឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់។ អង្គការសហប្រជាជាតិបានថ្កោលទោសខ្លាំងៗផងដែរទៅលើរុស្ស៊ី ជុំវិញការឈ្លានពាន និងសម្លាប់អាយុជីវិតពលរដ្ឋស៊ីវិលនៅអ៊ុយក្រែន។
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៣ខែមីនាឆ្នាំ ២០២២

ការអនុម័តដ៏កម្រនេះ នឹងឈានទៅធ្វើឲ្យរុស្ស៊ីនៅឯកោតែឯង និងឃ្លាតកាន់តែឆ្ងាយពីស្ថាប័នអន្តរជាតិខាងលើនេះផងដែរ។

ក្នុងចំណោមសមាជិកទាំងអស់ ១៩៣ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ ការអនុម័តខាងលើនេះ បានទទួលការគាំទ្រចំនួន ១៤១សំឡេង ក្នុងនោះកម្ពុជាយើងក៏បានបោះឆ្នោតគាំទ្រផងដែរ។ ដោយឡែក មាន៥ប្រទេសប៉ុណ្ណោះ រួមមានបេឡារុស ស៊ីរី កូរ៉េខាងជើង អេរីត្រេ និងរុស្ស៊ីខ្លួនឯងបានបោះឆ្នោតជំទាស់ និងប្រទេសដែលនៅសេសសល់ចំនួន ៣៥ទៀតបានបោះឆ្នោតអនុប្បវាទ។ ក្នុងនោះប្រទេសក្នុងតំបន់អាស៊ានមួយ គឺវៀតណាម និងយក្សសេដ្ឋកិច្ចនៅអាស៊ីចំនួនពីរទៀតគឺចិន និងឥណ្ឌា ក៏បានបោះឆ្នោតអនុប្បវាទដែរ។

យ៉ាងណាមិញ កម្ពុជាក្នុងនាមជាប្រទេសដែលបានបោះឆ្នោតគាំទ្រឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនដែរនោះ បានចេញសេចក្តីថ្លែងការណ៍មួយដោយក្រសួងការបរទេសនៅថ្ងៃទី ០៣ ខែមីនានេះ។  ក្នុងសេចក្ដីថ្លែងការណ៍នោះ កម្ពុជាបានបង្ហាញពី ការព្រួយបារម្ភចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍នៅអ៊ុយក្រែន និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង បណ្តាលមកពីអរិភាពយោធា (ភាពជាសត្រូវនឹងគ្នា ឬអមិត្ត)។ កម្ពុជាលើកទឹកចិត្តដល់កិច្ចសន្ទនាការទូតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

គួរកត់សម្គាលថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ី បានវាយដណ្តើមកាន់កាប់បានក្រុងដំបូងរបស់អ៊ុយក្រែន គឺទីក្រុងខឺសុន ដែលជាក្រុងកំពង់ផែដ៏សំខាន់របស់អ៊ុយក្រែន។

គួរជម្រាបផងដែរថា នេះគឺជាកិច្ចប្រជុំបន្ទាន់ និងការអនុម័តសេចក្តីសម្រេចលឿនរហ័ស ដ៏កម្រមួយក្នុងប្រវត្តិសាស្ត្ររបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បើតាមគេហទំព័ររបស់ UN គេធ្លាប់បានបើកកិច្ចប្រជុំពិសេសបន្ទាន់បែបនេះម្តងដែរ តាំងតែពីឆ្នាំ១៩៨២មកម្ល៉េះ។

តើការអនុម័តនៃមហាសនិបាតអង្គការសហប្រជាជាតិនេះ នឹងមានឥទ្ធិលខ្លាំងកម្រិតណាទៅលើរុស្ស៊ី?

ទោះការទាមទាររបស់ UN មិនមានទំងន់សេដ្ឋកិច្ចដូចការដាក់ទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិចក្តី ប៉ុន្តែវាមានទំងន់ផ្នែកនយោបាយនិងសម្ពាធនានា ដែលឈានទៅធ្វើឲ្យរុស្ស៊ីនៅឯកោ និងឃ្លាតចេញពីអង្គការអន្តរជាតិមួយនេះកាន់តែឆ្ងាយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ប្រទេសរុស្ស៊ីមានបំណង និងផែនការច្បាស់លាស់ ក្នុងការក្នុងវាយលុកដ៏បង្ហូរឈាមរបស់ខ្លួននៅអ៊ុយក្រែន។ លោកស្រីបានជំរុញឲ្យសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ ចូលរួមទាមទារឲ្យរុស្ស៊ី ទទួលខុសត្រូវចំពោះមុខការបំពានច្បាប់អន្តរជាតិ។

បន្ថែមពីលើសម្ពាធរបស់ UN តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICCឯណោះវិញ ក៏បានប្រកាស បើកការស៊ើបអង្កេតសកម្មចំពោះឧក្រិដ្ឋកម្មសង្គ្រាម ដែលបានកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដែលបង្កឡើងដោយទាហានរុស្ស៊ីផងដែរ ក្រោមការគាំទ្រពីប្រទេសសមាជិកចំនួន៣៩ប្រទេស។

ប្រទេសទាំងនោះរួមមានរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ ប្រទេសអូស្ត្រាលី អង់គ្លេស កាណាដា នូវែលសេឡង់ ស្វីស និងប្រទេសនៅតំបន់អាមេរិកឡាទីនមួយចំនួនទៀត។ តុលាការ ICC អះអាងថា ខ្លួនកំពុងចាប់ផ្តើមប្រមូលភស្តុតាងបណ្តើរៗហើយ តាមដែលអាចធ្វើទៅតាម ប៉ុន្តែទីតាំងខ្លះដែលជាសមរភូមិ ក្តៅគគុក បានធ្វើឲ្យគេពិបាកចូលទៅប្រមូលភស្តុតាងផងដែរ។

គួរបញ្ជាក់ថា ទោះបីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្តើមប្រមូលយកភស្តុតាងក្តី ប៉ុន្តែស្ថាប័នមួយនេះមិនទាន់អាច បើកសោវនាការកាត់ក្តីលើឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឡើយ មូលហេតុគឺនៅត្រង់ថា ICC អាចកាត់ទោសតែឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តលើទឹកដីនៃរដ្ឋជាសមាជិកទាំង១២៣ ប្រទេសរបស់ខ្លួនប៉ុណ្ណោះ ខណៈដែលអ៊ុយក្រែន មិនមែនជាសមាជិករបស់ ICC ទេ។

ដោយឡែក រដ្ឋអំណាចទីក្រុងមូស្គូបានដកខ្លួនចេញពី ICC យូរណាស់មកហើយ ដូច្នេះតុលាការនឹងអាចឈានដល់ការដាក់ទោសជនជាតិរុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាមបាន លុះត្រាតែពួកគេត្រូវបានចាប់ខ្លួននៅលើទឹកដី នៃរដ្ឋដែលគោរពយុត្តាធិការរបស់តុលាការតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានអាស៊ានចង់ឲ្យសមាជិកអាស៊ានសហការគ្នាបើកប្រទេសឡើងវិញដើម្បីជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់

ព័ត៌មាន
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីដែលសម្តេចចង់បានបំផុត គឺអាស៊ានសហក…

ធនាគារពិភពលោកចាប់ផ្ដើមបញ្ឈប់គម្រោងរបស់ខ្លួនទាំងអស់នៅប្រទេសរុស្ស៊ី និងបេឡារុស

ព័ត៌មាន
ចាប់តាំងពីរុស្ស៊ីបានចូលវាយឈ្លានពានអ៊ុយក្រែនមក រុស្ស៊ីទទួលរងនូវទណ្ឌកម្មផ្ទួនៗពីប្រទេសជាច្រើនជាពិសេសទណ្ឌកម្មសេដ្ឋកិច្ច។ យ៉ាងណាមិញ កាលពីថ្ងៃព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ