ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគលើកន្លែងកែច្នៃកសិផលរបស់ខ្លួន ដូចជា ការបង្កើតសួនកសិ-ឧស្សាហកម្មជាដើម។ អ្នកជំនាញបានគូសបញ្ជាក់ថា ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនៅកម្ពុជា មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះ នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុក ផងដែរ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កសិផលកម្ពុជាមិនទាន់កែច្នៃប្រមាណជាង ៩០% ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន សម្រាប់ប្រទេសទាំងនោះយកទៅកែច្នៃជាផលិតផលមានតម្លៃជាងកសិផលដើម ដូចជា ច្នៃធ្វើទៅជា តំណាប់ ទឹកផ្លែឈើ នំស្រួយ អាហារទារក ម្សៅ និងជីវឥន្ធនៈ ជាដើម។ កម្ពុជា ជាប្រទេសដែលមានសក្ដានុពលលើវិស័យកសិកម្ម ប៉ុន្តែ ហេតុអ្វីបានជាកម្ពុជា មិនបង្កើនកន្លែងកែច្នៃកសិផលដោយផ្ទាល់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗ របស់ខ្លួន ដែលមានសក្ដានុពល ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ និងចេក ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ?
ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្មធ្លាប់បានអះអាងថា ដ្បិតការនាំចេញផលិតផលកសិកម្មកម្ពុជា កាន់តែមានចំនួនច្រើន តែភាគច្រើននៃផលិតផលទាំងនោះ ត្រូវនាំចេញទៅកាន់ប្រទេសទី៣ ព្រោះតែ បច្ចុប្បន្ន កម្ពុជា នៅមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសជិតខាងនៅឡើយ ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម។ មិនអាចប្រកួតប្រជែងបាន ព្រោះតែកម្ពុជា នៅខ្វះខាតសមត្ថភាពកែច្នៃ និងនាំចេញដោយខ្លួនឯង។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន កម្ពុជា មានរោងចក្រកែច្នៃផលិតផលកសិកម្មតិចតួចនៅឡើយ ដែលទាមទារឱ្យវិនិយោគគិនបង្កើនការវិនិយោគលើរោងចក្រកែច្នៃបន្ថែមទៀត ព្រោះតែសព្វថ្ងៃ រោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការនោះទេ។
ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញផ្នែកកសិកម្មដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានអះអាងថា ផលិតផលកសិកម្មកែច្នៃ គឺជាបញ្ហាដែលចោទខ្លាំងនៅក្នុងវិស័យកសិកម្ម ដែលទាមទារឱ្យកម្ពុជា ជំរុញទាំងផលិតភាពនិងការកែច្នៃ ដើម្បីនាំចេញ។ លោកឧកញ៉ាបន្តថា ក្នុងនាមជាប្រទេសកសិកម្ម មិនអាចចាំតែផលិតនោះទេ ពោលគឺត្រូវមានការកែច្នៃ វេចខ្ចប់ ដើម្បីនាំចេញដោយផ្ទាល់ផងដែរ។
ដោយឡែក សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិតកម្ពុជាមានអំណោយផលលើដំណាំដាំដុះក៏ដោយ ប៉ុន្ដែ ការរៀបចំខ្សែចង្វាក់ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងបណ្ដាប្រទេសដទៃមួយចំនួនដែលមិនសូវអំណោយផលលើវិស័យកសិកម្ម ពិសេសទាក់ទងនឹងការវិនិយោគរោងចក្រកែច្នៃកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ។ បើតាមបណ្ឌិត ហុង វណ្ណៈ ការបង្កើតឲ្យមាននូវសួនកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាប័ន ជាពិសេសជួយបង្កើតឱកាសការងារសម្រាប់ស្ត្រី ផងដែរ។
បើតាមការបញ្ជាក់របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ប្រទេសអូស្ត្រាលី និងកម្ពុជា កំពុងតែធ្វើការរួមគ្នា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ នៅកម្ពុជា ដែលកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការនិងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី។ យោងតាមការសិក្សាលទ្ធភាពឆ្នាំ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិ-ឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លារ ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០ម៉ឺនកន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។
សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងបរិមាណសរុបជាង ២,៥លានតោន ដែលមានតម្លៃប៉ានស្មានជាង ១,៣ពាន់លានដុល្លារ។